ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង។ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង១និង២៨នាទីរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ នៅភូមិប្រាំយ៉ាមឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យភ្លាមលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម ចុះទៅអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងប្រើប្រាស់អស់ទឹក០៤ឡានក្នុងការអន្តរាគមន៍ជួយពន្លត់។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាឲ្យឆេះផ្ទះទី០១-ម្ចាស់ឈ្មោះឯមនឿន ភេទស្រីអាយុ៥៧ឆ្នាំផ្ទះមានទំហំ៨ម៉ែត្រx៩ម៉ែត្រ ដំបូលប្រក់ក្បឿងជញ្ជាំងក្តាររនាបឫស្សី បេតុងក្រោមឆេះអស់ទាំងស្រុងនិងសម្ភារនៅលើផ្ទះដូចជា៖ម៉ាស៊ីនដេ០៥គ្រឿង ម៉ូទ័រ០១គ្រឿងក្បាលខ្យល់០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ខ្សែកមាស១០ជី លុយ១២០០ដុល្លារទូដាក់ខោអាវ០៣ ម៉ូតូគប់ជ្រង់០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ដោយឡែកផ្ទះមួយខ្នងទៀតម្ចាស់ឈ្មោះជាចាន់ណាភេទស្រី អាយុ៣៧ឆ្នាំ ឆេះផ្ទះអស់០១ខ្នងមានទំហំ៧ម៉ែត្រx៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តាររនាបក្តារបេតុងក្រោម ផ្ទះនេះឆេះអស់៧០ភាគរយនឹងសម្ភារមួយចំនួនផងដែរ។ ករណីដោយសមត្ថកិច្ចដាក់ការសង្ស័យលើការទុស្សេខ្សែភ្លើង៕SRP