លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ពាក់ព័ន្ធនឹងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងខេត្តបាត់ដំបងថាមួយរយ:ក្រោយ ល្បែងភ្នាល់ ល្បែងស៊ីសង ល្បែងពាណិជ្ជកម្ម ទាំងដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី គឺមានការកើតឡើងដែលមិនស្របតាមច្បាប់ជាច្រើនករណី ដូចនេះអាជា្ញធរមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យលើបញ្ហា អាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ ក៏ដូចជាមានលិខិតបទដ្ឋាន របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រួតពិនិត្យលើបញ្ហានេះ ឲ្យហ្មតចត់ឡើងវិញ ព្រោះល្បែងពាណិជ្ជកម្ម ដែលមិនបានចុះបញ្ជីនេះ បានជ្រាប និងរីកសាយភាយនៅតាមភូមិស្រុកនីមួយៗ ជាពិសេសនៅក្នុងទីប្រជុំជន ដែលអាចមាននៅតាមហាងលក់អាហា រ កាហ្វេ និងភេសជ្ជៈជាដើម ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលខុសត្រូវ លើដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវស្រាវជ្រាវទៅលើល្បែងភ្នាល់ ព្រមទាំងល្បែងផ្សងសំណាង ផ្សេងៗ ព្រោះឥឡូវនេះ បច្ចេកវិទ្យកាន់តែទំនើប ការបង្កភាពអាណាធិបតេយ្យ ក៏កាន់តែច្រើនឡើងដូចគ្នា។
អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ លោកសុខ លូ បានលើកឡើងថា បច្ចុប្បន្ន្ននេះយើងត្រូវបន្តយកចិត្តទុកដាក់ទៅលើគ្រឿងញៀន ដែលជាបញ្ហាធំចម្បង ព្រោះវាជាបញ្ហាស្មុគស្មាញ ក្នុងការទប់ស្កាត់ ក៏ដូចជាត្រូវលុបបំបាត់ផងដែរ។
លោកសុខ លូ បន្តថា អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ដោយឡែកចំពោះ អ្នកញៀនគ្រឿងញៀន ត្រូវធ្វើការបន្សាបគ្រឿងញៀន នៅឯមជ្ឍមណ្ឌលបន្សាបគ្រឿងញៀន ដោយត្រូវបង្រៀនចំណេះ ជំនាញបច្ចេកទេសផ្សេងៗដល់ពួកគាត់ ឱ្យមានចំណេះជំនាញជាក់លាក់មួយ ដែលអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។
នៅឯសាលប្រជុំB២ សាលាខេត្តបាត់ដំបង សុខ លូ បញ្ជាក់បន្ថែមទៀតថា ក្រៅពីនោះបទល្មើសនេសាទក្នុងតំបន់អភិរក្ស និងសត្វព្រៃក្នុងតំបន់ព្រៃអភិរក្ស ក៏យើងត្រូវបន្តយកចិត្តទុកដាក់ផងដែរ ព្រោះនេះគឺជាធនធានធម្មជាតិ ដែលបន្សល់ទុក ឱ្យយើងជាអ្នកថែរក្សាមើលការខុសត្រូវ ហើយក៏ជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាក្នុងតំបន់នោះផងដែរ ប្រសិនបើយើងធ្វើឲ្យមានការខូចខាត ឬបំផ្លាញទៅលើតំបន់ជម្រកធម្មជាតិទាំងអស់នោះ ឲ្យបាត់បង់កន្លែងទាក់ទាញទេសចរណ៍ ឲ្យចូលមកទស្សនានៅក្នុងតំបន់នោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលក្នុងសហគមន៍ផងដែរ៕


