Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កញ្ញា ២០២៤

ខេត្តសៀមរាប៖ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នៅព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវ ម៉ននី រង្សី អភិបាលរងអភិបាលខេត្តសៀមរាប និងលោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។

«គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែង លះបង់ អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល គ្រាប់ពូជនៃអនាគតកម្ពុជា ។

មហាព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដំណាលគ្នាស្របតាមពេលវេលា និងទម្រង់ដូចគ្នានៅខេត្ត ដែលមានសក្តានុពលធំៗចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលស្របជាមួយឱកាសនៃការខិតជិតមកដល់ នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ។

លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តួចផ្តើមឡើង ដោយមូលនិធិ២៥រៀល វីតាល់ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងបង្កើននូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើង ជាពិសេសបានបំផុសស្មារតីដល់ ឱ្យ សិស្សានុសិស្សឱ្យ រំលឹក គុណូបការៈ ដ៏ ថ្លៃថ្លា របស់ គ្រូបង្រៀន ដែល ធ្លាប់បាន បង្រៀន និង បណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរក សង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី ដើម្បីអនាគតមាតុភូមិកម្ពុជាដ៏ត្រចះត្រចង់លើគ្រប់វិស័យ។ បន្ថែមពីនេះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់ វីតាល់ ដែលជានិច្ចកាល បន្តចូលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានាជាពិសេសក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើគ្រប់វិស័យ តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តសៀមរាប  មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នា នៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តតាកែវ, កំពង់ស្ពឺ, បាត់ដំបង និងបន្ទាយមានជ័យ ដោយទទួលបានការចូលរួម ពីថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តទាំង៤ ផងដែរ។ «គរុកតញ្ញុតា» បានបង្កប់នូវខ្លឹមសារនៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭក នូវ គុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗ ឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ។

លោក អន គុនរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍សង្គម «គរុកតញ្ញុតា» ដែលនេះជាកាយវិការ និងគម្រូដ៏ល្អរបស់វិស័យឯកជនដូចជាវីតាល់ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

ក្នុងឱកាសនេះដែរ វីតាល់ បានចេញនូវកេសថ្មីចំណុះ 500mL ដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាងខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ កេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់លើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុក។

គួរបញ្ជាក់ផងដែរថា វីតាល់ “គរុកតញ្ញុតា“ ត្រូវបានកើតចេញពីការចូលរួមគាំទ្រ ពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើគ្រប់វិស័យ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កញ្ញា ២០២៤

ខេត្តសៀមរាប៖នៅខែកញ្ញាឆ្នាំ 2024 នេះ នៅទឹកដីខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ធំៗចំនួន3កើតឡើង។

អភិបាលខេត្តសៀមរាបលោកប្រាក់ សោភ័ណ បានអះអាងថា📍ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ អត់បានមកសៀមរាបប្រយ័ត្នស្តាយក្រោយណា!!។

អភិបាលខេត្តសៀមរាបបានបន្តថា៖ ✅ចាប់ពីថ្ងៃទី១៦-១៧ ខែនេះនឹងមាន ព្រឹត្តិការណ៏ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក🇰🇭🌿
.
✅ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ កុំខកខានឱកាសនេះណា!🥰
.
✅ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី,ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម🌴📸

អភិបាលខេត្តសៀមរាបលោកនេះក៏បានបញ្ជាក់ថា
.🍃ខែនេះសៀមរាបមិនស្ងាត់ទេ ដឹងតែសប្បាយតែម្តង កុំភ្លេចមកលេងខេត្តសៀមរាបណា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់លើគ្រប់ វិស័យ តួយ៉ាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតកាលានុវត្តភាព ប្រព័ន្ធបម្រើសេវាសាធារណៈនានា ប្រព័ន្ធសុវត្ថិភាពសង្គម    បរិស្ថាន អនាម័យ និងសុខមាលភាព ការធ្វើឲ្យកាន់តែប្រសើរឡើង ពិសេសធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

