Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២៣

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា (កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ)។

តាមរយៈប្រព័ន្ធបណ្ដាញតេឡេក្រាមនៅព្រឹកថ្ងៃសុក្រនេះ សម្ដេចហ៊ុន ម៉ាណែត បានសរសេរថា៖
មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?

ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។

នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ÷

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)

២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)

៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)

ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣
កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។

ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។

កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចហ៊ុន សែន បានចេញសេចក្ដីសម្រេច បញ្ចប់ភារកិច្ច ឯកឧត្តម យឹម ឆៃលី ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ព្រោះមានបញ្ហាសុខភាព។

សម្ដេចហ៊ុន សែន ចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អនុប្រធានទី១ ក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ជំនួសឯកឧត្តម យឹម ឆៃលី។

សម្ដេចក៏បាន ចាត់តាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាអនុប្រធានទី១ ក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ជំនួសឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន។ នេះបើយោងតាមសេចក្ដីសម្រេច ចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ
បានណែនាំដល់ប្អូនសិស្សា នុសិស្ស ដែលប្រែក្លាយខ្លួនជាយុវជន កាកបាទក្រហមកម្ពុជា នាពេលនេះ សូមបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ពីក្នុងចំណោម សិស្ស នៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ដូចភ្លៀងរលឹម សូមយកចិត្តទុកដាក់ចំពោះ សិស្ស និងយុវជន កាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សា នៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ
នៅថ្ងៃព្រហស្បតិ៍ នេះ ក្នុងឱកាស អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់ ស្រី៣០នាក់ ក្នុងវិទ្យាល័យកំរៀង។

នៅសាលប្រជុំសាលស្រុកកំរៀ ឯកឧត្តម សុខ លូ ថ្លែងនូវការកោតសរសើរ ចំពោះលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ទីប្រឹក្សាយុវជន ព្រមទាំងក្មួយៗ  យុវជន កាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារ មនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតីនៃវប្បធម៌ ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។

ឯកឧត្តម បានបញ្ជាប់ថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តមប្រធានមាន សង្ឃឹមជឿជាក់ថា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមានជូនដល់សិស្សផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។

សាខាខេត្តបានផ្តល់ជូននូវ ឯកសណ្ឋាន(អាវ មួក កន្សែង) ដល់យុវជន សរុបចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូទីប្រឹក្សាសាលាគោលដៅ ទទួលបានសៀវភៅកូលាបក្រហមដងទន្លេមេគង្គ និងឯកសារមួយចំនួនផងដែរ ។គួរបញ្ជាក់ផងដែរ សមាជិកក្លឹបយុវជនកាកបាទ ក្រហមកម្ពុជា  ទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពី ប្រវត្តិចលនាកាកបាទក្រហម  អឌ្ឍចន្ទក្រហម  គោលការណ៍គ្រឹះ  និងច្បាប់មនុស្សធម៌អន្តរជាតិ  មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម  ការងារគ្រប់គ្រងក្លឹបយុវជន គោលនយោ បាយយុវជនកាកបាទក្រហមកម្ពុជា  និងស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា  កាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣កន្លងផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តបាត់ដំបង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព សូមបងប្អូនប្រជាពលរដ្ឋ គ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅ ខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញា ដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនង មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍ និងសូមមានការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានបានជាយថាហេតុណាមួយផងដែរ។

ឯកឧត្តម សុខ លូ ថ្លែងអំពាវនាវយ៉ាងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងបានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ រួម មានគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៨គ្រួសារ និងគ្រួសារងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព ក្រីក្រចំនួន២២គ្រួសារ មកពីភូមិចំនួន១៧ លើឃុំទាំង៦នៃស្រុកកំរៀង ពិធីនេះប្រារព្វធ្វើនៅខាងមុខអគារអនុសាខាស្រុកកំរៀង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរទឹកបរិសុទ្ធ២កេសផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។

យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។

ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជីជិវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ នៅថ្ងៃព្រហស្ថនេះ
បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។

នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន  (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ។ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។

