Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម បានដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តឱ្យចុះអន្តរាគមន៍ រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីទប់ស្កាត់បញ្ហាអាណាធិបតេយ្យ បន្ទាប់ពីមានអ្នកទទួលការមួយចំនួនបង្កការអុកឡុកក្នុងអំឡុងពេលដំណើរការដាក់ដេញថ្លៃនោះ។

ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្ងៃពុធនេះ។

ដើម្បីធានាការដេញថ្លៃគម្រោងមូលិធិឃុំ-សង្តាត់ ឲ្យដំណើរការរលូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវឱ្យការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព គណនេយ្យភាពនិងជៀសវាងដាច់ខាត នូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ អនុវត្តនីតិវិធី នៃការដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាស ចាំយកលុយទឹកតែ ពោលគឺត្រូវលុបបំបាត់នូវភាពអសកម្ម ទាំងឡាយ ដើម្បីធ្វើការពង្រីកសមិទ្ធផល ក្នុងមូលដ្ឋានរបស់យើងឲ្យកាន់តែច្រើនឡើង។

អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវធ្វើលិខិតបេសកកម្ម ឱ្យអ្នកសារព័ត៌មានចេញពីមន្ទីរព័ត៌មានខេត្ត ចុះទៅយកព័ត៌មានដោយផ្ទាល់ ពេលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ តាមចំនួនមានការកំណត់ ធ្វើយ៉ាងណា ត្រូវជៀសវាងនូវភាពរញ៉េរញ៉ៃ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យលើទម្រង់ របាយការណ៍របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម (ចាប់ពីខែកញ្ញា ២០២៣ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៤)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកមិញនេះលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ ភាពលេចធ្លោ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹង មិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹង តាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ លោកស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទ តាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយ នៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី លោកក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

លោកស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា លោក ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ស្អឺ ជំនួសលោក វ៉ី សំណាង ដែលផ្ទេរទៅកាន់អភិបាលខេត្តតាកែវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។

ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។

មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕SRP
លោកប៉ែន បូណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៤

ភ្នំពេញ៖សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។

សម្ដេចមានប្រសាសន៍លើកទឹកចិត្តបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យ សមាគមសិល្បករខ្មែរ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាពភ្នំពេញ នាថ្ងៃអង្គារនេះ។

ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១).​ ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២).ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត(ការផ្តល់ឈាម)​ សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។

សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាទិកាដើមដោយខ្លួនឯង (Original Content) ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៤

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបញ្ជា ដល់ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត និងសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងបទល្មើសធនធានធម្មជាតិដទៃទៀត ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង។

នៅក្នុងឱកាសនោះ ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ​ធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត និងសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងបទល្មើសធនធានធម្មជាតិ ដទៃទៀត ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុង ជាដើម ។ ទន្ទឹមនេះ បង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ របស់យើង។

នាយករដ្ឋមន្ត្រី ក៏បានបានកោតសរសេីរ​ និងអរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និងវិស័យ​ឯកជន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលកម្ពុជា ប្រកបដោយនិរន្តរភាព សំដៅរួមចំណែកធានាសន្តិសុខស្បៀង ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យក ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ និងតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនាដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់យើង និងដើម្បីឱ្យត្រីមេពូជទាំងឡាយ បន្តពូជ ពងកូន និងរីកធំធាត់។

សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញ ចូលរួមកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃចន្ទម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៤

ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកគង់ សោភ័ណ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែល លោកកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគួច ចំរើន ដែលពេលនេះ លោក ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយ លោកគួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ដើម្បីសម្រចបានវឌ្ឍនភាពការងារបន្ថែមទៀត លោក ស សុខា បានផ្ដល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាល មកពីវិបត្តិជាសកលនានា សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងសុខដុមនីយកម្មក្នុងសង្គម។

បន្ថែមលើសពីនេះ លោក ស សុខា ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាល ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធនក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍ និងកសាងសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៤

ខេត្តសៀមរាប៖មានការបែកធ្លាយភាពមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រឿងកឹបកេងថវិកាជាតិតាមរយ:។

នេះបើតាមព័ត៌មានក្នុងស្រុកមួយដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទី ២៨ ខែមិថុនា ២០២៤នេះ។

យោងការតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ចាប់តាំងពីចូលកាន់តំណែងដំបូង រហូតដល់ពេលនេះ គិតទៅទើបបានតែ២ឆ្នាំ តិចតួច ប៉ុន្តែទឹកលុយដែលលោកទទួលបានពីការកឹបកេងថវិកាជាតិ តាមរយ:ឃុបឃិត ស៊ីដាច់ លុយទិញសម្ភារ: អំណោយ សម្រាប់ចែកជូនអ្នកកក្រីក្រ និងមនុស្សចាស់ រួមមាន៖មី អង្ករ ត្រីខកំប៉ុង។ល។ ដោយក្នុង១ឆ្មាំៗស៊ីដាច់អស់មិនតិចជាង៣០០លានរៀលនោះទេ លើទឹកប្រាក់ចំណាយ សរុបខ្ទង់៥០០លានរៀល។

ប្រភពបានបញញជាក់ថា នៅឆ្នាំ២០២៤ នេះ ការទិញទំនិញ មានថវិកាច្រើនជាងឆ្នាំមុនទៅទៀត ហើយមកដល់ពេលនេះ ថវិកាខ្ទង់ ៥០០លានរៀលទៅ៦០០លានរៀល ត្រូវបានទូទាត់ និងថវិកាមួយចំនួនធំ បានរត់ចូលហោប៉ៅរបស់លោកប្រធានមន្ទីររូបនេះដោយស្ងាត់ស្ងៀម។

តាមប្រភពបានបន្តថា ប្រភពចំណូលរបស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប គឺមានច្រើន នៅឆ្នាំ២០២៣ ពិសេសនៅឆ្នាំ ២០២៤នេះ។ ក្រៅពីថវិកាចំណាយផ្នែកទិញ មី អង្ករ ចែកអំណោយនោះ គឺ មានចំណាយផ្នែកសំណង់ រួមនិងការចំណាយផ្នែករដ្ឋបាល ដោយការចំណាយទាំងនោះ លោកប្រធានមន្ទីរទទួលបានផល់ប្រយោជន៏មួយផ្នែកធំ ជាហេតុធ្វើអោយលោកប្រធាន មន្ទីរ គង់ សំអឿន ល្មមអាចធ្វើអ្នកមានបានមួយរូបផងដែរនៅខេត្តសៀមរាប។

សូមរំលឹកថា លោក គង់ សំអឿន ក្របខ័ណ្ឌមន្ត្រីថ្នាក់លេខ២ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ជំនួស លោក អោ ម៉ៅ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ រហូតដល់ពេលនេះមានរយ:២ឆ្នាំ ១ខែហើយ។

ទោះជាយ៉ាងណា សារព័ត៌មានដែលលាតត្រដាង នូវអង្គភាពមិនប្រក្រតី លោក គង់ សំអឿន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប មិនទាន់ទទួលបានការបំភ្លឺពីលោក គង់ សំអឿន ប្រធានមន្ទីររូបនេះនៅឡើយ។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក គង់ សំអឿន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប នៅឡើយទេរហូតដល់ម៉ោងផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចអធិបតីហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំបង្កើតស្ថានអគ្គកុងស៊ុល រវាងប្រទេសទាំងពីរ នៅខេត្តសៀមរាប និងនៅខេត្តសុងក្លា ដើម្បី សម្របសម្រួល ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែង ថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អ នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។

សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ជាដើម។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស ជួបជាមួយ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។​

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ​ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិត ទំនាក់ទំនង ទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៤

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។

លោកបន្តថា សមិទ្ធផលដែលជាស្នាដៃ របស់រាជរដ្ឋាភិបាល មានច្រើនអនេក ដូច្នេះយើងត្រូវចេះបង្ហាញសមិទ្ធផលទាំងអស់នោះ ឱ្យប្រជាពលរដ្ឋ បានឃើញ និងបញ្ជ្រាបគោលនយោបាយជាតិ ឱ្យពួកគាត់បានយល់ដោយមិនបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់មកបំផ្លាញស្នាដៃរបស់រាជរដ្ឋាភិបាលបានជាដាច់ខាត។

សម្រាប់លោក ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេងណាស់ និងធ្វើការងារធ្ងន់ពេកហើយសម្រាប់ប្រទេសជាតិ និងប្រជាជនទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ក៏មានអម្រែកយ៉ាងធ្ងន់នៅលើស្មាក្នុងការរែកពុនបន្តដើម្បី រក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍ នាំប្រទេសឈានទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដែលជាទិសដៅប្រកបដោយមហិច្ឆតា។ ដូច្នេះ យើងត្រូវនាំគ្នាជួយបន្ធូរបន្ថយបន្ទុករបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងការងារព័ត៌មាននិងនាំពាក្យ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោក ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២៤

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានដាក់បទបញ្ជា ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្ក្រាប ទប់ស្កាត់នូវបញ្ហាក្មេងទំនេីង និងគ្រឿងញៀន។

អភិបាលខេត្តសៀមរាប ក៏បានលើកឡើងពីបញ្ហានៅតាមស្រុកមួយចំនួន មានហ្វូងដង្កូវស៉ីស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ អភិបាលខេត្តក៏បាទបញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់មន្ទីរកសិកម្ម ក៏បាននឹងកំចាត់បាននៅតាមបណ្តាក្រុង ស្រុកមួយចំនួន ដែលកើតមាន ហ្វូងដង្កូវស៉ីស្រូវរបស់ពលរដ្ឋផងដែរ។

លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលេីកទី១ របស់ក្រមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងក្នុងកិច្ចប្រជុំ របស់ក្រមប្រឹក្សាខេត្ត នៅថ្ងៃពុធនេះ លោកលី សំរិទ្ធ បានថ្លែងអំណរគុណដល់ អភិបាលខេត្ត បានបង្ហាញនូវសមិទ្ធផល ក៏ដូចជាផែនការ របស់រដ្ឋបាលខេត្ត ជូនដល់អង្គប្រជុំ នេះជាមួយកាយវិការមួយដ៏ប្រពៃ ដែលក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ត្រូវរួមគ្នាជាធ្លុងមួយ ដេីម្បីបន្តអភិវឌ្ឍន៍ខេត្តសៀមរាប ឱ្យកាន់តែរីកចម្រេីនថែមទៀត។

ប្រធានក្រុមប្រឹក្សាខេត្តក៏បានបញ្ជាក់ដល់អង្គប្រជុំផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី២ របស់ក្រុមប្រឹក្សាខេត្ត គឺរៀបចំមិនឱ្យតិចជាង២៥ថ្ងៃ និងលេីស ៣៥ឡេីយ ដូចនេះកិច្ចប្រជុំលេីកទី២ នឹងជម្រាបជូនក្នុងលិខិតអញ្ជេីញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះបានសូមឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការចាត់ការ និង ដោះស្រាយ ផ្តល់យុត្តិធម៌ ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នាយករដ្ឋមន្ត្រីបានសរសេរបង្ហាញនៅលើទំព័រ facebook ផ្លូវការយ៉ាងដូច្នេះថា៖

ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវករណីនេះអោយបានច្បាស់លាស់ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៤

លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោត នៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។

ការថ្លែងរបស់លោកបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃចន្ទ ម្សិលមិញ។

បើតាមលោកស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ទាំងការបោះឆ្នោតសកល និងអសកល ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងអ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ។

ក្នុងន័យនេះលោកបានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួលខុសត្រូវលើកិច្ចការសន្តិសុខបោះឆ្នោត លោក នឹងបន្តផ្ដល់កិច្ចសហការ ឱ្យបានល្អជាមួយ គ.ជ.ប ដើម្បីបន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាពលរដ្ឋ មានភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ជាទៀតទាត់ស្របតាមច្បាប់។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្នុងបរិយាកាសដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជាមានការវិត្តល្អប្រសើរ ពិសេសគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងកោតសរសើរ។

លោកបានធ្វើមូលវិចារការវាយតម្លៃ ជារួមរបស់ភាគីពាក់ព័ន្ធ ថាការបោះឆ្នោត ទាំងពីរចុងក្រោយនេះ មានបរិយាកាសសន្តិសុខ និងរបៀបរៀបរយល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ពិសេសបានប្រព្រឹត្តទៅដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ និងមានតម្លាភាព។ លោក ក៏បានថ្លែងអំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលផ្ដល់កិច្ចសហការយ៉ាងល្អលើការងារសន្តសុខបោះឆ្នោត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page77 Page78 Page79 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×