អភិបាលខេត្តបន្តថា ការរៀបចំពិធីគម្រប់ខួប២០ឆ្នាំ នៃការអនុវត្តគម្រោងនានា របស់អង្គការ DAIL COMMUNITY បានឆ្លុះបញ្ចាំងបង្ហាញនូវ កិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់ដៃគូអភិវឌ្ឍន៍ អន្តរជាតិ  ក្នុងការរួមចំណែកលើដំណើរការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាសម្រាប់ខេត្តសៀមរាប នាពេលកន្លងមក ព្រមទាំងអរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េ ទាំងអស់សម្រាប់ការបំពេញការងារ ក្នុងស្មារតីមនុស្សធម៌ សង្គមធម៌ តម្លាភាព ក្នុងការ ជម្រុញនូវវឌ្ឍនភាពកម្ពុជាកន្លងមក និងបន្តឆ្ពោះទៅមុខជាបន្តបន្ទាប់។

អភិបាលខេត្តសៀមរាប មាឌប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃចន្ទម្សិលមិញ ក្នុងពិធី គម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោង
អង្គការ DAIL COMMUNITY កម្ពុជា ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។

នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌នៅកម្ពុជា  ចំពោះអង្គការជា អ៊ុល នៅកម្ពុជា ដែលសម្រេចបានលទ្ធផល គួរកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងគ្រួសារ ក្រីក្រនៅក្នុងសហគមន៍ខេត្តសៀមរាប។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះអង្គការ ដា អ៊ុល និងលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអភិវឌ្ឍ ដល់ប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ សីលធម៌ ប្រពៃណី និងចំណេះដឹងផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម ជាប្រជាពលរដ្ឋល្អ បានទទួលធ្វើការងារជាមន្ត្រីរាជការ ប្រកបការងារក្នុងវិស័យឯកជន និងទៅរៀនបន្ត នៅ បរទេស មានភាពធូរស្រាលជាងមុន។ សកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់អង្គការដា អ៊ុល ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ព្រោះជោគជ័យ សម្រេចបាននៅពេលអនាគត គឺជាទំពាំងស្នងឫស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមផែនការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកទៀ សីហា មានជំនឿជឿជាក់ថា ពិធីនាពេលនេះ នឹងផ្តល់ឱកាសដល់សហគមន៍ ជា អ៊ុល រួមជា មួយអ្នកពាក់ព័ន្ធទាំងអស់  នឹងបន្តទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៀត  ដើម្បីធ្វើការរួមគ្នាជាដៃគូរវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយក្រសួង មន្ទីរ ស្ថាប័ន វិស័យឯកជន និងរដ្ឋបាល សមត្ថកិច្ចពាក់ព័ន្ធ ដែលជាចក្ខុវិស័យបង្ហាញពីការរួម ចំណែកជម្រុញ និងលើកទឹកចិត្តបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ក្រីក្រ និងកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាព ស្របតាមស្មារតីវប្បធម៌ចែក រំលែក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ និងជម្រុញដល់អង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌នេះ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៤

ខេត្តសៀមរាប៖ប្រសិនបើគិតត្រឹមថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2024 ម្សិលមិញនេះ គឺមានរយៈពេលមួយឆ្នាំគត់នៃការចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប របស់លោកប្រាក់ សោភ័ណ។

