Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២៤

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ។

ការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ធ្វើឡើង ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះក្នុងឱកាស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង​ ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។

សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់ បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិត ក្នុងផ្លូវត្រឹមត្រូវ។

ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ ​យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋ​ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ។

នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ​​ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីក ហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៤

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។ ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

មុននឹងបញ្ចប់ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទរបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀតនឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគនៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៤

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប និងជម្រាបលា ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។ សម្ដេចធិបតី បានលើកឡើងថា “នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង” ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២៤

មេប៉ូលិសកម្ពុជាលោកនាយឧត្តមសេនីយ៍ ស ថេត៖ ស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយឲ្យមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ។

ការព្រមានធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាក្មេងទំនើង ត្រូវអនុវត្តជាដាច់ខាត មិនមានថមថយ ចំពោះស្នងការនគរបាលខេត្ត ណា ដែលបណ្តែតបណ្តោយ អោយមានសកម្មភាព ក្មេងទំនើងកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលឡើងថ្មី បន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដែលកំពុងជាចំណុចក្តៅ និងកំពុងពង្វក់អនាគត ក្មេងដែលជាទំពាំងស្នងឬស្សី ហើយបញ្ហាល្បែងស៊ីសងឆ្នោតផ្សងសំណាងដែលបានរីកសាយភាយគ្រប់ទីកន្លែងសូមយកចិត្តទុកដាក់បង្ក្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៤

ខេត្តសៀមរាប៖យោងតាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់ ឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ជំនួស ឯកឧត្តម សុិន ភាត់ ដែលត្រូវផ្លាស់ប្តូរភារកិច្ច។

ការប្រកាសសមាសភាពប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នេះធ្វើឡើង នៅរដ្ឋបាលខេត្តសៀមរាប នាសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គតិសង្ហបណ្ឌិត ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៤

ឯកឧត្តមបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។

ឯកឧត្តមបណ្ឌិត បានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថាមានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។

កិច្ចប្រជុំធ្វើឡើង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ។

ក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកងកម្លាំង ស្របតាមទិសស្លោកដឹកនាំសម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧ មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ឯកឧត្តមស សុខា បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តមបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២៤

ថៅកែលក់គ្រឿងសំណង់ មួយកន្លែងត្រូវបានចោរចូលប្លន់និងចាក់សម្លាប់បណ្ដាលអត់ស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍បានកើតឡើង នៅ ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤ទៀបភ្លឺ។ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។

យោងតាម កម្មករឈ្មោះផុង អាយុ ២៣ឆ្នាំដែលស្នាក់នៅក្នុងដេប៉ូបានប្រាប់សមត្ថកិច្ចថា ជារៀងរាល់យប់ រូបគេបានស្នាក់នៅក្នុងដេប៉ូថៅកែរបស់គាត់ ប៉ុន្តែថៅកែ របស់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួន របស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ។

កម្មករបានបន្តថា នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោង៧ព្រឹក ដោយឃើញមានឡានម៉ូយដឹកខ្សាច់ យកមកទម្លាក់ក្នុងដេប៉ូ ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ ក៏ប៉ុន្តែនៅព្រឹកនេះ មិនឃើញថៅកែចេញមកជួប ទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់។ ក្រោយមកគាត់ក៏បានចុចទូរស័ព្ទទៅថៅកែ តែចុចមិនចូលដោយឃើញនៅមុខបន្ទប់របស់ថៅកែ នៅមានស្បែកជើងគាត់ក៏បានស្រែកហៅពីខាងក្រៅបន្ទប់ តែពុំមានសំឡេងឆ្លើយ រូបគាត់ក៏បានសម្រេចចិត្ត បើកទ្វារបន្ទប់ ក៏ឃើញថៅកែ ដេកស្លាប់ផ្កាប់មុខ ដោយមានឈាមពាសពេញកំរាលពូកធ្វើឱ្យគាត់ស្រែកឆោឡោឡើង រួចក៏បានទូរស័ព្ទទៅកូនប្រុសរបស់ថៅកែឲ្យមកមើល។ កូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នា ក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ខ្លួនត្រូវចោរប្លន់ចាក់សម្លាប់ នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមក។

សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចធ្វើសកលវិច័យត្រួតពិនិត្យសាកសព និងទីតាំងជុំវិញកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោងមកទើបកំណត់បានថា ជាករណីប្លន់យកទ្រព្យសម្បត្តិ រួចចាក់សម្លាប់ហើយក៏គេចខ្លួនបាត់តែម្ដង។

តាមការលើកឡើងរបស់សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅចន្លោះម៉ោង ៤ ទៅម៉ោង ៤និង៣៧នាទី ទៀបភ្លឺ ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ ឃាតករបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ រួចក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ហើយក៏ធ្វើការចាក់ទៅលើ ជនរងគ្រោះ ដោយអាវុធដែកមុតស្រួចចំណុច ត្រង់ក.និងចុងដង្ហើមខាងមុខចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិត សរុបទាំងអស់ចំនួន ០៤កាំបិត ហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន៖
១,ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ
២.ចិញ្ចៀនមាសទម្ងន់០១ដំឡឹង ៥ជីមួយវង់
៣,ទូរស័ព្ទ iphone ១២.មួយគ្រឿងនិងទូរស័ព្ទអិនចុចពិលមួយគ្រឿងនិងលុយក្នុងកាបូបមួយចំនួន ហើយបើករថយន្តរបស់ជនរងគ្រោះ ម៉ាក់ តូយូតា.CROSS. ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ.2C-1112. យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ ក៏បានប្រគល់សាកសព ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវវែកមុខឃាតករដៃដល់ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានអះអាងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាសិទ្ធិផ្ដាច់មុខរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

