ខេត្តសៀមរាប៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានចាប់ខ្លួនជនបរទេសម្នាក់ ករណីទិញពេស្យាចារកុមារ។
លោកវសេនីយ៍ឯកជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តសៀមរាប បានអោយដឹងថា ការចាប់ខ្លួនជនខាងលើបានធ្វើឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យមានឈ្មោះ TRILESSKY RAN កើតថ្ងៃទី 27 ខែមករា ឆ្នាំ1978 ភេទប្រុសជនជាតិអ៊ីស្រាអែល កាន់លិខិតឆ្លងដែនថតចំលងលេខ 23293412។ ជននេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនសាលក្រមលេខ 263 (គ) ចុះថ្ងៃទី31 ខែតុលា ឆ្នាំ2019 ។
លោកនាយការិយាល័យបន្តថា តាមសេចក្តីរាយការណ៍ ជនបរទេសម្នាក់នេះ កាលពីចុងខែមេសាឆ្នាំ២០២០ បានជិះម៉ូតូដើររកកុមារីនៅតាមភូមិសុំធ្វើជាកូនធម៌។ បន្ទាប់មកជនបរទេសនោះ បានចូលមកផ្ទះជួលរបស់ឈ្មោះ យ៉ា ម៉ៃសារី ហើយបានទាក់ទងកូនគាត់ម្នាក់ឈ្មោះ ល.ហ.ហ្ស ភេទស្រី អាយុ 11ឆ្នាំ ។ លោកបន្ថែមថា ក្រោយពេល ធ្វើការជាមួយជនរងគ្រោះភ្លាម ឈ្មោះ ល. ហ.ហ្ស និងម្ដាយបានឆ្លើយថា ជនបរទេសនេះបានទៅដល់ផ្ទះរបស់គាត់នៅអំឡុងចុងខែ មេសា ឆ្នាំ 2020 ចំនួន ២ដង ហើយបានចាប់កូនស្រីរបស់គាត់ឈ្មោះ ល. ហ.ហ្ស ទៅដេកអោបក្នុងផ្ទះរបស់គាត់ ហើយកូនស្រីរបស់គាត់ខ្លាចក៏រត់ចេញ ជនបរទេសនោះក៏បានលួងលោមឲ្យប្រាក់ 50000៛។ ក្រោយមកជនបរទេសនោះបានទៅរកកូនស្រីគាត់ម្តង ទៀតតែគាត់មិនឲ្យចូលផ្ទះ។ លុះយប់ថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២០នេះ ជននេះទៅម្តងទៀត ទើបគាត់រាយការណ៍ជូនប្រជាការពារភូមិអោយជួយតែម្ដង។ ករណីនេះមានជនរងគ្រោះ ៤នាក់ ហើយត្រូវបានអាណាព្យាបាលប្តឹង ទាំង៤នាក់។
លោកជា ហេង បញ្ជាក់ទៀតថា តាមការ សាកសួរជនសង្ស័យមិនសារភាពទេ ព្រមទាំងមានចរិកច្រងេងច្រងាងដាក់សមត្ថកិច្ចថែមទៀត។ ជននេះ ត្រូវឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះចាត់កាតាមនីតិវិធី៕SRP
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០