លោកប្រាក់ សោភ័ណ បានសរសេរថា៖ ជេរមិនពិរោះស្តាប់ទេ តែយើងមានតួនាទីត្រូវស្តាប់ ទំនេរសរសើរខ្លះផង ព្រោះមន្ត្រីទាំងអស់ខំណាស់ ជេរត្រឹមខ្ញុំម្នាក់បានហើយ យើងទាំងអស់គ្នាមិនដែលគេចវេសបញ្ហាណាមួយទេ។ មួយឆ្នាំមហាសែនលឿន ដូចចាប់ផ្តើមម្សិលមិញ មួយឆ្នាំដែលសប្បាយរីករាយបានបម្រើអ្នកសៀមរាប មួយឆ្នាំដែលសិទ្ធិនិងសេរីភាព ផ្ទាល់ខ្លួនបានចាកចេញឆ្ងាយមួយឆ្នាំដែលបានបំពេញក្តីស្រមៃអោយមន្ត្រីមួយចំនួនធំ មួយឆ្នាំដែលជាក្តីស្រមៃ ចង់ឃើញពុកម៉ែបងប្អូន មានប្លង់រឹងច្បាស់លាស់គ្រប់គ្នា ពេលនេះក្រុមការងារបានចុះវាស់វែងធ្វើប្លង់ជូនអ្នកទាំងអស់គ្នា យ៉ាងយូរពាក់កណ្តាលឆ្នាំ២០២៥គ្រប់គ្នាមានប្លង់រឹង។

អភិបាលខេត្តសៀមរាបរូបនេះបានសរសេរបន្តថា៖
មួយឆ្នាំដែលគេងតិចតែក្រោកដោយកំលាំងចិត្ត
មួយឆ្នាំដែលដឹងថាពិបាកតែធ្វើបាន ក៏ជាពេលវេលាដែលខ្ញុំចេះបត់បែន ឱនលំទោនដើម្បីតែខេត្តមួយនេះ។ មួយឆ្នាំជាមួយក្តីស្រលាញ់សម្រាប់ខេត្តសៀមរាប។ ស្រលាញ់អ្នកសៀមរាប រហូតដល់គេជេរក៏មិនដែលគេចដែរ អានផងស្តាប់ផងរហូតដល់ចប់ តែចង់ដឹងពីសុខទុក្ខរបស់ពួកគាត់។

សូមជម្រាបរំលឹកថា លោកប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ 2023 ជំនួសលោកទៀ សីហា ដែលត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៤

ខេត្តសៀមរាប៖នាយឧត្តមសេនីយ៍ ជួន សុវណ្ណា បានលើកឡេីងថា រាល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលពុំមានអាជ្ញាបណ្ណល្បែង ផ្សងសំណាង អាជ្ញាបណ្ណសាខា ឬ លិខិតអនុញ្ញាត្តប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង ត្រូវចាត់ទុក ការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ និង ត្រូវផ្តន្ទាទោសតាមច្បាប់បង្ក្រាបល្បែងស៊ីសង។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង​ ស្រុក​ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងនៅកម្ពុជា លើកលែងតែទទួលបានការអនុញ្ញាត្តពីរាជរដ្ឋាភិបាល និងត្រូវបង្កើនការត្រួតពិនិត្យ ត្រូវស៊ើបបញ្ជាក់ជាប្រចាំ ចំពោះប្រតិបត្តិការ អាជីវកម្ម ល្បែងផ្សងសំណាង ទាំងមានអាជ្ញាបណ្ណ លិខិតអនុញ្ញាត្ត និង មិនមានច្បាប់ឲ្យដល់ទីតាំង ដើមី្បចាត់វិធានការតាមផ្លូវច្បាប់។

លោកថាក្នុងកិច្ចប្រតិបត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និង ជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ។

លោកបានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល សំខាន់សន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរណ៍ ដោយត្រូវបន្តជម្រុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ។

លោកក៏បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់ បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឲ្យបានទាន់ពេល។

សូមជម្រាបថានៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈបញ្ជាការឯករដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមកិច្ចដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើរ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត អស់លោកលោកស្រី ស្នងការរង មេបញ្ជាការ បញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក អធិការនគរបាល កងរាជអាវុធហត្ថ ផ្នែកសឹករង ក្រុង ស្រុក ប្រមាណជា ១៥០នាក់ចូលរួម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២៤