សម្តេចតេជោហ៊ុន សែន បានអះអាងតាមប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលត្រូវបានចេករំលែកនៅថ្ងៃនេះថា ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ១២មិថុនា២០២៤។

សម្ដេចហ៊ុន សែនបានបន្តថា មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

សម្ដេចហ៊ុន សែន បញ្ជាក់ថា មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើង បានឆាប់​ដោយមិនព្រួយ​អង្គុយបក់ផ្សែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៤

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ។

នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តនិងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសមនិងសំណេះសំណាលនាពេលនេះ។

ឯកឧត្តមក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូដែលបានឆ្លៀតឱកាសអញ្ជេីញជួបសំណេះសំណាលនាពេលនេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៤

ភ្នំពេញ៖សម្ដេចអធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចគ្រប់ចាន់ថ្នាក់ទប់ស្កាត់ការបង្ក្រាបនៅក្មេងទំនើងបងធំបងតូច។

ថ្លែងនៅក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”  នៅថ្ងៃព្រហស្បតិ៍នេះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមួយរយៈពេលនេះ ខ្ញុំបានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។

សម្ដេចហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ។

ជាមួយគ្នានេះ, ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្ករអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៤

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតខណៈឪពុកម្ដាយបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីបានហូបនំបញ្ចុក។ នេះបើតាមព័ត៌មានបឋម។

ប្រភពព័ត៌មានពីស្រុកស្វាយលើ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០ នាទី មានករណីមនុស្សស្លាប់សង្ស័យថាពុល នំបញ្ចុក នៅចំណុច ផ្ទះជនរងគ្រោះ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ។

ប្រភពបានអោយដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៤ ម្ដាយជនរងគ្រោះ ឈ្មោះ ហ៊ុន គឿន អាយុ ៥០ឆ្នាំ បានទិញនំបញ្ចុក ពីឈ្មោះ ប៊្លូ (មិនស្គាល់ឈ្មោះជាក់លាក់រស់នៅភូមិ ព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជិះលក់តាមម៉ូតូនៅក្នុងបរិវេណស្រុកស្វាយលើ ចំនួនមួយគីឡូ បន្ទាប់មកម្ដាយរបស់ ជនរងគ្រោះ បានហូបខ្លះនិងទុកឲ្យកូនខ្លះ លុះដល់ពេលល្ងាចម៉ោង១៧:០០នាទី ជនរងគ្រោះ ឈ្មោះ សួន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សួន ស្រីណុត ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះសួន គន្ធា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ បាននាំគ្នាហូបនំបញ្ចុកដែលម្ដាយទុកឲ្យ ក្រោយពេលហូបបានរយ:ពេលចំនួន១០នាទី ស្រាប់តែមានអាការ:ឈឺក្បាល វិលមុខ ក្អួតចង្អោរ ភ្លាមនោះ ឪពុកឈ្មោះ ឃ្លាំង សួន បានរកឡានអ្នកជិតខាងដឹកកូនទាំង៣នាក់ មកមណ្ឌលសុខភាពស្វាយលើ ក្រោយពេលមកដល់ឈ្មោះ សួន ពិសិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។ ចំណែកប្អូនស្រី២នាក់ ទៀត សួន ស្រីណុត និង សួន គន្ធា ត្រូវបានលោកគ្រូពេទ្យនៅមណ្ឌលសុខភាពស្វាយលើបញ្ជូនទៅមណ្ឌលសុខភាពសូទ្រនិគមបន្ត។

ជុំវិញករណីនេះ គេនៅពុំទាន់ឃើញមន្ត្រីជំនាញសុខាភិបាលស្រុកនិងខេត្តចេញសេចក្ដីប្រកាសព័ត៌មាននៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៤

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំៗនិងម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង តាមបណ្តោយ លើផ្លវជាតិ៦ ចន្លោះបង្គោលគីឡូលេខ(៣០៦-៣០៧)រវាងរថយន្តនិងម៉ូតូស្របទិសគ្នា។

សមត្ថកិច្ចបានប្រាប់ថា រថយន្ត១គ្រឿងម៉ាក FUSOពណ៌សរ លាយខៀវពាក់ផ្លាកលេខកំពង់ធំ ៣A-១៣៣២ អ្នកបើកបររថយន្ត (រត់គេចខ្លួនបាត់) បើកពីទិលខាងលិចទៅទិសខាងកើត បើកបរដល់មុខផ្លូវចូលស្តាតថ្មីបានបុកម៉ូតូ១គ្រឿងម៉ាកហុងដា (០១៩)ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប
១AM-០៤៦២  បើកបរដោយឈ្មោះ សាន់ តង ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
(របួសស្រាល)  មានទិសដៅពីលិច ទៅកើតនិងមានអ្នករួមដំណើរ២នាក់៖
១/ឈ្មោះវ៉ាន់ និមល ភេទស្រី អាយុ ៦ឆ្នាំ នៅភូមិ ជាមួយគ្នា(របួសធ្ងន់)
២/ឈ្មោះវ៉ាន់ សម្បត្តិ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិជាមួយគ្នា(របួសស្រាល)។

ក្រោយពេលកើតហេតុរួច រងគ្រោះ ត្រូវបានគេជួយសង្គ្រោះ យកទៅសង្រ្កោះនៅពេទ្យគន្ធបុប្ផាខេត្តសៀមរាប ពេលដល់មន្ទីរពេទ្យ ឈ្មោះវ៉ាន់ និមលភេទស្រីអាយុ៦ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។ រថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកប្រាសាទបាគងដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page80 Page81 Page82 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×