ខេត្តកំពង់ចាម៖រថយន្តដឹកសំរាម ចំនួន២គ្រឿង ដែលជាអំណោយ របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់ជូនរដ្ឋបាលស្រុកជើងព្រៃ និងរដ្ឋបាលស្រុកបាធាយ ដេីម្បីបម្រើការងារ ថែរក្សា សោភ័ណភាពក្នុងមូលដ្ឋាន។
ពិធីនេះត្រូវបានធ្វើឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ព្រឹកមិញនេះ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់ជូននូវមធ្យោបាយ ដល់រដ្ឋបាលស្រុកទាំង២ សម្រាប់ ជាមូលដ្ឋាននៃការចូលរួម ជាមួយ ប្រជាពលរដ្ឋ ក្នុងការប្រមូលសំរាម ក៏ដូចជា ការថែរក្សាសោភ័ណភាព សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លូន។
អភិបាលខេត្ត បានថ្លែងថា ការពង្រឹងវិធានការអនាម័យនេះ ក៏ជាវិធានការ នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយក៏ជាផ្នែកមួយ ក្នុងគោលនយោបាយ បរិស្ថាន ទៀតផង។
ចំពោះការផ្ដល់ជូនរថយន្ត ទាំង២គ្រឿងនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដូច្នេះសូមឲ្យរដ្ឋបាល ស្រុកទាំង២ រៀបចំផែនការ ប្រមូលសំរាម ឲ្យបានច្បាស់លាស់ និងប្រើប្រាស់ រថយន្តនេះ ឲ្យអស់លទ្ធភាព ជាពិសេស ការផ្ដោតលើគោលដៅ ក៏ដូចជា ទីតាំងដែលប្រឈម ក្នុងការប្រមូល
និងការរក្សាទុក សំរាមផងដែរ។
លោក ចាយ សាមិត្ត បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តតាមគោលការណ៍
នៃគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ជាគោលការណ៍គ្រឹះនៃកំណែទម្រង់នេះ។ ក្នុងនោះ ការផ្ទេរមុខងារ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍ នៃការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល តម្រូវឲ្យក្រសួងស្ថាប័ន អនុវត្តលើគោលការណ៍ ៣ សំខាន់ៗ
គឺ ៖ ១-ការផ្ទេរមុខងារ។
២-ការផ្ទេរធនធានថវិកា។
និង៣-សម្ភារ និងធនធានមនុស្ស មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ ដល់រដ្ឋបាលស្រុកទាំង២ ក្រោយទទួលបាន រថយន្តទាំងពីរនេះ ទៅ គឺត្រូវយកទៅប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព សំដៅ ឲ្យមូលដ្ឋានមានសោភ័ណភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការងារគ្រប់គ្រង សំរាម សំណល់រឹង នៅតាមទីប្រជុំជននីមួយៗ៕SRP








