ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាបថាការដ្ឋានជួសជុលកែលម្អចំណតយានយន្តផ្សារលើធំថ្មី ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ នឹងបានក្លាយជាចំណែកនៃដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភ័ណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍក្រុង បន្ទាប់ពីបានសិក្សារួចរាល់កាលពីអំឡុងឆ្នាំមុននេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ថវិកាអាជ្ញាធរខេត្តដែលជាម្ចាស់គម្រោង និងអនុវត្តដោយអាជ្ញាធរក្រុង ក្នុងនោះមន្ទីរសាធារណការនិងដឹកជញ្ជូន ជាសេនាធិការលើការងារបញ្ចេញគំរូប្លង់មេ។
ដោយឡែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងផងដែរថានេះគឺជាការឆ្លើយតបទៅនឹងការវិវត្តរីកចំរើននៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ ដែលកំពុងមានកំណើននៃការប្រើប្រាស់យានយន្ត យ៉ាងដូច្នេះហើយទើបបញ្ហាសណ្តាប់ធា្នប់សាធារណៈ របៀបរៀបរយសង្គម ចរាចរណ៍ បរិស្ថាន និងសោភ័ណភាព ត្រូវបានស្ថិតនៅក្នុងកម្មវត្ថុនៃការអភិវឌ្ឍស្របតាមនិន្នាការនៃការរីកចំរើន។
យ៉ាងណាក៏ដោយ ការពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតំបន់ដែលគ្រោងនឹងបើកការដ្ឋានជួសជុលកែលម្អចំណតយានយន្តនោះ អាចនឹងតម្រូវឲ្យមានការកែសម្រួលខ្លះៗនៅលើគំរូប្លង់មេ ដែលមិនត្រឹមតែធ្វើឲ្យចំណតយានយន្តអាចដំណើរការប្រកបដោយបទដ្ឋានបច្ចេកទេសនោះទេ តែផ្លូវភ្លោះមុខផ្សាលើធំថ្មី អាចនឹងមានភាពធំទូលាយជាងមុន៕SRP
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០
