Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៤

ខេត្តសៀមរាប៖ឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបទើបតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំដូចតទៅ៖

១- ប្តេជ្ញា! ស្មោះត្រង់អស់មួយជីវិត និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ​ ឱ្យបានស្ថិតស្ថេរគង់វង្ស ជាដាច់ខាត!

២- ប្តេជ្ញា! ចងចាំជានិច្ច និងចូលរួមការពារ ជាដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក ដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេច ហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពី របបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហមទាំងស្រុង នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាព កម្ពុជា ឲ្យវិលមករក ភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។

៣-​ ប្តេជ្ញា! ចូលរួមការពារនិងអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លា ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាដាច់ខាត!

៤- ប្តេជ្ញា! គោរពប្រតិបត្តិ និងអនុវត្តតាម រាល់អនុសាសន៍ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យបានជាដាច់ខាត!

៥- ប្តេជ្ញា! រិតចំណងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការល្អជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធិភាពការងារ ឱ្យបានជាដាច់ខាត។

សូមជម្រាបថានៅថ្ងៃសុក្រ ទី១៦ ខែសីហា ម្សិលមិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីយ៉ាងដូច្នេះថា៖

– អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ ទី១គឺការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្កាការឆេះខូចឬបាត់បង់។ ទី៣ ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អរឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

– អំពីរបៀបរបបធ្វើការងារ ទី១ ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២ត្រូវមានផែនការការងារ ទី៣មានផែនការត្រូវចាត់តាំងអនុវត្ត និងមានការត្រួតពិនិត្យដើម្បីកែតម្រូវ ហើយមានការលើកទឹកចិត្ត។

– ការអនុវត្តតួនាទីមន្ត្រីនគរបាលយុត្តិធម៌ សូមយកចិត្តទុកដាក់ផ្នែកនិតិវិធី និងរៀបំកន្លែងឃាត់ខ្លួនបណ្តោះអាសន្នត្រូវតាមស្តង់ដា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖រដ្ឋាករទឹកស្វយ័តសៀមរាប បានអះអាងថាខ្លួន បានពិនិត្យឃើញថា ស្ថានភាពទឹកបឹងទន្លេសាបកាន់តែស្រកចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ហើយប្រភពទឹកពីបឹងទន្លេសាប អាចប្រឈមនឹងការរីងហួត បណ្តាលឱ្យខ្វះប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។

រដ្ឋាករទឹកស្វយ័តសៀមរាបបានបន្ថែមថា ដោយមើល ឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សាកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាប ក្នុងគោលបំណង៖ ១) ការពារគុណភាពទឹក និងប្រភពទឹកពីសកម្មភាពនានា ២) ធ្វើការអភិវឌ្ឍដោយពង្រីក ប្រវែងប្រឡាយ ក្នុងករណីផ្ទៃបឹងទន្លេសាបរួមតូចហួសចុងប្រឡាយបង្ហូរទឹកបច្ចុប្បន្ន និង ៣) ធ្វើការអភិវឌ្ឍដោយស្តារ បាតប្រភពទឹកពីបឹងទន្លេសាបធ្វើជាអាងស្តុកទឹកនៅរដូវប្រាំង។

រដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សានិងកំណត់ តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាបដូចខាងក្រោម៖
១. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (មានព្រៃលិចទឹក)៖ ចំនួន ១.០០៧.១៦៨ ម៉ែត្រការ៉េ ជាតំបន់ការពារ ប្រភពទឹក
២. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (ចាប់ពីព្រៃលិចទឹកទៅផ្ទៃបឹង)៖ ចំនួន ៦.៨៩៧.៧៦៩ ម៉ែត្រការ៉េ ជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក។ ក្នុងករណីនេះ តម្រូវឱ្យធ្វើការស្តារបាតបឹងជម្រៅ ២,៩ម៉ែត្រ នៅនីវ៉ូដក ២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ហើយផ្ទៃបឹងនេះអាចស្តុកទឹកបានប្រមាណ ១៦.៤៦២.៩០០ម” ដែលអាចប្រើប្រាស់បានរយៈពេល ៥,៧ខែ សម្រាប់តម្រូវការទឹករហូតដល់ឆ្នាំ២០៣៥ និងបានត្រឹមតែរយៈពេល ៣ខែ សម្រាប់តម្រូវការទឹករហូតដល់ ឆ្នាំ២០៥០ ចំពោះករណីបឹងបច្ចុប្បន្នមានការរីងហួតនៅរដូវប្រាំង។

សូមជម្រាបថា នៅបន្ទប់ប្រជុំរដ្ឋាករទឹកស្វយ័តសៀមរាប មានកិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងយល់ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ពាក់ព័ន្ធនឹងការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ។

កិច្ចប្រជុំនៅថ្ងៃសុក្រនេះ ក្រោមវត្តមាន លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប  ដោយមានការងារចូករួមពីថ្នាក់ដឹកនាំ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប ថ្នាក់ ស្រុក និងឃុំមួយចំនួន ដែលជាប់ពាក់ព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។ សម្រាប់ខេត្តសៀមរាប ជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

 

លោកជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត នៅសាលាខេត្តសៀមរាប។

 

លោកបន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដែរ ឯកវាជាគោលការណ៍មូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មាន ទាំងឡាយណាមិនច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។

 

មានប្រសាសន៍ ពិធីសំណេះសំណាល បិទកម្មវិធី លោក ង៉ូវ សេងកាក់ អភិបាលរង តំណាងអភិបាលខេត្តសៀមរាប បញ្ជាក់ថា ពិធីនេះ ជាស្ពានចម្លងសម្រាប់ជំនួប រវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្ត ដើម្បីជំរុញឲ្យមានកិច្ចសហការល្អ រវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពីសេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។

អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ដែលកន្លងមក តែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូលផងដែរ។

យោងតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។

ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែក មន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៤

ខេត្តសៀមរាប៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញពីសមិទ្ធិផលប្រព័ន្ធធារាស្រ្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំ ខេត្តសៀមរាប។

សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សម្ដេចធិបតីបានបន្តថា ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀត ពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រព បន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយស្ទឹង។

សម្ដេចថា កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

សម្ដេចនាយករដ្ឋមន្ត្រីបន្តទៀតថា ចរន្តទឹកស្ទឹងស្រែង បានយាយី ទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែង យកទៅស្រោចស្រព នៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។

ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។

ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមអនុវត្តការសាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ដើម្បីការពារប្រព័ន្ធប្រឡាយមេបេតុងខាងកើតដ៏មានសារសំខាន់សម្រាប់ការស្រោចស្រពក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។ ការងារសាងសង់រួមមាន៖ ជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ ដែលមានទំហំមាត់លើ ៦០ម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ ដើម្បីប្ដូរចរន្តទឹក និងសាងសង់ទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណជាង ៧០ភាគរយ។

បើតាមនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ក្រោយពេលជីកព្រែកសិប្បនិម្មិត បង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារ ក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានប្រភពទឹកមកធ្វើការស្រោចស្រព បន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ មិនតែប៉ុណ្ណោះ កសិករនឹងអាចបង្កើនរដូវដាំដុះដំណាំកសិកម្ម ២​ ទៅ ៣ ដងក្នុងមួយឆ្នាំលើផ្ទៃដីដដែល ដោយទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៤

ខេត្តសៀមរាប៖មេព្រៃខេត្តសៀមរាបបានធ្វើការបដិសេធមិនពាក់ព័ន្ធជាមួយទីតាំងសិប្បកម្មឈើមួយកន្លែង។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ម៉ុង ប៊ុនលីម បានបដិសេធ ថា មិនពាក់ព័ន្ធ ជាមួយឈ្មោះ លីន ម្ចាស់រោង សិប្បកម្មកែឆ្នៃឈើនោះទេ។

