ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីបណ្តឹងរបស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាធាយផដែរ។
លោក កែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា ជុំវិញរឿងទំនាស់នេះ គឺផ្តេីមចេញពីការលក់ដូរផ្ទៃដីមេទឹកកណ្តៀងតាំងពីឆ្នាំ២០០៧ រវាងប្រជាពលរដ្ឋអាស្រ័យផលមួយចំនួនតូច និងឈ្មួញ ដោយមានការបោះបង្គោលធំៗទន្ទ្រានចូល ដល់បាតមេទឹក។ ការធ្វើឯកជនភាពដោយមានការលក់ ទិញដីនៅក្នុងសហគមន៍មេទឹក ដែលជាសម្បត្តិសាធារណៈ ដោយសេរី និងអនាធិបតេយ្យ មិនត្រឹមត្រូវស្របច្បាប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋដទៃផ្សេងទៀត មួយចំនួនធំ ក្នុងភូមិដែលបាន និងកំពុងអាស្រ័យផល ពីមេទឹកកណ្តៀងសម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រពដំណាំកសិកម្ម ដាំឈូក នេសាទ និងយកទឹកប្រើប្រាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផង ដែលមិនបានឯកភាពយល់ព្រម និងមានភាពមិនសុខចិត្តទេីបឈានដល់ការដាក់ពាក្យបណ្ដឹងទៅតុលាការ។ បច្ចុប្បន្ន ទំនាស់នេះបានស្ងប់ស្ងាត់ទៅវិញ ដោយសារសំណុំរឿងនៅក្នុងដៃតុលាការ ដោយកន្លងមករដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីណែនាំ ស្តីពីការបញ្ឈប់ការទិញ លក់ និងឈូសឆាយដីតំបន់មេទឹកនៅទូទាំងខេត្តកំពង់ចាម ជាពិសេសនៅតំបន់ស្រុកបាធាយនេះ គឺត្រូវទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់លេីដីសាធារណៈរបស់រដ្ឋ ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអ៊ុន ចាន់ដា បានដាក់ចេញនូវគោលការសំខាន់ៗ ដោយបង្កើតគណៈកម្មការគ្រប់គ្រងទន្លេថ្នាក់ខេត្ត ពន្លឿនការវាស់វែង ដេីម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សមេទឹកកណ្តៀងនោះ សម្រាប់បម្រើផលប្រយោជន៍ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការរបស់តុលាការផងដែរ៕SRP
