Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

កម្ពុជាទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤

– ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងករណីស្លាប់ ៩៩នាក់

– ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួន ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬថយ ៤៦% និងករណីស្លាប់ ៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬថយ ៥៤%។

បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិ ថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មេីនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វេីឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដេីមអាណត្តិទី៧នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

«មិត្តអ្នកអាន» លោក រ៉េន អាទិត្យសិលវតា៖ លោក សម រង្ស៊ី នៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា យ៉ាងច្បាស់ក្រឡែត!

លោកសម រង្ស៊ី នៅពីក្រោយឃាតកម្ម ឯកឧត្ដម លីម គីមយ៉ា យ៉ាងច្បាស់ក្រឡែត! យោងតាមមូលហេតុខាងក្រោម៖

១-លោក លីម គីមយ៉ា គឺជាសមាជិកអតីតគណបក្សប្រឆាំងដែលមាននិន្នាការជាមួយលោកកឹម សុខា មិនមែនសម រង្ស៊ី

២-លោក លីម គីមយ៉ា មិនសប្បាយចិត្តនឹងនយោបាយដឹកនាំបន្តរបស់ សម រង្ស៊ី រហូតដល់មានការបង្ហោះជាសាធារណៈពី សម រង្ស៊ី

៣-លោក សម រង្ស៊ី បារម្ភថានឹងបាត់បង់ប្រជាប្រិយភាពនយោបាយ និងគ្មានអង្គហេតុដើម្បីប្រឆាំងបន្ត

ដូច្នេះ លោក សម រង្ស៊ី បានសហការជាមួយនឹងគណបក្សប្រឆាំងនៅប្រទេសថៃ ដើម្បីបង្កើតព្រឹត្តិការណ៍នេះឱ្យផ្ទុះទាំងនយោបាយក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើយ៉ាងណា៎គណបក្សដែលកំពុងកាន់អំណាចបាត់បងការគាំទ្រ ឬចោទប្រកាន់គណបក្សកាន់អំណាចនៅពីក្រោយ ការសម្លាប់នេះ។

នៅក្នុងប្រទេសថៃ ប្រធានបទដ៏ក្ដៅរបស់គេគឺ រដ្ឋាភិបាលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា បែរជាឪពុកជាអ្នកដោះស្រាយវិញ ចំណែកឯ ប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា ។

ដោយឡែក ក្នុងករណីនេះ លោកសម រង្ស៊ី បានបង្កើតអង្គហេតុនេះឡើងមក បើទោះបីជា លោកលីម គីមយ៉ា ជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយ៉ាងនេះផង ហើយលោក លីម គីមយ៉ា ក៏មិនស្ថិតក្រោមបញ្ជានយោបាយរបស់ខ្លួនផង ក៏បង្កើត និងឈរនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា​ យ៉ាងព្រៃផ្សៃហើយ បោះដុំភ្លើងនយោបាយនេះ មកកម្ពុជា ជាពិសេសគំនុំចាញ់នយោបាយសម្ដេចតេជោផង ក៏សម្រេចចោទប្រកាន់សម្ដេចតេជោម្ដងហើយម្ដងទៀត (គឺធ្វើនយោបាយគំនុំ មិនគិតពីប្រយោជន៍ជាតិ)។

ចំណែកឯការចោទប្រកាន់ ឯកឧ.ឃួង ស្រេង វិញ ព្រោះដោយខឹងអភិបាលរាជធានីភ្នំពេញ ទាញសមាជិកសកម្មជននយោបាយរបស់ខ្លួនចុះចូលនឹងគណបក្សប្រជាជនជាច្រើននាក់ ទើបទាញ អភិបាលរាជធានី ចូលក្នុងអង្គហេតុនេះ ដើម្បីធ្វើឱ្យសកម្មជននយោបាយប្រឆាំងរបស់ខ្លួនមិនហ៊ានចុះចូលនឹងគណបក្សកាន់អំណាច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៥

ខេត្តកណ្ដាល៖លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត « មេទឹកសំឡូង» ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ។ នេះបើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយ។

ជុំវិញរឿងនេះប្រជាពលរដ្ឋបានបង្ហើបថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ (ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងបោកប្រាស់ទាំងស្រុង។

បើតាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥ម៉ឺនដុល្លារ ក្នុង១ហិកតា សរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង។

ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មាន បានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការ របស់ឧកញ៉ា ចាប ហុងលី ដោយលោកបានទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែន ដោយផ្អែកថា ប្រជាពលរដ្ឋឯកភាពឱ្យលក់។

លោក ទឹម ទន មេភូមិសន្លុង បានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់។

ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់ ”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។

បើតាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារក្នុង១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន នាពេលថ្មីៗនេះដែរទេ។ លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។

ជុំវិញករណីនេះ អ្នកសារព័ត៌មានក៏បានសុំការបំភ្លឺពីលោកស្រី ណេង ដាលីស មេឃុំសន្លុង តាមប្រព័ន្ធTelegram ប៉ុន្តែលោកស្រី មិនបំភ្លឺនឹងមិនឆ្លើយតប ហើយពេលខលចូលក៏មិនទទួល។

ចំណែកលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ អ្នកសារព័ត៌មានថាលោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ។ ឯលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា លោកពុំបានដឹងរឿងនោះឡើយ។

ក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើ ថា តើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ.ទើបពលរដ្ឋស្ងប់ចិត្ត។ ព្រោះថា ការលក់ដីអាករឃុំសន្លុង ប្រជាពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ជាបុគ្គលិកធ្វើការ នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។

ហេតុការណ៍បានកើតឡើង វេលាម៉ោងជាង៩យប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តី បានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូ Honda ADV 160cc ពណ៌ស៊ីម៉ង់ ពាក់ផ្លាកលេខ សៀមរាប 1AS-4898 សង្ស័យបើកបរក្នុងល្បឿនលឿន ដួលហើយបុកផ្ទប់ជាមួយដើមឈើបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មាននៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តសៀមរាបមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យមានបណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការ ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឱ្យបានលឿន។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិ ក្នុងស្រុកពួក ស្ថិតក្នុងឃុំយាង ស្រុកពួក មានភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត និងភូមិកញ្ចន់គុយ។

លោក ប៊ូ ជាសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ការផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។

លោកអនុប្រធានមន្ទីរ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីត្រូវចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំហើយត្រូវត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំវាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឱ្យមន្រ្តីចុះបញ្ជីធ្វើបាននូវភាពសុក្រឹត ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលពុំបានចួលរួមឱ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួនឱ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ក្រសួងការពារជាតិ បានសំណើតម្រូវការពលទាហានថ្មី ចំនួន (២០០២នាក់) លើគម្រោងសេចក្ដីត្រូវការចាំបាច់ ចំនួន (៧.៨៧០នាក់) ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការនិងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

នេះបើតាមលិខិតរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ គោរពជូនសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃ ១០ខែមករា ឆ្នាំ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ខេត្តសៀមរាប៖បុរសអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យរបួសខណ:បត់មិនប្រយ័ត្ន។ ហេតុការណ៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០នាទី នៅចំណុចមុខមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិង ម៉ូតូ ដោយ
រថយន្តម៉ាក TOYOTA FORTUNER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-3677 បេីកបរដោយឈ្មោះ ម៉ៅ ចាន់ថ្លា ភេទស្រី អាយុ40ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប (ទិសដៅពីកេីតទៅលិច)។ ចំណែកម៉ូតូ ម៉ាក SUZUKI VIVA ពណ៌ ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1E-1579 បេីកបរដោយឈ្មោះ សួន បញ្ញា ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ (ពាក់ មួក សុវត្ថិភាព ) (ទិសដៅ ពី កេីតទៅលិចបត់ឆ្វេង)។

សមត្ថកិច្ចបានប្រាប់ថាករណីនេះ បណ្ដាលឲ្យ អ្នកបេីកបរម៉ូតូរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។តាមសន្និដ្ឋាន អ្នកបេីកបរម៉ូតូ 1E-1579 សៀមរាប បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងបញ្ចូនទៅស្នាក់ការមាត់ស្ទឹងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
៤- ផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ខេត្តព្រះវិហារ៖រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នេះ គេនៅកុំទាន់ឃើញ ក្រសួងពាក់ព័ន្ធនាៗ ចេញសេចក្សីបំភ្លឺជុំវិញ ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគ កសិ.ឧស្សហកម្ម របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយចូលដីរដ្ឋរាប់រយហិកតា នៅឡើយទេ។ ប្រការដែលក្រសួងពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ មិនបញ្ចេញប្រតិកម្ម ឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន ក្នុងស្រុកដែលបានផ្សព្វផ្សាយ យ៉ាងព្រោងព្រាតបែបនេះ គេនៅកុំទាន់ដឹងថា មានមូលហេតុអ្វីនោះដែរ ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះមានអំណាចកាន់តែខ្លាំងមិនញញើតនឹងច្បាប់ឡើយ។

