ខេត្តព្រះវិហារ៖លោក សំ លាង ទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាន ថ្លែងប្រាប់អ្នកសារព័ត៌មានថារង្វង់មូលស្រអែម ដែលកំពុងសាងសង់និងត្រូវបានផ្ដួចផ្ដើមដោយ លោកទេសរដ្ឋមន្ត្រីមាស សុភា លោកសួស យ៉ា រ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារនិងអាជ្ញាធរ ខេត្តព្រះវិហារ ដោយសាងសង់យកលំនាំតាម រចនាប័ទ្ម ប្រាសាទព្រះវិហារនឹងអាចរួចរាល់ សប្ដាហ៍ក្រោយឬយ៉ាងយូរពីរសប្ដាហ៍ទៀត។
លោកសំ លាងទ្រី បានបន្ថែមថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនៅមិនទាន់ទទួលបាន គោលការណ៍រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ នៅឡើយដោយសារកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺ កូវីដ–១៩ ខណៈដំណើរការសាងសង់ជិតរួចរាល់ ១០០%ហើយ។
សូមរម្លឹកផងដែរថាលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង នូវការកោតសរសើរ ដល់អាជ្ញាធរខេត្ត ព្រះវិហារមន្ទីរ អង្គភាពពាក់ព័ន្ធក៏ដូចជាអាជ្ញាធរ មូលដ្ឋាននិងសប្បុរសជននានាដែលបានបរិច្ចាគ ទ្រព្យធននិងថវិកាចូលរួមកសាងសមិទ្ធផលថ្មីនេះ ។ទន្ទឹមនិងនេះលោកក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តនិងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ត្រូវ យកចិត្តទុកដាក់ខិតខំធ្វើការដើម្បីធ្វើយ៉ាងណាឲ្យ ដំណើរការសាងសង់រង្វង់មូលស្រអែមនេះបាន រួចរាល់។
រចនាប័ទ្មរង្វង់មូលនេះយកតាមលំនាំសំណង់យកប្រាសាទព្រះវិហារប្រមាណ៧៥%នៃតួប្រាសាទ ទាំងមូល។ ចំពោះខ្ទង់ចំណាយសាងសង់មាន ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បាន មកពីការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដោយមិនមានការចំណាយថវិការដ្ឋឡើយ។
រង្វង់មូលនេះត្រូវសាងសង់ឡើងដោយមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈ ទី៥នៃប្រាសាទ ព្រះវិហារ ខ្នាត១លើ២៥ស្មើនឹង៧៥% នៃតួ ប្រាសាទព្រះវិហារ ដើមមានរូបនាគ២ហើយនៅ លើរង្វង់មូលនេះក៏នឹងមានការដាំស្មៅផ្កានិង ដើមឈើលម្អយ៉ាងស្រស់ស្អាតផងដែរ។ មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជា អ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង។
សមិទ្ធផលថ្មីនេះបន្ទាប់ពីផ្លូវភ្លោះនិងបុស្បុក លោកតាសួងដែលមានលោកអ៊ុន ចាន់ដា ជា អតីត អភិបាលខេត្តផ្ដួចផ្ដើមនាពេលកន្លងមក។ ការសង់រង្វង់មូលនេះក្នុងគោលបំណងកែលំអ សោភ័ណភាពទីប្រជុំជនមួយនេះឲ្យកាន់តែស្រស់ ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅ កម្សាន្តនៅរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារកាន់តែច្រើនឡើង។
សូមបញ្ជាក់ថារង្វង់មូលនេះបានធ្វើពិធីបែប សាសនាក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨កន្លងមក ក្រោម អធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ព្រះវិហារ៕SRP

