Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលទេនោះ
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងត្រូវប្រកាសតែងតាំង ជាអភិបាលខេត្ត ជំនួសលោក កែន សត្ថា។
ពិធីនឹង​ធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំរបស់សាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកពិន ប្រាក អភិបាលរងខេត្តតំណាង អភិបាលខេត្ត នៅថ្ងៃទី២៧ខែឧសភាម្សិលមិញ
សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២០នាក់ នៅសាលាបឋមសិក្សារវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

លោក ពិន ប្រាកដ អភិបាលរងខេត្តបានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជំងឺកូវីដ១៩កុំមានការឆ្លងទៅអ្នកដទៃ និងសហគមន៍។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែសម្អាតអនាម័យនិងថែរក្សាសុខភាពរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពប្រទេសយើងមានការថមថយនូវជំងឺកូវីដក៏ដោយ យើងត្រូវតែបង្ការការ ទប់ស្កាត់កុំឱ្យរលកទី២កើតឡើងនៅក្នុងប្រទេសយើងទៀត។

ជាមួយគ្នានេះ ប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារចំនួន ១០៣ កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលុច្ស សាប៊ូកក់សក់Clear សាប៊ូបោកខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និងស្បែកជើងផ្ទាត់ទាំង២០ នាក់ និងតាមទីតាំង ចាត្តាឡីស័ក ផ្សេងទៀតក្នុងស្រុកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តប៉ៃលិន៖មនុស្ស២នាក់
រងរបួសធ្ងន់និងខូចខាតអេស្កាវ៉ាទ័រស្រាលចំនួន០១គ្រឿង ដោយសារផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ។
ហេតុការណ៍បានកើតឡើងនៅពីវេលាម៉ោង១៦ និង៤០នាទី​រសៀល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះ
​ ០១-​ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកបើកអេស្ការវ៉ាទ័រ) ។
​ 0២-​ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាព្រូ) ។
​ ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កា បានធ្វើការគាស់កាយដី និងឈូសឆាយពង្រាបអោយម្ចាស់ចំការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះបណ្តាលអោយរបួសតែម្តង។
​ ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន ០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន០១គ្រាប់ និងបំណែកគ្រាប់ចំនួន០១គ្រាប់មានផ្ទុករំសេវ។
​ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកគ្រាប់​យុទ្ធភ័ណ្ឌដែលនៅ​សល់​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រីស៊ីម៉ាក់​ទទួលយកទៅរក្សាទុក ។ យោងតាមការរាយការណ៍របស់មន្ត្រីស៊ីមាក់ គ្រាប់​ដែលនៅសេសសល់គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន​០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន​ ០១គ្រាប់ និងបានសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់ ៧៥មីលីម៉ែត្រដែរ៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល
​ថ្ងៃ​ទី​២៧​ខែឧសភា​ ម្សិលមិញបាន​ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់​ វិចិត្រ អនុប្រធាន​នាយកដ្ឋាន​ជនបរទេសអន្តោប្រវេសន៍​ ជាអ្នកវិនិយោគឯកជន​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស​ប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី​ ផងដែរ​។

គួរបញ្ចាក់ផងដែរថាកាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងប្រហែល
ម៉ោង០៣និង៣០នាទីថ្ងៃទី២៧ខែ ឧសភាឆ្នាំ២០២០ ស្ថិតនៅបន្ទប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ ក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបច្ចេកទេសស្រុក នគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវ និងពិនិត្យសាកសព នៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ម៉ក់ លីហ៊ាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ មុខរបរនៅផ្ទះ។ សពនេះត្រូវបានក្រុមគ្រួសារធ្វើការចំអាស(លាងសំអាត)រួចហើយ។
លោកវរសេនីយ៍ឯកទេព ពុំសែន បានបន្តថាការពិនិត្យសពមានសភាពទន់អវយវៈ ស្លេកស្លាំង ពុំមានស្លាកស្នាមដាច់រយះឬបាក់ឆ្អឹងទេ។នៅក្នុងបន្ទប់ដេករបស់សពបានបន្សល់ទុកនៅថ្នាំកណ្ដាំ ជាប្រភេទថ្នាំបំពុលសត្វ០១កញ្ចប់។