កាលពីថ្មីៗ នេះ ក្រុមអ្នកស្រឡាញ់ព្រៃឈើនិងមន្ត្រីជំនាញនៃខេត្តព្រះវិហារ និងមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចុះទៅសិក្សាស្រាវជ្រាវ ទីតាំងឈូសឆាយដី របស់ក្រុមហ៊ុនសុវណ្ណភូមិ ដែលមានលោកឧកញ៉ាអាន ម៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ធ្វើសកម្មភាព ឈូសឆាយចូលដីរដ្ឋ អស់ជាង៥០០ហិកតា នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង។

លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បានសរសេរបញ្ជាក់នៅលើ ទំព័រfacebook
លោកតាន់ គឹមសួរ (tan kimsour)ថា ខ្ញុំគិតថា បើរដ្ឋាភិបាល មិនមានវិធានការ សមស្រប ណាមួយទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជន នឹងមិនមានការសប្បាយចិត្តទេ ដោយគិតថា នេះគឺជារឿងដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតា ប្រព្រឹត្តិបទល្មើសព្រៃឈើ បន្តិចបន្តួច មានការដាក់ទោស ចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុន ឈូសបំពានរាប់រយហិកតាបែរជាមិនមានចំណាត់ការ អ្វីទៅវិញ ឬ មានចំណាត់ការដែរ តែចំណាត់ ដែលមានការយោគយល់ទៅវិញ។ ហើយករណី ត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេក នឹងកើតមានឡើងជាបន្តបន្ទាប់។

លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌ ដែលរដ្ឋ បានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវ លើសម្ដីរបស់ខ្ញុំ ចំពោះមុខច្បាប់)។

បើតាមលោកតាន់ គឹមសួរ បានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ បានចុះទៅជាមួយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិ នេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុន មិនបានអនុវត្តអនុវត្តតាមគោលការណ៍ ដែលក្រសួងបានដាក់ឲ្យ ៖

១/ មុនចាប់ផ្ដើមដំណើរការ ឈូសឆាយ ក្រុមហ៊ុនមិនបានសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់ នូវតំបន់ឈូសឆាយ។

២/ ក្រុមហ៊ុន បានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរ ដែលក្រសួងមានការហាមប្រាមជាដាច់ខាត។

៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋ អស់ជាច្រើនហិកតា។

៤/ មិនមានបិទ logo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្ត តាមវិធានបច្ចេកទេស ជាធរមាន ដោយមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដាន លើដំណើរការ ឈូសឆាយរបស់ក្រុមហ៊ុន។

៥/ មិនបានធ្វើការឈូសឆាយ ក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាម តាមលក្ខខណ្ឌ ដែលក្រសួងបានដាក់ឲ្យនោះទេ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាល នឹងមិនមានការយោគយល់ ចំពោះទង្វើត្រីងៀត ឆ្លៀតពង ឬដូចប្រសាសន៍ របស់សម្ដេចធិបតី នាយករដ្ធមន្ត្រី បានលើកឡើងថា កន្ទេលធំ បន្លំដេក នេះជាដាច់ខាត។

ជុំវិញ ការលើកឡើង របស់លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ ដែលអះអាងថា
ក្រុមហ៊ុន សុវណ្ណភូមិ របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយប៉ះដីរដ្ឋរាប់រយហិកតា បែបបេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេ រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៥

ខេត្តសៀមរាប៖លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ជំរុញនិងក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ទាំងអស់ត្រូវចូលរួមសហការ ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។

លោកមានប្រសាសន៍ ក្នុងវត្តវណ្ណារាម ហៅវត្តថ្មី នាថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥ នេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន១៣ នៃឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រួមមាន៖ ភូមិពពេល ភូមិពង្រ១ ភូមិពង្រ២ ភូមិថ្មី ភូមិសំបូរ ភូមិអូររូង ភូមិពោធិ៍ ភូមិជ័យបូរ ភូមិផ្លុង ភូមិតាព័រ១ ភូមិតាព័រ២ ភូមិអូរខ្លុង និងភូមិដងផ្អាវ។

