Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២១

ខេត្តសៀមរាប៖ក្តាន់ញ៉ែងឬផ្ចងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។

នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។

យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្តាន់ញ៉ែងស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។

លោកបានថ្លែងថា ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។

យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ហើយក្តាន់ញ៉ែងតូចធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។  ក្តាន់ញ៉ែងជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។

ចំពោះជីវៈសាស្ត្រ សត្វក្តាន់ញ៉ែងជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅជាគូ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាលអាចភ្លោះតែមានដោយកម្រ។

ទាក់ទងនឹងការអភិរក្សសត្វព្រៃ រដ្ឋលេខធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្តាន់ញ៉ែងស្ថិតក្នុងក្រុមប្រភេទសត្វដែលមានដោយបង្គួរក្នុងតំបន់ការពារធម្មជាតិ តែចាំបាច់ត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារនិងអភិរក្សដូចប្រភេទសត្វផ្សេងៗទៀតដែរ។​ សត្វព្រៃជាសម្បត្តិធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី។

ក្រសួងបរិស្ថានបានរៀបចំនូវផែនការយុទ្ធសាស្ត្រផ្សេងៗដើម្បីការ ពារនិងអភិរក្សសត្វព្រៃនៅកម្ពុជាដោយផ្តោតសំខាន់លើការការពារព្រៃឈើដែលជាទីជម្រក កន្លែងចំណីអាហារ និងប្រភពទឹក ព្រោះកត្តាទាំងនេះសំខាន់ណាស់សម្រាប់ការរស់នៅរបស់សត្វព្រៃ។

លោកបានថ្លែងថាដោយសារតែការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ សត្វព្រៃជាពិសេសប្រភេទកម្រខ្លះមានចំនួនកើនឡើង ប្រភេទមួយចំនួនមានចំនួនស្ថេរភាព និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងខិតខំបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាព បានឲ្យដឹងថាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមជម្រាបថានៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវជាក់ស្តែង លោកស៊ុន ចាន់ថុល បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ ក្នុងការចាក់ផ្លូវ បេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។

រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាម ស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺ៖ ក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ យើងត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុង សៀមរាប ជាដើម និងបានសម្តែងនូវសុទិដ្ឋិនិយមថា៖ គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងបញ្ចប់ តាមផែនការគ្រោងទុក។

រដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារ ត្រួតពិនិត្យបច្ចេកទេសសាងសង់ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវរៀបចំសណ្តាប់ធ្នាប់កុំឱ្យកកស្ទះចរាចរណ៍ និងស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ខេត្តសៀមរាប៖នគរបាលសុខសង្កាត់ស្លក្រាម នៃស្នងការប៉ូលិសខេត្តសៀមរាប ចុះទៅដល់ទីតាំងផ្ទះឈ្មោះភា ដោយពិនិត្យឃើញថា ពុំមានការលេងល្បែងស៊ីសង (បាញ់អាប៉ោង) ដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

ការអះអាងនេះក្រោយ ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE បានចុះផ្សាយថា៖ ទីតាំងលេងល្បែងស៊ីសង(បាញ់អាប៉ោង) មួយកន្លែងដុះស្លែ ដោយមិនរំខានដល់សមត្ថកិច្ច នៅក្នុងផ្ទះឈ្មោះ ភា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងល្បែងស៊ីសង (បាញ់អាប៉ោង) ជាច្រើនឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាប។

នគរបាលក្រុងសៀមរាប សូមធ្វើការអះអាង និងបញ្ជាក់ជូន សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អោយបានជ្រាបថាៈ ចំពោះការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE គឺមិនមានមូលដ្ឋានពិតប្រាកក្នុងការចុះផ្សាយនោះទេ ដោយការចុះផ្សាយនេះធ្វើឲ្យប៉ះពាល់ ដល់ភាពអសន្តិសុខសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១នេះបានចុះចែកអំណោយ ដល់ពលរដ្ឋ កំពុងធ្វេីចត្តាឡីស័កពីរគ្រួសារ និង
អាវុធហត្ថស្រុកវ៉ារិន​ រួមនឹងសាលាបឋមសិក្សាខ្នារផ្ទោលផងដែរ។