សម្តេចធិបតី បានអញ្ជើញ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និង គណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីជប់លៀងផ្លូវការ និង បានជូនពរដល់ឯកឧត្តម និង គណៈប្រតិភូ ទាំងអស់ ទទួលបាននូវជោគជ័យដ៏ថ្លៃថ្លា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ភ្នំពេញ៖នៅទីបំផុតអគ្គនាយកដ្ឋានពន្ធដារ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។

នេះបើតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបាន៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ខេត្តបាត់ដំបង៖លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងពិតជាគួរឱ្យទាក់ទាញខ្លាំងមែនទែន ពិសេសចំពោះសម្រស់អគារបុរាណ ដែលមាននៅក្នុងខេត្តបាត់ដំបង ដែលជាអគារបន្សល់តាំងពីអាណានិគមនិយមបារាំង ដែលលើកសម្រស់ក្រុងបាត់ដំបង ឱ្យកាន់តែមានភាពចាប់អារម្មណ៍បានមួយកម្រិត។

លោកជំទាវបានបន្តទៀតថា ជំហ៊ានបន្ទាប់លោកជំទាវ និងក្រុមការងារនឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ នៅក្នុងទីរួមខេត្តបាត់ដំបង ដើម្បីយល់បន្ថែមអំពីបញ្ហាស្រូវអង្ករ នៅក្នុងខេត្តបាត់ដំបង ហើយសង្ឃឹមថាបន្ទាប់ពីទស្សនកិច្ចនេះហើយ អាចមានបន្ថែមនូវការយល់ដឹងអំពីស្រូវអង្ករ នៅក្នុងខេត្តបាត់ដំបងកាន់តែច្រើន នឹងសង្ឃឹមថាអាចនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរីផងដែរ។

លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី មានប្រសាសន៍បែបនេះ
នៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងឱកាស ពិភាក្សាការងារនិងជំនួបសម្ដែងការគួរសម
ជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់លោកជំទាវ Teo Lay Cheng ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា នៅឯទឹកដីខេត្តបាត់ដំបង ។

ឯកឧត្តមបានបន្តទៀតថា ខេត្តដែលមានសក្ដានុពលខ្លាំង លើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើន ខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផល កសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ អស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះ លើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ តែម្ដង មានផ្លូវរថភ្លើង។ ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាល ក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿន ពីភ្នំពេញ មក សៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាក មកកម្សាន្ត ខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ។

ឯកឧត្តម សុខ លូ ក៏បានង្ហាញអំពីគុណភាពដ៏ឈ្ងុយឆ្ងាញ់ ដល់អង្ករកម្ពុជា ដែលកំពុងធ្វើការនាំចេញទៅក្រៅប្រទេស ក្នុងនោះក៏មានដែរនូវដំណាំម្រេចសំឡូត ដែលជាដំណាំមួយមិនសូវមានអ្នកស្គាល់ច្រើន ដូចដំណាំម្រេច នៅកំពតឡើយ តែចំពោះដំណាំម្រេចសំឡូត នេះគឺត្រូវបានទទួលការលើកសរសើរ អំពីគុណភាព និងរស់ជាតិឆ្ងាញ់មិនចាញ់ដំណាំម្រេច នៅឯខេត្តកំពតឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបកស្រាយចំណុចលើកឡើងក្នុងបណ្តាញសង្គម Facebook page រឿងប្រាក់ពន្ធ។

ខាងក្រោមនេះជាសំណេរឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប៖

ខ្ញុំបាទ សូមបកស្រាយចំណុចលើកឡើងក្នុងបណ្តាញសង្គម Facebook page មួយដែលថា “ដើម្បីគណនាប្រាក់ពន្ធ គឺត្រូវយក ការ៉េដី គុណនឹង ៨០ ០០០ រៀល” គឺមិនពិតនោះទេ។ សម្រាប់តម្លៃដីទំនេរ ៨០ ០០០ រៀល គឺជាតម្លៃជាមូលដ្ឋានគិតពន្ធ សម្រាប់ដីក្នុងមួយមែតការ៉ ក្នុងការកំណត់តម្លៃដី មិនមែនជាអត្រាពន្ធ ឬប្រាក់ពន្ធត្រូវបង់នោះទេ។  ដើម្បីរកប្រាក់ពន្ធត្រូវបង់ក្នុងមួយឆ្នាំ គឺត្រូវយក តម្លៃដី (ទំហំដី គុណនឹង តម្លៃដីក្នុងមួយការ៉េ) គុណនឹង អត្រាពន្ធ ២%។

ឧទាហរណ៍៖ ដីទំនេរមួយកន្លែងស្ថិតនៅក្រុងសៀមរាប ក្នុងក្រវ៉ាត់ក្រុងទីមួយ មានទំហំ ១០០ ម២។ តម្លៃមូលដ្ឋានគិតពន្ធលើដីធ្លីមិនបានប្រើប្រាស់កំណត់ដោយគណៈកម្មការវាយតម្លៃដីគឺ ៨០ ០០០៛/ម២។ តើដីនេះត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ប៉ុន្មានក្នុងមួយឆ្នាំ?
មូលដ្ឋានគិតពន្ធ = 100 m2 x 80 000 រៀល = 8 000 000 រៀលនោះប្រាក់ពន្ធត្រូវបង់ក្នុងមួយឆ្នាំ គឺ 8 000 000 រៀល x អត្រាពន្ធ (2%) = 160 000 រៀល។

ខ្ញុំបាទសូមគោរពបញ្ជាក់ជូនបន្ថែមទៀតថា៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែលមិនបានប្រើប្រាស់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់តាមបណ្តាស្រុកដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដោយពន្ធនេះ ដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ មក។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ៖ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករនៃដីជាប់ពន្ធ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅរដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាពន្ធ៖ អត្រាពន្ធនេះត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។

មូលដ្ឋានគិតពន្ធ គឺជាថ្លៃដីគិតតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

សម្រាប់តម្លៃជាមូលដ្ឋាននៃការគិតពន្ធនៅក្នុងខេត្តសៀមរាប គឺអនុវត្តតាមសេចក្តីសម្រេចលេខ ០០៧ សសរ.សហវ.ពដ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ របស់គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដែលមានឧបសម្ព័ន្ធទី៣ ស្តីពីការកំណត់បែងចែកតំបន់ និងតម្លៃដីមួយម៉ែតក្រឡា សម្រាប់គិតពន្ធលើដីធ្លីមិនបានប្រើប្រាស់ ខេត្តសៀមរាប។
តំបន់ I ដីក្នុងក្រុងសៀមរាប
I. ១.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ៨០ ០០០ រៀល គឺដីគ្រប់ប្រភេទក្នុងអតីតប្រព័ន្ធការពារក្រុងសៀមរាប និងដីសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ២៥០ម៉ែត។
I. ២. តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ៤ ០០០ រៀល គឺដីសង់លំនៅដ្ឋាន ក្រៅពីតំបន់ I ខាងលើ។

តំបន់ II ដីស្រុកផ្សេងៗក្រៅពីក្រុងសៀមរាប
II.១.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ២ ០០០ រៀល គឺដីអមសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ១០០ម៉ែត សងខាងផ្លូវក្នុងស្រុកពួក និងស្រុកប្រាសាទបាគង។
II.២.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា ១ ០០០ រៀល គឺដីអមសងខាងផ្លូវជាតិលេខ ៦ ចម្ងាយ១០០ម៉ែត ក្រៅពីតំបន់ II.១ ខាងលើ។
III.៣.តម្លៃគិតពន្ធក្នុងមួយម៉ែតក្រឡា  ៥០០ រៀល គឺដី ក្រៅពីតំបន់ II.១ និង តំបន់ II.២ ខាងលើ។

