ខេត្តសៀមរាប៖ លោក ង៉ាន់ ភិរុណ អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានថ្លែងប្រាប់ដល់ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក មន្ទីរ អង្គ-ភាពជំនាញចុះពិនិត្យប្រព័ន្ធប្រឡាយ ស្ទឹង អូរ និងប្រព័ន្ធលូ ដើម្បីពិនិត្យលទ្ធភាពស្តារ និងបង្វែរប្រព័ន្ធ ទឹកដើម្បីបញ្ចៀសការលិចលង់នៅក្នុងក្រុងសៀមរាប និងតំបន់ងាយនឹងប្រឈមគ្រោះនឹកជំនន់។
លោកលោក ង៉ាន់ ភិរុណ ក៏បានសំណូមពរដល់ លោកទីប្រឹក្សា គ.ជ.គ.ម ធ្វើយ៉ាងណាជួយផ្តល់នូវ កំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងមធ្យោបាយផ្សេងៗសម្រាប់បម្រើការងារកម្មវិធីគ្រោះមហន្តរាយនៅតាមមូលដ្ឋាន អោយទាន់ពេលវេលា និងស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង-ស្រុក ដែលជាជនបង្គោល ឲ្យមានការយល់ដឹងបន្ថែមទៀតប្រកបដោយប្រសិទ្ធិភាពជានិរន្ត។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសដឹកនាំប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនាម្សិលមិញក្នុងសាលប្រជុំ របស់រដ្ឋបាលខេត្តសៀមរាប។
សុំជម្រាបផងដែរថាបន្ទាប់ពីប្រជុំពិភាក្សាណែនាំរួចរាល់មក ក្រុមការងារក៏បានចុះទៅត្រួតពិនិត្យ មើលស្ថានភាពកន្លែងទីទួលមានសុវត្ថិភាព ដែលក្រុង ស្រុកបានត្រៀមសម្រាប់ដាក់ប្រជាពលរដ្ឋ ស្នាក់នៅបណ្តោះអាសន្នពីគ្រោះមហន្តរាយជាយថាហេតុណាមួយសរុបចំនួន ២១៨ កន្លែងផងដែរ៕SRP