គោលដៅទី០១លោក​ អ៊ុំ​ ភឿង​ អនុប្រធានផ្នែកបុគ្គលិក​ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប​ បាននាំយកអំណោយជូន​ពលរដ្ឋ ចំនួន២គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័កតាមផ្ទះស្ថិតនៅភូមិ​មណ្ឌល៣ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។
ដោយក្នុង១គ្រួសារទទួលបាន​៖ -​ អង្ករ​ 10គីឡូក្រាម – ទឹកសុទ្ធ​ 5យួរ -​ មី​ 1កេស-​ ទឹកត្រី​ 1យួរ -​ ទឹកស៊ីអុីវ​ 1យួរ -​ អំបិល​ 1គីឡូក្រាម -​ ស្ករស​ 1គីឡូក្រាម -​ ខ្ទឹមស​ 1គីឡូក្រាម -​ នំធុង​ 1ធុង -​ ការ៉ុត​ 1 គីឡូក្រាម-​ ស្ពៃក្តោប​ 1គីឡូក្រាម -​ ផ្សិតម្ជុល​ 2ថង់-​ ម្រះ​ 1គីឡូក្រាម -​ ត្រីខ​ 1យួរ -​ ម្ទេសប្លោក​ 1គីឡូក្រាម -​ ស្ពៃបូកគោ​ 1គីឡូក្រាម-​ ប៉េងប៉ោះ​ 1 គីឡូក្រាម -​ ក្រូចឆ្មា​ 1គីឡូក្រាម-ផ្សិតភ្លៅមាន់​ 1គីឡូក្រាម -​ ថវិកា 4ម៉ឺនរៀល។

គោលដៅទីទី០២ លោក ផយ​ ម៉ក់​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)​ ស្រុកវ៉ារិន បានដឹកនាំសមាជិក សមាជិកា​ នាំយកអំណោយមួយចំនួន​សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូលោកវរសេនីយ៍ត្រី​ អ៊ួច​ សុីម​ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកវ៉ារិន​ និងលោកស្រី​ ពេជ្រ​ ណារ័ត្ន​ នាយកសាលាបឋមសិក្សាខ្នារផ្ទោល ដោយមានការចូលរួមពីលោក ប៊ុត​ វិបុល​ ប្រធាន ស.ស.យ.ក​ ស្រុក​វ៉ារិន ព្រមទាំងសមាជិក​ នឹងជាតំណាងឲ្យលោកអភិបាលស្រុកវ៉ារិន​ ផងដែរ​។

អំណោយដែលត្រូវប្រគល់ជូនអាវុធហត្ថស្រុករួមមាន៖ – អាកុល ៣០​ លីត្រ – ម៉ាស ១ពាន់ម៉ាស – ទឹកបរិសុទ្ធ​ ៥០ យួរ – ទឹកបរិសុទ្ធទ្បឺគូលេន ៥ កេស – មី​ ៥ កេស។

អំណោយដែលត្រូវប្រគល់ជូនសាលារួមមាន៖- អាកុល ២០​ លីត្រ – ម៉ាសចំនួន​ ៥ពាន់ម៉ាស- ទឹកបរិសុទ្ធ​ ៣០ យួរ – ទឹកបរិសុទ្ធ ទ្បឺគូលេន ៥ កេស – ក្រដាស​រ៉ាម​ ៥​ កេស​ ស្មេីរនឹង២៥​ ដុំ។

នៅព្រឹកមិញនេះដែរលោក ចៅ ពិសែន លេខាធិការរង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)​ សាខាខេត្តសៀមរាប​ និង លោក អាំង សុផល សមាជិកខេត្ត បាននាំយកថវិកាចំនួន ៨៩មុឺនរៀល ដែលបានពីការចូលរួមសទ្ធា ពីសមាជិកសមាជិកា របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្នុងកម្មវិធីបុណ្យសព ឧបាសិកា គង់ ឆូរ ដែលត្រូវជាម្តាយបង្កេីតរបស់លោក អុឹង សុភ័ក្រ ដែលជាសមាជិករបស់ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបផងដែរ។

ការចុះចែកអំណោយនិងសម្ភារដល់ពលរដ្ឋនិងសមត្ថកិច្ចមន្ត្រីខាងលើ តាមការណែនាំរបស់លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប។

