ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធ។
នៅរសៀលថ្ងៃទី៥ខែមិថុនា ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថាជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប។
ការប្រកាសរបស់លោក សៅ សុខា បែបនេះបានធ្វើឡើងក្រោយមានករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀនជាង ០២គីឡូក្រាម កាំភ្លើង០២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមាន៖ទី១-ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ។ទី២-ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន០៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ០២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕SRP

