ខេត្តកំពង់ចាម៖ស្ពានគៀនជ្រៃថ្មី ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ត្រូវបានស្ថាបនាឡើងក្នុងរយៈពេលជាង៤ខែ ពោលគឺការសាងសង់នេះត្រូវបានបញ្ចប់មុនផែនការកំណត់៦ខែ ព្រមទាំងគ្រោងអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងពេលឆាប់ៗខាងមុខនេះ។ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយក្នុងការទទួលស្វាគមន៍ដំណើរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដែលបានចុះមកពិនិត្យការដ្ឋានខាងលើ នៅព្រឹកមិញនេះ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
គួររំលឹកផងដែរថា ដោយសារទឹកជំនន់ឆ្នាំ២០១៩កន្លងទៅនេះ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង នៅតាមបណ្ដោយដងទន្លេមេគង្គ បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវកាត់ផ្តាច់ ជាជាមួយគ្នានោះស្ពានថ្មី ១កន្លែង នៅលើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទំហំ ទទឹង៤ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នារដូវទឹកសម្រក បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរជើងស្ពាន ដេីម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ដោយសារការធ្វេីចរាចរណ៍លើស្ពានដែលត្រូវបាត់បង់គុណភាពនេះ លោក អ៊ុន ចាន់ដា បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរណ៍ ទៅតាមផ្លូវវាងក្រោមស្ពាន ជាបណ្ដោះអាសន្នសិន ដោយត្រូវរង់ចាំក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំគម្រោងស្ថាបនាស្ពានបេតុងថ្មី ជំនជំនួសស្ពានចាស់៕SRP