ភ្នំពេញ៖យ៉ាងហោចណាស់ពលរដ្ឋ០៧នាក់បានស្លាប់ និងសង្គ្រោះនៅមន្ទីរពេទ្យចំនួនជាង២០នាក់ផ្សេងទៀត ដោយដាក់ការសង្ស័យថាបណ្តាលមកពីពុលស្រាថ្នាំចិនសែ “តាំងគួយ” នៅក្នុងក្រុង-ស្រុកចំនួន៣ នៃខេត្តបន្ទាយមានជ័យ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនានេះ។
ឆ្លើយតបនឹងករណីដ៏អាក្រក់នេះ និងអនុវត្តតាមបទបញ្ជានិងការណែនាំរបស់លោក អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ម្សិលមិញរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សហការជាស្ថាប័នជំនាញកាំកុងត្រូល និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចុះផ្សព្វផ្សាយអប់រំ និងដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននូវប្រភេទស្រាថ្នាំចិនសែ “តាំងគួយ” នៅតាមបណ្តាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងភូមិសាស្ដ្រទូទាំងក្រុងប៉ោយប៉ែត រហូតដល់មានការជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត-ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា ដោយគិតគូរយ៉ាងហ្មត់ចត់ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមបញ្ឈប់ការដាក់លក់ប្រភេទស្រាថ្នាំឈ្មោះ “ស្រាថ្នាំចិនសែ តាំងគួយ” នៅតាមបណ្តាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងជាផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំចិនសែ “តាំងគួយ” ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឱ្យពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។
សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ទីរជំនាញបានកំពុងយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មានក្នុងពេលដ៏ខ្លីខាងមុខ។
របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានរឹបអូសបានស្រាថ្នាំចិនសែយីហោ “តាំងគួយ” ចំនួន ១៣,៩៨៩ ដប ស្នើនឹង ៦,៩៩៤.៥០ លីត្រ គិតត្រឹមយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៕SRP