លោកវរសេនីយ៍ឯកទេព ពុំសែន បានបន្តទៀតថាផ្អែកតាមការបញ្ជាក់ពីក្រុមគ្រួសារសព និងប្តីរបស់សពមានឈ្មោះ ហូរ ហឿន អាយុ៣៣ឆ្នាំ មុខរបរជាប៉េអឹមខេត្តសៀមរាប បានឱ្យដឹងថា៖មុនពេលកើតហេតុមានគេឃើញជនរងគ្រោះ
ជិះកង់ចេញពីផ្ទះត្រឡប់មកវិញមានកាន់របស់មួយថង់(អាចថ្នាំ) តែគ្រួសារមិនបានចាប់អារម្មណ៍។ចំណែកប្តីប្រាប់ថា៖ខ្លួននៅកន្លែងធ្វើការប្រពន្ធ(សព)បានតេទូរស័ព្ទទៅខ្លួនខណៈពេលមេឃរកភ្លៀងមានខ្យល់ផង ខ្លួនស្ដាប់មិនបានថាប្រពន្ធនិយាយអ្វីទេ។ដោយសង្ស័យប្រពន្ធធ្លាប់មានប្រវត្តជំងឺស្កន់ ដល់ម្ដងៗផង ខ្លួនតេទូរស័ព្ទទៅបងថ្លៃនៅផ្ទះឱ្យទៅមើលប្រពន្ធផង។បន្ទាប់ពីបងថ្លៃទៅដល់ផ្ទះបានឃើញបន្ទប់ក្រោមផ្ទះដែលជនរងគ្រោះ(សព)ដេកនៅបិទគន្លឹះសោក្នុង ទើបឆោឡោនាំគ្នាគាស់បើកទ្វារ​ ក៏ឃើញជនរងគ្រោះបែកពពុះមាត់ (លេបថ្នាំរួច)បាននាំគ្នាជួយសង្គ្រោះទៅពេទ្យមណ្ឌល បន្តទៅពេទ្យបង្អែកពួក និងសង្គ្រោះបន្តដល់ពេទ្យបង្អែកខេត្តសៀមរាប ដោយស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យជួយសង្គ្រោះមិនបាន ដាច់ខ្យល់ស្លាប់តែម្ដង។

បើតាមលោកវរសេនីយ៍ឯកទេព ពុំសែន បញ្ជាម់ថាការសន្និដ្ឋានសមត្ថកិច្ច ហេតុការណ៍ខាងលើមិនពាក់ព័ន្ធបទឃាតកម្មនោះទេ។ ជាការធ្វើអត្តឃាតលេបថ្នាំកណ្ដាំសម្លាប់ខ្លួនឯង។ ដោយមូលហេតុ៖ មានវិត្តផ្លូវចិត្តក្នុងរឿង អាចប្រចណ្ឌប្ដីមានស្រី។ករណីនេះពួកគាត់មិនបានប្ដឹងបទឃាតកម្មទេ។សាកសពប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តសៀមរាប៖នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំង ប្រកបរបរជិត៣ឆ្នាំមកហើយបានលើកឡើងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺជាការស្ម័គ្រចិត្តដោយមានការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរជាតិអប្សរា ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលល្អប្រសើរជាងមុន ហើយគាត់សប្បាយចិត្តនឹងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងអភិវឌ្ឍន៍តាមតម្រូវការទេសចរណ៍ ដើម្បីបម្រើជាសាធារណៈ និងជាឱកាសផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ដែលនាំមកនូវផលចំណេញវិជ្ជមានមិនចេះរីងស្ងួតទៅអនាគត។
អគ្គនាយករងអាជ្ញាធរជាតិអប្សរាលោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះមានសំណង់ភោជនីយដ្ឋានចំនួនបួនខ្នងហើយដែលបានរុះរើដោយស្ម័គ្រចិត្ត គឺភោជនីយដ្ឋាន chez sophea ២ខ្នង និងផ្ទះបាយតានីខ្មែរ២ខ្នង។ លោកក៏បានថ្លែងអំណរគុណចំពោះលោក ជ្រុន គឹមសេង ដែលបានស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២ ដើម្បីកែប្រែបរិវេណមុខប្រាសាទអង្គរវត្តផ្នែកខាងលិចឱ្យមានព្រៃឈើ សួនច្បារ កន្លែងលំហែកាយ កន្លែងផ្តល់សេវាកម្ម និងជាកន្លែងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារអន្តរជាតិប្រកបដោយគុណភាព។
បើតាមអាជ្ញាធរជាតិអប្សរា ថានៅចុងខែសីហាឆ្នាំ២០២០ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការសាងសង់អគារ និងរៀបចំហេដ្ឋារចនាសម្ពន្ធមួយផ្នែកសម្រាប់ឱ្យអាជីវករលក់ដូរដែលផ្លាស់ប្តូរពីទីតាំងមុខប្រាសាទអង្គរវត្ត ឱ្យចូលមកទីតាំងថ្មីដោយឥតបង់ថ្លៃ។ ដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងស្វែងរកដំណោះស្រាយល្អៗដល់អាជីវករ អនុវត្តគម្រោងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់ផ្សេងៗ ហើយអគារថ្មីដែលកំពុងសាងសង់នឹងរួចរាល់ទាំងស្រុងនាចុងឆ្នាំ២០២០នេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនខ្មែរនិងប្រទេសជាតិទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានអះអាងថាគិតចាប់ពីថ្ងៃទី២០ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន១២០គ្រួសារដូចខាងក្រោម៖
០១.ក្រុងសៀមរាបបានចំនួន៣៣គ្រួសារ
០២.ស្រុកប្រាសាទបាគងបានចំនួន៥១គ្រួសារ
០៣.ស្រុកបន្ទាយស្រីបានចំនួន២៥គ្រួសារ
០៤.ស្រុកពួកបានចំនួន១១គ្រួសារ។
អាជ្ញាធរជាតិអប្សរាបានបន្តថាក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ក៏បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាននិងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ គឺធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណីពីដូនតាខ្មែរ។
បើតាមអាជ្ញាធរជាតិអប្សរាកិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរនិងខុសពីគោលការណ៍បេតិកភណ្ឌនាំឱ្យប៉ះពាល់ដល់តម្លៃឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរខេត្ត
លោក​​ ហាន​ កុសល​ ​បានថ្លែងថាប្រជាពលរដ្ឋ​នៅទូទាំង​ស្រុក​កងមាស​ បាន​ផ្ញើ​សេចក្តី​ទុកចិត្ត​លេី​មន្ត្រី​រាជការ​ នៃគណៈអភិបាលស្រុកនេះហេីយ។ដូច្នេះ​យើង​ត្រូវ​ខិតខំបម្រើសេវាសាធារណៈ​ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និង​ត្រូវយកចិត្តទុកដាក់​អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ ព្រមទាំង​​ខិតខំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​យល់ដឹង​ពី​ការ​បប្រែសម្រួល​អាកាសធាតុ​ផងដែរ។

​លោក​​ហាន​ កុសល​ អភិបាលរងខេត្តតំណាង​លោក​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមក៏បានថ្លែងផងដែរថាការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ឲ្យស្របទៅតាមការកែទម្រង់​ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ចំពោះ​ការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការ​លេីក​កម្ពស់​និរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពី ការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុងស្រុក​ផងដែរ​។
លោក​​ហាន​ កុសល​ បានបន្តថាភាព​ជា​ថ្នាក់​ដឹកនាំ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍរីកចម្រើន គឺ​ផ្តេីម​ចេញ​ពី​ការ​ធ្វើ​ការងារ​តាម​ទម្លាប់​ ដោយ​ប្តូរ​មក​ធ្វើការ​ងារ​តាម​ច្បាប់​ ហេីយ​​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​ក្លាយ​ទៅ​ជា​មន្ត្រីដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ សម្រាប់​ធ្វើការ​អភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសតែងតាំង​ លោក​ ឡុង​ ខេង​ ពីអភិបាល​រង​ស្រុក​ចំការ​លើ​ ឲ្យមក​កាន់​មុខ​តំណែង​ជា​អភិបាល​រង​​ស្រុក​កងមាស​ នៅព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថាកាលពីឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្តបានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន១៦៩លើ១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១ភាគរយ ឃាត់ខ្លួនជនសង្ស័យបាន២២៩លើ២២៤នាក់ ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀត។

លោកជំទាវ ជូ ប៊ុនអេង ក៏បានគូសបញ្ជាក់អំពីស្ថានភាពប្រឈមនៃអំពើជួញដូរមនុស្សនាពេលចុងក្រោយនេះ ដែលកើតឡើងដោយសារការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសឆ្លងដែនពីកម្ពុជាចូលទៅកាន់ប្រទេសថៃនៅក្នុងពេលប្រទេសថៃបានរឹតបន្តឹងទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមថ្មីនេះជាចាំបាច់។

លោកជំទាវ ថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកមិញ ​ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោកជំទាវក៏បានបញ្ជាក់ផងដែរថា អំពីលទ្ធផលការងារប្រយទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ ការលើកកម្ពស់សមត្ថភាពគាំទ្រ ទាំងនៅក្នុងកម្រិតផ្ទៃប្រទេស និងក្រៅប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង នៅព្រឹកមិញនេះនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ បានថ្លែងអំពីដំណើរការនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបានសង្កត់ធ្ងន់ថាចាប់តាំងពីថ្ងៃទី១ខែឧសភារហូតមកដល់ថ្ងៃនេះ មានអ្នករិះគន់ប្រមាណមិនដល់១ភាគរយទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាប្រសិនបើពលរដ្ឋអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។