ខេត្តសៀមរាប៖លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និង លោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ពិធីនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា និង ការអញ្ជើញចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រិក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

លោក ប្រាក់ សោភ័ណ អភិបាលខេត្ត សង្ឃឹមថាមន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក។

លោករដ្ឋលេខាធិការបានសង្ឃឹមថា អភិបាលរងទាំងពីរដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តសៀមរាបឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកបានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងទីក្រុងស្អាត ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឲ្យកាន់តែមានរបៀបរៀបរយ និងសោភ័ណ្ឌភាព បរិស្ថានអនាម័យ ក្នុងក្រុងទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវជាតិអន្តរជាតិចូលមកទស្សនាកម្សាន្ត។ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីស្ថានភាពនយោបាយ ក្នុងនិងក្រៅប្រទេស ព្រមទាំងលើកផងដែរ អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) និង បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់លើការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងបង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និង ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចំបងនៅក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរខេត្ត ឲ្យមានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្ក្រាប នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និង ត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២៤

ខេត្តសៀមរាប៖ក្នុងនាមអាជ្ញាធរខេត្តសៀម លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានដាក់បទបញ្ជា ដល់គណៈ បញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុកធ្វើការចុះត្រួតពិនិត្យ ទប់ស្កាត់ បញ្ឈប់ជាបន្ទាន់នូវការធ្វើ ប្រតិបត្តិការ អាជីវកម្មឆ្នោត-ឡូតូ និង ឆ្នោតផ្សងសំណាងទាំងអស់នៅ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។

អភិបាលរងខេត្តសៀមរាបរូបនេះបានបន្តថា សម្រាប់ក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណា ង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានស្នើសុំប្រតិបត្តិការ អាជីវកម្មមក រដ្ឋបាលខេត្ត សៀមរាប ត្រូវអនុត្តតាមការណែនាំ លិខិតបទដ្ឋានគ តិយុត្តរបស់គណៈកម្មកា រគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា តាមរយៈសេចក្តីណែនាំ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម កម្ពុជា ស្តីពីការធ្វើ អាជីវកម្ម ល្បែងផ្សងសំណាងនៅក្នុង ព្រះរាជា ណាចក្រកម្ពុជា របស់ ប្រតិបត្តិករល្បែងផ្សងសំណាង។ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប ក៏បានដាក់នូវគោលការណ៍ណែនាំ មួយចំនួនដល់ក្រុមហ៊ុន ត្រូវអនុ វត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស ពាក់ព័ន្ធនឹងគោលការណ៍ នីតិវិធី បែបបទ សម្រាប់ការធ្វើប្រតិបត្តិកា រអាជីវ កម្មឆ្នោត-ឡូតូ និង ឆ្នោតផ្សងសំណាង របស់គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ មានសមត្ថកិច្ច ចុះតាមដានត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតាមដាន ចំពោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណលើករណីធ្វើប្រតិបត្តិការក្រៅដែនអាជ្ញាបណ្ណ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះនៅរដ្ឋបាលខេត្តសៀមរាបដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោក ស្នងការនគរបាលខេត្ត លោក មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក អភិបាលនៃគណៈអភិបាលក្រុង/ស្រុក លោក អធិការនគរបាលក្រុង/ស្រុក លោក មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងក្រុមការងារជំនាញមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានដាក់គោលការណ៍ជាច្រើនចំណុចដើម្បីរៀបចំសម្រាប់ធ្នាប់នៅតំបន់ Pub Street ក្រុងសៀមរាប។

