ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបា្រប់មន្ត្រីពាក់ព័ន្ធឲ្យសាងសង់ បង្គន់អនាម័យសាធារណ: ចំនួន២បន្ថែមទៀតចៀសវាង ការបន្ទោរបង់មិនត្រឹមត្រូវ ខណៈនៅតំបន់កម្សាន្តតាមបណ្ដោយ មាត់ទន្លេក្នុងក្រុងកំពង់ចាម មានបន្ទប់ទឹក ចំនួន៤រួចមកហើយ។
ការស្នើឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំជាមួយដៃគូរៀបចំគម្រោងអភិវឌ្ឍន៍ឆ្នេរទន្លេមេគង្គក្នុងក្រុងកំពង់ចាម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។
បេីតាមប្លង់ទិដ្ឋភាពរបស់ដៃគូអភិវឌ្ឍន៍ បានបង្ហាញឲ្យដឹងថា ការរៀបចំគម្រោងអភិវឌ្ឍន៍ឆ្នេរទន្លេ ក្នុងក្រុងកំពង់ចាមនេះ គឺមានទីតាំងចាប់ពីចំណុចកំពង់សាឡាងចាស់ រហូតដល់ចំណុចជិតវត្តដីដុះ ដែលមានដូចជាការកសាង ផែទេសចរណ៍ អាហារដ្ឋានលេីទឹក កន្លែងហាត់ប្រាណ ស្ទីមសូណា បឹងហ្គាឡូ អាហារដ្ឋាន ផាប ក្លឹប សួនផ្កា សួរកុមារ កន្លែងថតរូបអនុស្សាវរីយ កន្លែងពិចនិច ទីតាំងកញ្ចុះ អង្គុយលេង កម្សាន្ត និងផ្សារលក់ អាហារផងដែរ។
ក្នុងកិច្ចប្រជុំ លោក អ៊ុន ចាន់ដា ក៏បានបានណែនាំគោលការណ៍សំខាន់ៗ ដល់ដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើការកែសម្រួលឡើងវិញ ឬបំពេញនូវចំណុចខ្វះខាត មួយចំនួនជាមុនសិន មុននឹងឈានទៅដល់ការចាប់ផ្ដើមចុះកិច្ចព្រមព្រៀងសហការ ក្នុងការអភិវឌ្ឍន៍ឆ្នេរទន្លេក្នុងក្រុងកំពង់ចាម សំដៅធ្វើយ៉ាងណា ឲ្យមានទាំងគុណភាព សោភ័ណភាពស្រស់បំព្រង និងអនាម័យល្អ ឲ្យសាកសម ជាទីក្រុងទទួលជ័យលាភីរំដួល៣ទង នាពេលកន្លងមក និងរក្សាខ្សែក្រវ៉ាត់នេះ បន្តទៅមុខផងដែរ ៕SRP


