ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាបុរសចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូនៅស្រុកជីក្រែង។ហេតុការណ៍ឃាត់ ធ្វើឡើងនៅម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភានេះ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូពីស្រុកជីក្រែង។
ជនសង្ស័យទាំង២នាក់រួមមាន៖១ឈ្មោះម៉េងសុភណ្ឌ ហៅម៉ៃ ភេទប្រុសអាយុ២១ឆ្នាំ ស្រុកកំណើត និងទីលំនៅសព្វថ្ងៃភូមិអន្លង់វិល ឃុំគោកធ្លកក្រោមស្រុកជីក្រែង។២ឈ្មោះ ចែត ម៉េងហួយ ហៅអួយភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនិងទីលំនៅសព្វថ្ងៃ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ជនទាំងពីរនាក់សមគំនិតលួចម៉ូតូ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន។ឆ្លងតាមការធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផល អវិជ្ជមានទាំង២នាក់។បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

