លោកខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបាន លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ជាប់ពាក់ព័ន្ធករណីរំលោភអំណាច និងបទសម្អាតប្រាក់។
តំណាងអយ្យការបានបេីកការស៊េីបសួរលេីឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហេីយពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប។
នៅក្នុងសាររបស់សម្ដេចហ៊ុន ម៉ាណែត បានសរសេរថា៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។
ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕


