នាយករដ្ឋមន្ត្រី៖ ឱសថស្ថាន ដែលលក់ម៉ាស សង្កត់កពលរដ្ឋ ថ្លៃហួសហេតុប្រឈម នឹងការបិទអាជីវកម្ម

នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជាសាធារណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងឱសថស្ថានមួយចំនួន ហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។ វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕SRP

សម្ដេច ស ខេង ជួបក្រុមមន្ត្រី បណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលនេះ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោមអធីតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីជួបសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងប៉ៃលិន ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ជាពិសេសមន្ត្រីរាជការ និងកងកម្លាំង ដែលបំពេញភារកិច្ចនៅតាមបណ្ដាអង្គភាពច្រកទ្វារព្រំដែនកម្ពុជាថៃ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជាថៃ ទាំងនៅខេត្តបាត់ដំបង និងប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពកលោក។ សម្ដេចបានបន្តថាក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់។ សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន

សម្តេច ហ៊ុន សែន អញ្ជើញជួប គ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ មុនចេញទៅ ព្យាបាលជម្ងឺកូវីដ១៩

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញបានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។ សម្តេចតេជោបានបញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះ បណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។

សម្ដេច ហ៊ុន សែន៖ កម្ពុជាបានត្រៀម បន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាល អ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ៖នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក៕SRP

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការ ផ្សព្វផ្សាយ សារអប់រំ អំពីវិធានការ ទប់ស្កាត់ការ ជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយពីទទួលការណែនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាមបានបើកយុទ្ធនាការយ៉ាងក្ដៅគគុក ដោយ ប្រើប្រាស់រថយន្តឬម៉ូតូ ជាមធ្យោបាយ ភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់ច្រកល្ហក។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះលោកផេន សុផល អភិបាលស្រុកបាធាយ ក៏ដូចជានៅតាម បណ្ដាក្រុង -ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំងនិងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយ ដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណ: និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាមដែលមានខ្លឹមសារថា១ -ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលជាប់ជាប្រចាំ ។ ២-ត្រូវផ្ទប់មាត់ច្រមុះ នៅពេលក្អកកន្តាស់ ដោយប្រើកែងដៃឬក្រដាស់ អនាម័យ រួចបោះចោលក្នុងធុងសំរាម ភ្លាមហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត ។ ៣ -ត្រូវនៅឲ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅក្អកកន្តាស់ផ្តាសាយ។ ៤-ត្រូវចៀសវាង ការជួបជុំកន្លែងដែលមានមនុស្សចូលរួមច្រើន។ ៥-បើសិនជាមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ។ ៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃគិត ចាប់ពីថ្ងៃមកដល់ដោយត្រូវអនុវត្តន៍ ដូចខាងក្រោមគឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់អាកាស បរិសុទ្ធចេញចូលបានល្អសូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រត្រូវលាងដៃងូតទឹកសម្អាត ខ្លួន ប្រាណ ប្រដាប់ ប្រដាប្រើប្រាស់ផ្សេងៗនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដែល បានបោកគក់រួច ឲ្យបានញឹកញាប់ហើយតាមដានសុខភាពផ្ទាល់ខ្លួនប្រសិនបើក្តៅខ្លួនក្អកកន្តាស់ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ១១៥ជា បន្ទាន់ដើម្បី ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសង្ឃឹមថាបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹងនឹងអនុវត្តន៍

នាយករដ្ឋមន្ត្រី កម្ពុជា៖ សូមបងប្អូន កុំចេញពីផ្ទះ បើគ្មានការចាំបាច់ អ្វីមួយនោះទេ

ភ្នំពេញ៖សារជាផ្លូវការរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ៕SRP