ការចុះបញ្ជី និងប្រកាសបង់ពន្ធ ទាំងពន្ធលើដីទំនេរមិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ គឺ ចាប់ផ្តើមបង់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ជារៀងរាល់ឆ្នាំ។ ករណីខកខានមិនបានបង់ នឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។ ជាការសំគាល់ បងប្អូនអ្នកជាប់ពន្ធមួយចំនួន គាត់តែងតែអញ្ជើញសម្រុកមកប្រកាសបង់ពន្ធ នៅក្នុងខែចុងក្រោយ នេះ ទោះបីយ៉ាងណា សាខាតែងតែខិតខំផ្តល់សេវា ជូនគាត់រហូតដល់អស់អ្នកជាប់ពន្ធ ក្នុងថ្ងៃនីមួយ ដែលក្នុងខែនេះជាទូទៅពេលល្ងាចរហូតដល់ម៉ោង ៧.៣០នាទី ទៅ ម៉ោង ៨.០០ យប់។ បន្ថែមពីនេះ ថ្ងៃសៅរ៍ សប្តាហ៍មុន សាខាក៏មានបើកផ្តល់សេវា ដែលមានអ្នកមកប្រកាសបង់ពន្ធ ប្រមាណ ២០០ នាក់ផងដែរ។

សម្រាប់ការប្រកាសបង់ពន្ធប្រចាំឆ្នាំ២០២៣ នេះដែរ ថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេល ០១ ខែទៀត គឺរហូតដល់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះ។

សេចក្តីដូចបានគោរពបញ្ជាក់ជូនខាងលើ មេត្តាជ្រាបជារបាយការណ៍ ។ សូមមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

ការបកស្រាយរបស់អភិបាលខេត្តសៀមរាប ធ្វើឡើងនៅក្នុងគ្រុបតេឡេក្រាមសៀមរាប ប៉ុស្ដិ៍៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសូមសំណូមពរដល់ មន្ត្រីរាជការ គ្រូបង្រៀន អាជីវករ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងល្អប្រសើរ ដើម្បីឲ្យខេត្តរបស់យើងស្អាត ទីសាធារណៈមានសោភណ្ឌភាពល្អ។

អភិបាលខេត្តអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃពុធនេះ ក្នុងពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧,១២៦នាក់ ទូទាំងក្រុងសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តថា ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ។

ក្នុងឱកាសនេះខ្ញុំសូមឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និងការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះ ខ្ញុំសូមឱ្យស្មារតី នៃប្រារព្ធទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នេះ ក្លាយជាកម្លាំងចលករដ៏មុតស្រួច និងជាត្រីវិស័យមួយ ដើម្បីនាំផ្លូវយើងទាំងអស់គ្នាឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនីថា យ៉ាងហោចណាស់មានមនុស្សចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិតដោយភ្លើងឆក់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៣០ នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបង្គោលខ្សែភ្លើង មុខដីទំនេររបស់ឈ្មោះចាំង គង់ ភេទប្រុស ស្ថិតនៅក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះ
១/ឈ្មោះឆា បុណ្យ ហៅប៊ូកភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាងតខ្សែរWifi (ស្លាប់)។
២/ឈ្មោះអាន យូ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃព្រះអណ្ដូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាងតខ្សែរWifi (ស្លាប់)។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ: ដាក់ជណ្ដើរឡើងតខ្សែរ wifi ជិតបង្គោលខ្សែរភ្លើង ប៉ះនិងខ្សែភ្លើង ធ្លាក់មកដីដាច់ស្រាត ដោយលើដីមានទឹកលិច បណ្ដាលឱ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានយកសាកសពតម្កល់ទុកនៅ មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ដើម្បីអោយគ្រួសា រ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានិងប្រតិភូ ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការអន្តរវិស័យ តំណាង ទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនសិង្ហបុរី ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកពីផែនការស្តា រ និងអភិវឌ្ឍន៍វិស័យទេចរណ៍របស់ខេត្ត តាមរយៈ នៃការរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ និងបង្តើតជាឱកាសថ្មីមួយទៀត សម្រាប់ខេត្តសៀមរាបទទួលបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបច្រើនជាងមុន។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាប តាមរយៈវិស័យទេសចរណ៍ អប់រំ សង្គមកិច្ច ជាពិសេសគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page124 Page125 Page126 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×