ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីន ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ខេត្តចំនួន ៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបជាង ៤២លានម៉ែត្រក្រឡា ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ។
ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ដែលប្រតិបត្តិការ បោសសម្អាត ដោយមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីនជាង ៩៧ម៉ឺនម៉ែត្រក្រឡា ស្មើនឹង ១១ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ៤រួមមាន៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ ទោះបីជាវត្តមានគ្រាប់មីន ដែលយើងបានដឹង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះ ក៏ដោយ ប៉ុន្តែ ខេត្តកំពង់ចាម នៅបន្តរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសម័យសង្រ្គាមប្រមាណជាង ៦៨គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហា នៅសេសសល់ទាំងនេះ និងដោយមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ។
ក្នុងកិច្ចប្រជុំមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ អាជ្ញាធរមីន និងប្រតិបត្តិក សូមបង្កើននូវផែនការបោសសំអាត ទាំងចម្ការមីន និងចម្ការគ្រាប់ ឲ្យមានវិសាលភាព កាន់តែធំជាងមុន ដើម្បីធានាបាននូវសុវត្ថភាព និងភាពសុខសាន្ត ក្នុងការបង្កបង្កើនផល ការកកើត ពង្រីកគ្រួសារថ្មី របស់ប្រជាពលរដ្ឋ និងការស្ថាបនា នូវបណ្តាហេដ្ឋរចនាសម្ព័ន្ធសង្គម ផងដែរ៕SRP