លោក ហ៊ី សាយ បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬ មិនពាក់ព័ន្ធនឹងដីរដ្ឋផងដែរ។

លោក ហ៊ី សាយ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដី ដោយបានឯកភាពព្រំ រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធ នឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឲ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និង ទាំងលក្ខណៈច្បាប់ផងដែរ។

លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឲ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និង ការទទួលខុស ត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។

លោកអភិបាលរងស្រុកជីក្រែង ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យទៅបាន គឺទាមទារកិច្ចសហការរបស់បងប្អូនប្រជាពលរដ្ឋដែលម្ចាស់ដីផ្ទាល់ ត្រូវចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ ជាមួយគ្នានោះផងដែរលោកធូ ចន្ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយ បន្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីដែលពុំបានចួលរួមឲ្យបានដឹងនិងចូលរួមបោះបង្គោលព្រំដី ដោយបានឯកភាពព្រំ រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួន ឲ្យបានគ្រប់ៗគ្នាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៥

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានអះអាងថា ការកាប់ព្រៃទន្ទ្រានដី យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតែមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាគិតពិភាក្សាដោះស្រាយ ឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្ដ។ ជាមួយនោះ មន្ដ្រីពាក់ព័ន្ធ ត្រូវបង្ហាញពីផ្ទៃដីដែលជនខិលខូច កាប់ព្រៃទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្តបន្តថា ក្រោយពេលពិនិត្យរកឃើញបទល្មើសធនធានធម្មជាតិច្បាស់លាស់ អ្នកពាក់ព័ន្ធ ត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ លោកបន្ថែមថា គ្មានអ្នកណាម្នាក់ អាចលាក់បាំងជិត ក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ ដូច្នេះអ្នកពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានជាដាច់ខាត ដេីម្បីដាក់ទោសទៅតាមផ្លូវច្បាប់។

លោកបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។

បើតាមលោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្តែង លើទីតាំងដីរងការទន្ទ្រាន ២០១ ទីតាំង ក្នុងនោះមាន ៨ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងឈូសឆាយដីព្រៃថ្មី ៦ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ ហេីយទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ និងចន្ទីមាន ១៨០ទីតាំង។ ទីតាំងធ្លាប់កសាងសំណុំរឿង ៧ទីតាំង នៅតែបន្តគ្រប់គ្រងដោយឃើញមានដាំដំឡូង។

លោកបានបន្តថា ចំពោះដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបានធ្វើការចុះល្បាត ពិនិត្យ ជាក់ស្តែងទីតាំងដីរងការទន្ទ្រាន ១៥៦ទីតាំង ក្នុងនោះទីតាំងកាប់រុករានដីព្រៃថ្មីចំនួន ៩ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញ មានដាំដំឡូង ស្រូវ ចេក ខ្នុរ ចេក និងចន្ទីមានចំនួន ១៣៧ទីតាំង និងទីតាំងធ្លាប់កសាងសំណុំរឿងចំនួន ១០ទីតាំង នៅតែបន្តគ្រប់គ្រងឃើញមានដាំដំឡូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

ភ្នំពេញ៖អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ចេញ​សេចក្ដី​បញ្ជាក់ ជូនសាធារណជន​ និងបាន​បដិសេធ​រាល់ការ​ចោទប្រកាន់​ដោយគ្មាន​ភស្តុតាង​ពីសំណាក់​បុគ្គល​ឈ្មោះ​ ហេង​ សិទ្ធី​។

អ្នកឧកញ៉ា​ ហ៊ុន​ តូ​ បាន​ត្រៀមរួចជាស្រេច​ក្នុង​ការប្ដឹងបកត្រលប់ទៅវិញ​ និង​ តតាំង​ក្ដី​ជាមួយ​បុគ្គល​ឈ្មោះ​ ហេង​ សិទ្ធី​ ដេីម្បី​ការពារ​សិទ្ធិ​ ភាពត្រឹមត្រូវរបស់​អ្នកឧកញ៉ា​នៅចំពោះ​មុខច្បាប់​។ នេះបើតាមលិខិតចុះហត្ថលេខាដោយអ្នកឧកញ៉ាហ៊ុន តូ ដែលអាខោនហ្វេសប៊ុកលោកផែង វណ្ណៈ បានផ្សព្វផ្សាយនៅមុននេះបន្តិច។ សុំអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page58 Page59 Page60 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×