សម្ដេចបានបង្ហាញភាពរីករាយចំពោះអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល២៦ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ និងធៀបនឹងខែមេសាឆ្នាំ២០២០។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ៣៤នាក់ ស្មើនឹង២៦ភាគរយ,អ្នករបួសថយចុះ១៦៥នាក់ ស្មើនឹង៣១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ៧នាក់ រងរបួសបានថយចុះរហូតដល់៨២នាក់។

សម្ដេចបានមានប្រសាសន៍ថាពេលនេះការគោរពច្បាប់ចរាចរណ៍នៅកម្ពុជាបានដើរដល់របត់ថ្មីមួយហើយ ហើយនេះគឺជាកិត្តិយសរបស់ជាតិ និងជាការការពារអាយុជីវិត និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តបេសកកម្មនេះដោយគ្មានការដកថយ។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាវិធានការនេះនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បង្ហាញការគាំទ្រជាថ្មីទៀតចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលបាន និងកំពុងដឹកនាំដោយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌។

រដ្ឋមន្ត្រីមហាផ្ទៃបានចាត់ទុកយុទ្ធនាការនេះថាជាការឈានទៅដោះស្រាយភាពអសកម្មមួយចំនួន ដូចជាភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលនាំឱ្យខាតបង់ថវិកាជាតិផង នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំផង និងនាំឱ្យមានការរិះគន់ពីអង្គការ និងសហគមន៍អន្តរជាតិផង។
ពាក់ព័ន្ធនឹងយុទ្ធនាការដែលអាចឈានទៅដោះលែងអ្នកជាប់ឃុំមួយចំនួន ដូចជាជនដែលអនុវត្តទោសបានជិតរួលរាល់ ឬមានទោសក្នុងកម្រិតស្រាលជាដើមនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូរជាមុនហើយអំពីលទ្ធភាពនៃការគ្រប់គ្រង និងតាមដានអ្នកទាំងនោះ ពោលគឺប្រសិនបើពួកគេបន្តប្រព្រឹត្តល្មើសបន្ទាប់ពីមានសេរីភាព នោះការទទួលខុសត្រូវផ្លូវច្បាប់នឹងកាន់តែមានទំងន់ធ្ងន់ជាងមុន។

សម្ដេចបានថ្លែងទទួលស្គាល់ថាអាចនឹងមានការរិះគន់បន្តទៀតចំពោះការងារនេះ ប៉ុន្តែសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យក្រសួងយត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខិតខំបំពេញភារកិច្ចឱ្យបានល្អ ត្បិតថាកាលពីពន្ធនាគារចង្អៀតណែនយើងបានរងការរិះគន់រួចមកហើយ ហើយពេលមានការអនុវត្តនីតិវិធីដោះលែងអ្នកទោសខ្លះនេះ យើងក៏នឹងអាចទទួលរងការរិះគន់ទៀតដែលនេះគឺជារឿងធម្មតានៃសង្គមប្រជាធិបតេយ្យ ពោលគឺអ្វីដែលសំខាន់យើងត្រូវធ្វើទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖ជាថ្មីម្ដងទៀតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានស្នើសមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស។ សម្ដេចក្រឡាហោម ក៏បានបន្តជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយអំពីហានីភ័យសម្រាប់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូតនៅប្រទេសមានពលករទៅធ្វើការនូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះដោយចំពោះកេងប្រវ័ញ្ច និងការជួញដូរក្រោមរូបភាពផ្សេងៗ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាបន្តបន្ទាប់ ទោះបីមានការប្រឈមនឹងបញ្ហាថ្មីៗក៏ដោយ។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាថ្មីៗចុងក្រោយនេះ គឺការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញថ្លែងអបអរសាទរចំពោះលទ្ធផលនៃការប្រយទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការព្យាបាលអ្នកជំងឺឱ្យបានជាសះស្បើយ និងគ្មានអ្នកស្លាប់ ដែលការងារនេះត្រូវបានសម្ដេចសង្កត់ធ្ងន់ថាជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ពិសេសអង្គការសុខភាពពិភពលោក។

យ៉ាងណាក៏ដោយ សម្ដេចនៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តទៀតជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវមើលស្រាលសភាពការណ៍ និងបាត់ការប្រុងប្រយ័ត្ននោះទេ ដ្បិតសម្ដេចសង្កេតឃើញថាមួយរយៈពេលមកនេះ ប្រជាពលរដ្ឋហាក់ដូចជាបន្ធូរដៃខ្លះចំពោះការប្រុងប្រយ័ត្ន និងថាដរាបណាថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩មិនទាន់រកឃើញទេ យើងមិនអាចធ្វេសប្រហែសបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page600 Page601 Page602 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×