ខេត្តសៀមរាប៖ក្រោយពីមានអំពើហិង្សាយ៉ាងព្រៃផ្សៃ ពីសំណាក់ព្រះចៅអធិការវត្ត ទៅលើសាមណេរ តេជគុណ សឿត សុម៉ៅសុវណ្ណរ៉ា ព្រះគ្រូចៅអធិការវត្ វេឡុវ័នដោកពោយគោកក្រោល បានផ្ដិតមេដៃធ្វើកិច្ចសន្យា
ជាលើកទី៣ទៀត លោកហ៊ានសឹក ព្រមទាំងប្រឈមចំពោះមុខច្បាប់។
សូមរំលឹកថា អំពើហិង្សាបានកើតឡើង រវាងព្រះចៅអធិការវត្ត និងសាមណេរ បណ្ដាលអោយសាមណេរ០២ ព្រះអង្គ ក្នុងចំណោម២៨អង្គ រងរបួសជាច្រើនថ្នេរ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តវេឡុងវ័ន ដោកពួយគោកក្រោល ស្ថិតនៅភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រីស្នំ។
សាមណេរ០២ព្រះអង្គ ដែលបានរងរបួសដោយអំពើហិង្សាពីព្រះចៅអធិការវត្តព្រះនាមបឿត សុម៉ៅ សុវណ្ណារ៉ា មានព្រះនាមដូចជា៖
១.សាមណេរ អុក ទីណា មានព្រះជន្ម ៩ព្រះវស្សា មានទីលំនៅភូមិជើងទៀន ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ ទទួលរងរបួសបែកថ្ងាស១កន្លែងដេរ៥ថ្នេរ សម្រាកព្យាបាលនៅមណ្ឌលសុខភាព។
២.សាមណេរ ហៅ លីហៀង មានព្រះជន្ម៨ព្រះវស្សា
រងរបួសស្រាល ហើមព្រះកេស (ក្បាល) ដើមដៃខាងស្ដាំ ស្មាឆ្វេង ប្រអប់ដៃខាងឆ្វេង។
ចំណែកព្រះចៅអធិការព្រះនាមបឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុងវ័នដោកពួយគោកក្រោល បានមានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានថា ព្រះអង្គពិតជាបានជ្រុលដៃប្រើអំពើហិង្សាទៅលើសាមណេរ ទាំងពីរអង្គនោះឲ្យរងរបួសពិតប្រាកដមែន។ ដោយព្រះអង្គបានលើកឡើងថា ការធ្វើនេះគឺជាការប្រៀនប្រដៅ ចំពោះសាមណេរ គ្រប់អង្គដែលបានប្រព្រឹត្តខុស លួចលុយ លួចឆាន់ចង្ហាន់ខុសកាលវេលា និមន្តចេញពីវត្តដោយសេរីគ្មានការអនុញ្ញាត និងទៅលែងទឹកវាលស្រែប៉ះពាល់ផលដំណាំពុទ្ធបរិស័ទ….. ជាដើម។
ព្រះអង្គចៅអធិការវត្តនោះ ក៏មានសង្ឃដីកាបន្តទៀតថា ព្រះអង្គមានការសោកស្ដាយ នៅកំហឹងមួយភ្លែតរបស់ព្រះអង្គ ចំពោះសាមណេរ ហើយព្រះអង្គក៏សូមខន្តីអភ័យទោស ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន មន្ត្រីរាជការគ្រប់អង្គភាព ពុទ្ធបរិស័ទចំណុះជើងវត្ត ចំពោះកំហុសឆ្គង ដោយមិនបានព្រាងទុក។
ព្រះអង្គ ក៏បានធ្វើលិខិតកិច្ចសន្យា ឈប់បន្តប្រើអំពើហិង្សាតទៅទៀត បើសិនជាមានថ្ងៃមុខព្រះអង្គនៅតែប្រើអំពើហិង្សានេះកើតឡើងម្ដងទៀត ព្រះអង្គនឹងលាចាកសិក្ខាបទ ហើយព្រមទទួលទោសចំពោះមុខច្បាប់ជាធរមាន។
ក្នុងលិខិតនេះបានធ្វើចំពោះមុខសាក្សីជាច្រើននាក់ ក្នុងចំណោមនោះ មានព្រះវត្តមានព្រះអនុគណស្រុកស្រីស្នំ ព្រះអង្គកិនស្មឿន និងលោកហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំផងដែរ។
ទោះជាយ៉ាងណា សៀមរាប ប៉ុស្តិ៍ ពុំទាន់បានធ្វើការទំនាក់ទំនង ជាមួយសាមណេរ២អង្គនោះបាននៅឡើយទេ ដោយព្រះអង្គនៅសម្រាកព្យាបាលព្រះកាយនៅឡើយ៕