ក្នុងឱកាសចុះចែកអំណោយសម្ភារនេះផងដែរ ប្រធានអនុប្រធាន បានមានមតិសំណេះសំណាល ជាមួយពលរដ្ឋ នឹងមន្ត្រីអាវុធហត្ថស្រុក លោកគ្រូ​ អ្នកគ្រូ​ សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់របស់ខ្លួន។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៦ ខែមិថុនា ​ឆ្នាំ ២០២១ នៅភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ​ ហែន លឿម​ អាយុ៤២ឆ្នាំ​ រស់នៅនៅភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះស្លាប់ មូលហេតុដោយជំងឺរបេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ខេត្តសៀមរាប៖លោកគិម ប៊ុនថាន់ អនុប្រធាន​ សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧)​ស្រុកក្រឡាញ់​ បាន​ដឹក​នាំ​សមាជិក​ សមាជិកា​ នាំ​យក​អំណោយ​ជា​ គ្រឿង​ឧបភោគ​ បរិភោគ​ និង​ សម្ភារមួយ​ចំនួន​ ឧបត្ថម្ភ​ដល់​សាលាឃុំជន្លាសដៃនិងពលរដ្ឋចំនួនពីរគ្រួសារ ដែលមានជីវភាពខ្វះខាត​។

ការចុះឧបត្ថម្ភអំណោយ នៅថ្ងៃ​សៅរ៍ ទី២៦ ខែ​មិថុនា​ ឆ្នាំ២០២១​ នេះ តាមការណែនាំពីសំណាក់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម​១៥៧) សាខាខេត្ត​សៀមរាប​ ក្រោមការទទួលពីលោកប៊ូន ឈឿត មេឃុំជន្លាស់ដៃ និងមានការចូលរួមពីលោក​ សុខ​ ណារ៉េត​ អភិបាលរងស្រុក​ក្រឡាញ់​ និង​ លោក យ៉ែម មុន្នីរ័ត្ន ស.ស.យ.​ក​ ស្រុក​ក្រឡាញ់​ផងដែរ។

លោកគិម ប៊ុនថាន់ តំណាង​លោក​ ឆាត​ ឆី​ហ៊ុយ​ ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧)​ស្រុកក្រឡាញ់ បានឲ្យដឹងថា សម្ភារដែលបានប្រគល់ជូន​សាលា​ឃុំជន្លាស់ដៃមាន​ដូច​ជា​៖-​ ទឹក​សុទ្ធ​ ២០យួរ​ -​ ទឹក​ក្រូច​ ១កេស​ -​ មី​ ១កេស​ -​ សាប៊ូ​លាង​ដៃ​ ២០លីត្រ​-​ ម៉ាស ចំនួន ៤០០ម៉ាស និង-​ អាកុល​ ៣ដប។

ចំណែកអំណោយ​ជូន​គ្រួសារ​ដែលមានជីវភាពខ្វះខាត​ ចំនួន​២គ្រួសារ​នៅភូមិតាមាឃ និងភូមិ កំបោរ ក្នុងឃុំជន្លាស់ដៃ ដោយក្នុង​មួយគ្រួសារ​ទទួលបាន៖ -​ ថវិកា​ ៥មុឺន​រៀល -​ អង្ករ​ ២៥គីឡូ​ -​ ទឹក​សុទ្ធ​ ១០យួរ​ -​ មី​ ១កេស​-​ ត្រី​ខ​ ១យួរ​ -​ ទឹក​ស៊ីអុីវ ១យួរ​ -​ ទឹក​ត្រី​ ១យួរ​ -​ ប្រេង​ឆា​ ១លីត្រ​ -​ ស្ករ​ស​ ១គីឡូ​ -​ ប៊ីចេង​ ១គីឡូ​ -​ អំបិល​ ១គីឡូ​ -​ សាប៊ូ​លាង​ចាន​ ១ធុង​ (៥លីត្រ​) -​ ពង​ទា​ ៣០គ្រាប់​ និង-​ អាកុល​ ១ដប​។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គិម ប៊ុនថាន់ បានមានមតិសំណេះសំណាល ផ្តាំផ្ញេី សូមឲ្យយកចិត្តទុកដាក់ អោយបានខ្ពស់នូវអនាម័យ​។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះឆន​ ឆាយ អាយុ៣៩ឆ្នាំរស់នៅភូមិឃុំខាងលើ។

សមត្ថកិច្ចបានបន្តថាករណីនេះមុនពេលកើតហេតុ ជនរងគ្រោះ បានក្នុងឡើងតាមជណ្តើរដើម្បីដាក់ពិដានផ្ទះនិងរៀបហ្គែនខ្សែភ្លើង ដោយជើងជណ្តើរជាន់លើខ្សែភ្លើងពុំបានដឹងក៏ត្រូវឆ្លងចរន្ធភ្លើងឆក់ស្លាប់ភ្លាមៗតែម្តង។

បើតាមសមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យកោសល្យវិច្ច័យរួចឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះបានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងខណៈព្យាយាមបើកឆ្លងកាត់ខេត្តសៀមរាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៦ខែ មិថុនា ឆ្នាំ២០២១ នាវេលាម៉ោង ៦និង៣០នាទីព្រឹកត្រង់ចំណុច ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ថា ករណីបង្ក្រាបរថយន្តដឹកឈើនេះដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសនៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយនគបាលប្រធាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តសៀមរាប នឹងនគបាលស្រុកប្រាសាទបាគង។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថារថយន្ត ដឹកឈើនេះម៉ាកTOYOTA HILANDER ពណ៌សពាក់ស្លាកលេខភ្នំពេញ2Q-5517 ដឹកជញ្ជូនឈើប្រណិត(ធ្នង់)ចំនួន១៤ដុំ ស្មើនឹង១,៣៩៤ម៉ែត្រត្រីគុណ ដែលដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ ចំណែក (អ្នកបើកបរចុះពីរថយន្តរត់គេចខ្លួនបាត់)។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅថ្នាលបណ្តុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ។

ជាមួយនឹងការបង្ក្រាបនេះ នៅយប់មិញដែរ សមត្ថកិច្ចស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានបង្ក្រាបរថយន្តដឹកឈើធ្នង់មួយគ្រឿងផងដែរ ម៉ាកស្តារិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ២AD៥២០៦។

តាមប្រភពបានបង្ហើបឲ្យដឹងថាម្ចាស់រថយន្ត មានឈ្មោះត្រេន គឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាបដ៏សកម្មម្នាក់។
ប្រភពបានបន្តទៀតថារថយន្តដឹកឈើទាំង ២គ្រឿងនេះ ដឹកចេញពីក្រុងសំរោងខេត្តឧត្តរមានជ័យ តាមផ្លូវលេខ ៦៨ ឆ្លងកាត់ស្រុកក្រឡាញ់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ។

ក្នុងនោះគេក៏បានបង្ហើបឲ្យដឹងថា រថយន្តទាំងពីរគ្រឿងខាងលើនេះសុទ្ធតែអត់មានពន្ធទៀតផង។

យ៉ាងណាក៏ដោយជុំវិញការបង្ក្រាបរថយន្ដដឹកឈើនេះ មានការសាទរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងនគរបាលស្រុកប្រាសាទបាគងនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានបង្ក្រាបបទល្មើសទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ដើរតាមបងទៅចងគោ ហើយចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែខាងលិចភូមិគោកល្វា ឃុំចារឈូក ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុក​អង្គរជុំ បានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ ជ័យ រ៉ាយុក រស់នៅភូមិ ឃុំកើតហេតុខាងលើ។ មូលហេតុដើរតាមបងទៅចងគោ ចុះទឹកស្រះលេងបណ្ដាលលង់ស្លាប់ តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេស
កម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។

រដ្ឋលេខាធិការបានថ្លែងថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។

លោកបានថ្លែងថាដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជា។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ ធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។

លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថានដែលដឹកនាំការស្រាវជ្រាវឧបត្ថមគាំទ្រដោយក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

លោកបានថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្សនិងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖ ទី១)ស្នែង៖ ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២) កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូស
ធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣) ថ្ងាសរបស់សត្វ
ឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយកនេះ លោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានអ្នកជំនាវស្រាវជ្រាវឃើញថាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សសត្វព្រៃដែល កម្ពុជាមាន ជាពិសេសប្រភេទសត្វពូជកម្រៗជិតផុតពូជនៅលើពិភពលោកឱ្យបានគង់វង្ស។

តាមការបញ្ជាក់ឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ដូច្នេះយើងត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖លោក​ ញ៉ែម​ សំណាង​ និង​ លោកសឹង្ហ សំរឹទ្ធិ ព្រមទាំងក្រុមការងារ​ តំណាងលោក​ ហ៊ុន​ ប៉ូគា​ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានឧបត្ថមម៉ាសនិងអាកុល ដល់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤​ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក​ វិទ្យាល័យវត្តស្វាយ​។

ពិធីធ្វើឡើងថ្ងៃសុក្រ ទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅវិទ្យាល័យវត្តស្វាយ​ ក្រោមការទទួលពីសំណាក់លោកឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤​។

លោកសឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប​ បានឲ្យដឹងថាការឧបត្ថម្ភ ម៉ាសនិងអាកុល ដល់គ្រូពេទ្យយោធភូមិភាគទី៤​ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក​ វិទ្យាល័យវត្តស្វាយ​ នេះគឺដោយមើលឃេីញការខ្វះខាតសម្ភារ ដូចជាម៉ាស នឹងអាកុល សម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ របស់លោកគ្រូពេទ្យ ហើយម៉ាសនិងអាកុល ទាំងនេះបានមកពីសទ្ធាជ្រះថ្លារបស់សមាជិក សមាជិកា ក្រុម១៥៧ ទូទាំងខេត្តសៀមរាប​ ដេីម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​។

ឆ្លៀតក្នុងចែកម៉ាសនិងអាកុល នេះផងដែរ លោក លោកសឹង្ហ សំរឹទ្ធិ និងក្រុមការងារបានកោតសរសេីរ ចំពោះក្រុមគ្រូពេទ្យ ដែលកំពុងស្ថិតនៅក្នុងខ្សែត្រៀមជួរមុខ ដោយបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចជូនប្រជាពលរដ្ឋ​។ ជាពិសេសអ្នកដែលកំពុងធ្វេីចត្តាឡីស័ក នៅក្នុងមណ្ឌលជាច្រេីននាក់ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថាអំណោយដែលត្រូវប្រគល់ជូនរួមមាន៖ អាកុល ចំនួន១០កាន​ ស្មេីនិង៣០០ លីត្រ និងម៉ាសចំនួនពីរកេសធំស្មេីនិង​ ៥០០០ ម៉ាស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយដែលមានចំណងជើងថា«ឥទ្ធិពល វិជ្ជមាន នៃ ការដាក់គោលដៅ»។

លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរថា៖ នៅក្នុងលោកយើងនេះ មនុស្សជាច្រើនបានចំណាយពេល ធ្វើកិច្ចការ ទៅលើរឿង ដែលទទួលបានផលតិចតួច ឬក៏ថា ចំណាយពេលមិនមានប្រសិទ្ធភាព នោះគឺដោយសារតែ ពួកគេបរាជ័យ ក្នុងការដាក់គោលដៅ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ នឹងចំណាយពេលត្រឹមត្រូវ សម្រាប់ជីវិតរបស់ខ្លួន។
មនុស្សជោគជ័យ គឺពួកគេបានដាក់គោលដៅ ពីព្រោះ ពួកគេគិតថា ” ការងារដែលគ្មានគោលដៅ គឺដូចជាការអុំទូក ដែលគ្មានចង្កូត ដែលនឹង វិលវល់កណ្ដាលសមុទ្រ ឬក្រឡាប់លិចតែម្ដង”

តើការដាក់គោលដៅ មានប្រយោជន៍អ្វីខ្លះ?

# ការបរាជ័យ កើតឡើង ដោយសារតែ
បាត់បង់ ចំពោះការងារ ផ្ដោតយកចិត្តទុកដាក់ចំពោះការងារ ពោលគឺ យើងមិនបានយល់ អំពីកិច្ចការលម្អិត ដែលជាបុព្វហេតុ នាំទៅរកលទ្ធផលធំ ប៉ុន្តែ នៅពេលដែលយើង ដាក់គោលដៅ
” គោលដៅ ធ្វើឱ្យយើងផ្ដោតចំពោះការងារ ដោយមិនងាករា ចំពោះកិច្ចការអ្វីក្រៅគោលដៅឡើយ”។

# គោលដៅ ធ្វើឲ្យយើង ផ្លាស់ប្ដូរឥរិយាបថនិងទម្លាប់មិនល្អ ។

# គោលដៅធ្វើឲ្យយើងបង្កើត កម្លាំងវិជ្ជមាន សូមចងចាំថា មនុស្សដែលមានកម្លាំងជាវិជ្ជមាន តែងតែមានការទទួលខុសត្រូវ ចំពោះអ្វីដែលពួកគេបានចាប់ផ្ដើម ព្រមទាំងជាពន្លឺនៃភាពផ្លាស់ប្ដូរ ដើម្បីឲ្យទទួលផលល្អដ៏ធំមួយ ក្នុងពេលខាងមុខ។
# ការដាក់គោលដៅ ធ្វើឲ្យយើងផ្លាស់ប្ដូរ វិធីដែលអ្នកគិត ថា ” មិនអាចទៅរួច” ពីព្រោះគោលដៅ ជួយយើង ឲ្យមានកម្លាំងចិត្ត និង ឲ្យយើងមើលឃើញវិធីជំនះឧបសគ្គ្គទាំងឡាយ និងនាំយើងឲ្យឃើញពន្លឺអនាគត៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page128 Page129 Page130 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×