កិច្ចប្រជុំបានដាក់ចេញគោលការណ៍ ដូចខាងក្រោម៖

– ការងារបរិស្ថាន ករណីបង្កសំឡេងរំខានចេញពីចាក់ឧបករណ៍បំពងសំឡេងនៅតំបន់ Pub Street រដ្ឋបាលខេត្តនឹងចេញសេចក្តីណែនាំរួមឱ្យអនុវត្តស្របទៅនឹងលិខិតបទដ្ឋានគតិយុត្ត
– មន្ទីរបរិស្ថានត្រូវបន្តចូលរួមជាអ្នកពាក់ក្នុងអប់រំផ្សព្វផ្សាយពីការសម្អាត ញែក វេចខ្ចប់ ទុកដាក់សំរាម សំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់
– មន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធលូទឹកកខ្វក់ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយចេញមកក្រៅ ឬកកស្ទះសំណល់ទឹកកខ្វក់
– ពិនិត្យបច្ចេកទេសឡើងវិញក្នុងការរៀបចំណតម៉ូតូ ឡាន និងដាក់ស្លាកសញ្ញា និងរៀបចំផ្លូវឯកទិសបន្ថែមទៀត
– មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសិក្សារចនាបថក្នុងការលើស្លាកពាណិជ្ជកម្មនៅក្នុងតំបន់ Pub Street និងតំបន់ដ៏ទៃទៀតដើម្បីត្រៀមប្រជុំសម្រេចជាមួយអ្នកពាក់ព័ន្ធ
– មន្ទីរសង្គមកិច្ចត្រូវប្រមូលអ្នកសុំទាន និងជនវិប្បឡាសនៅក្នុងក្រុងសៀមរាបយកទៅមណ្ឌលដោយសហការជាកងកម្លាំង និងលើផែនការចំណាយសម្រាប់ទ្រទ្រង់កុំឱ្យមានអ្នកសុំទានកើតមានបន្តទៀត និងត្រូវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់
– មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ត្រូវពិនិត្យពីសំណង់អគារ ជើងម៉ែត្រផ្លូវឡើងវិញនៅតំបន់Pub Street និងធ្វើការណែនាំដល់អ្នកដែលរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម ឬក៏សាង់សង់បិទផ្លូវ
– មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំបញ្ជូនអាជ្ញាបណ្ណទាំងអស់ដែលបានចេញេជូននៅក្នុងតំបន់ Pub Street ជូនទៅក្រុមការងារខេត្ត និងសិក្សាបន្ថែមអំពីការអនុវត្តអាជីវកម្មតើត្រូវនឹងអាជ្ញាបណ្ណ ឬអនុវត្តផ្ទុយ
– មន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមើលការកំណត់តម្លៃម្ហូប និងសេវាកម្មនានា
– អគ្គិសនីខេត្ត ត្រូវពិនិត្យមើលបច្ចេកទេសប្រព័ន្ធអគ្គិសនីនៅក្នុងតំបន់ Pub Street និងធ្វើការណែនាំដល់អ្នកប្រើប្រាស់ដើម្បីជៀសរៀងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ
– កងកម្លាំងត្រូវតែប្រចាំការ២៤ម៉ោង/ម៉ោង
– សណ្តាប់ធ្នាក់ត្រូវពង្រឹងការអនុវត្តការងារ
– កងរាជអាវុធហត្ថខេត្តគោរពស្នើសុំទីតាំងដាក់ជាទីបញ្ជាការស្រាលដើម្បីរួមសហការ និងប្រចាំការ២៤/២៤ម៉ោង
– ក្រុមការងារលេខាត្រូវបន្តដឹកនាំ និងសម្របសម្រួលជាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងអនុវត្តបន្ត។

សុំជម្រាបថា នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
មានកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលបញ្ហាប្រឈមជាក់ស្តែង នៅតំបន់ Pub Street ក្រុងសៀមរាប ក្រោមអធិបតីភាពសហប្រធាន លោក យុន លីនណេ អភិបាលរងខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៤

ខេត្តសៀមរាប៖នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និងKanha Slerkcher Catwalk Class និងក្រុមកាងារ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គងនានា និងបានធ្វើការសុំទោសនូវរាល់កំហុសឆ្គងកន្លងមក និងចុះកិច្ចសន្យាបញ្ឈប់ធ្វើការបង្ហោះផ្សព្វផ្សាយ ដែលមានសកម្មភាព រូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសិទ្ធកុមារ។

ការសុំទោសនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ បន្ទាប់ពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិត ហៅម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion បានចូលខ្លួនទៅបំភ្លឺនៅ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិតមួយច្បាប់ ហៅលោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដអូខ្លីៗ ជាច្រើនដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសតម្លៃកុមារកម្ពុជា។

មន្ទីរវប្បធម៌ខេត្តសៀមរាបបានបញ្ជាក់ថា ការហៅលោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion ឲ្យចូលមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប គឺដើម្បីធ្វើការអប់រំ ណែនាំ ស្រាយបំភ្លឺ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
លោក មួន សុភាព បានបញ្ជាក់ថា អញ្ជើញប្អូនៗក្មួយៗ មកពេលនេះ មិនមែនជាការចាប់ដាក់ទោសអ្វីនោះទេ បើទោះបីជាការផ្សព្វផ្សាយវីដេអូ និងសកម្មភាពដែលបានធ្វើនោះបានបង្ហាញនូវរូបភាពខុសឆ្គងក្តី តែការអញ្ជើញមកនេះ ដើម្បីកែតម្រូវ និងស្ដាប់ការណែនាំពីមន្រ្តីជំនាញនូវចំណុចដែលមានកំហុសឆ្គង ពិសេសប៉ះពាលដល់សិទ្ធកុមារ ទោះបីមានការយល់ព្រម អនុញ្ញាតពីសាមីខ្លួន និងអាណាព្យាបាលក៏ដោយ ក៏ពួកគេនៅតែមានច្បាប់ការពារ និងជាវ័យមួយដែលកំពុងត្រូវការរៀនសូត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២៤

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាប ទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មានប្រសាសន៍បែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃចន្ទនេះ។

កិច្ចប្រជុំនេះ មានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារៈគ្រឿង បំពាក់បន្ថែម ជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២៤

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជាលើកដំបូង។

ការដឹកនៃកិច្ចប្រជុំធ្វើឡើងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បន្ទាប់ពីត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងបានមួយថ្ងៃ។

កិច្ចប្រជុំក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការរួមចំណែក ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណ: និងបម្រើប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏ដូចជា ពង្រឹងស្មារតីកងកម្លាំង ក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យប្រកបដោយវិន័យសណ្តាប់ធ្នាប់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ជាពិសេសត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ ក្រុមចលនាជ្រុលនិយម ទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា។

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានណែនាំដល់ លោកមេបញ្ជាការ ដែលជាប្រធានអង្គភាពចំណុះអាវុធហត្ថសៀមរាប ទាំងអស់ ត្រូវម្ចាស់ការត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងផ្ញើសារសូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សតំបន់ប្រាសាទរបស់យើង។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍នេះ ក៏បានអំពាវនាវសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ទៅលេងប្រាសាទអង្គរវត្តឱ្យបានច្រើន និងជួយថតផ្សព្វផ្សាយអំពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ។

សម្ដេចអធិបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា «ស្លឹកឈើតូចៗអាចធ្វើឱ្យស្ទះលូ ឬទឹកហូរយឺតបាន។ ហេតុដូច្នេះការយកស្លឹកឈើទាំងនោះចេញ ជាការចាំបាច់ដើម្បីអោយទឹកហូរបានលឿន»។

សម្ដេចបន្តថា៖ក្នុងន័យនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការថតរូបនៅតំបន់អង្គរ នឹងជួយជំរុញលើកទឹកចិត្តការថតរូប និងផ្សព្វផ្សាយកេរមរតកដូនតារបស់ខ្មែរយើងឱ្យបានកាន់តែច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page25 Page26 Page27 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​ ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom ចុះផ្សាយថ្ងៃទី ៦ មេសា ២០២៦
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×