ការបដិសេធបែបនេះបន្ទាប់ពីមាន សារព័ត៌មានមួយចំនួនផ្សាយថា នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីរបស់លោកមួយរូបទៀត ពាក់ព័ន្ធជាមួយម្ចាស់សិប្បកម្ម កែផ្លែឈើ ឈ្មោះលីន ទើបមិនមានការបង្ក្រាប។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបន្តថា ចំពោះអត្ថបទចុះផ្សាយថា រោងសិប្បកម្មខ្នាតយក្ស មួយកន្លែងនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ដែល មានថៅកែឈ្មោះ លីន បើកដំណើរការ រាប់ឆ្នាំ មកហើយនោះ កន្លងមក រដ្ឋបាលព្រៃឈើ ក៏បានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ហើយ អ្នកសារព័ត៌មាន ទើបតែចុះផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងទីតាំងរោងសិប្បកម្ម ឈ្មោះ លីន ឃើញថា ស្ថានភាពរោងសិប្បកម្ម ចាស់និងពុំមានកម្មករ សម្រាប់ ដំណើរការរោងសិប្បកម្ម នៅទីនោះឡើយ។ ចំណែករូបភាព ដែល សារព័ត៌មាន បានផ្សាយគឺជារូបភាព ដែលពួកគាត់កំពុងរុះរើសម្ភារៈចេញតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៤

ខេត្តសៀមរាប៖លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ ជាច្រើន ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និងការពារនូវប្រាសាទបុរាណនានា ដែលជាកេរ្តិ៍ដំណែល របស់ដូនតាខ្មែរ ឱ្យគង់វង្ស និងមានតម្លៃលេចធ្លោ ជាសកលនៅលើពិភពលោកផងដែរ។

លោកថ្លែងសន្យាបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក (អង្គរ) នៅខេត្តសៀមរាប នាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី១២ខែសីហា មក ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់ រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) ដោយមានមន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងព្រះសង្ឃនិងប្រជាពលរដ្ឋ មកចូលរួមផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើងនូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។ ក៏ប៉ុន្តែជាញឹកញាប់ ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្ត ជាមួយវិធានការរបស់អាជ្ញាធរជាតិអប្សរា ទេដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះបន្ថែម ការធ្វើរបងការពារផលដំណាំនិងធ្វើ ផ្លូវចូលផ្ទះមិនបានជាដើម។

រដ្ឋមន្ត្រីសាយ សំអាល់ មានប្រសាសន៍ថា លោកទទួលស្គាល់ថា ការៀបចំ ដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋ ខ្លះ ដែលរស់នៅក្នុងតំបន់ការពារ ទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរ ឱ្យបានគង់វង្សបានយូរអង្វែងនិងមានសោភ័ណភាព។

លោកសាយ សំអាល់ បានសុំពេលមួយរយៈ ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នេះ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរ ឱ្យមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លី និងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌ របស់ពិភពលោក បានដោយជោគជ័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២៤

រាជរដ្ឋាភិបាលកម្ពុជា ធានាការពារជាដាច់ខាត នូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។

ខ្ញុំសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី?

ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។

ទី២. ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។

ទី៣. កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។

ទី៤. ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។

ទី៥. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នមានគោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេ គឺការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាភាពកក់ក្តៅដែលរាជរដ្ឋាភិបាលធានាជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៤

ខេត្តកំពង់ធំ៖កម្លាំងនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នេះ បានបញ្ជូនជនសង្ស័យជាក្មេងទំនើងប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅសាលាដំបូងខេត្ត។

លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងខេត្តកំពង់ធំ ផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០ នាទីយប់ មានករណី (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) កើតឡើងចំនួន០១លើក ស្ថិតនៅចំណុចសាលាឃុំសំបូរ ក្នុងភូមិជាយសំពៅ ឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ បង្កឡើងដោយក្មេងទំនើង១ក្រុម មានគ្នាចំនួន០៩នាក់ ធ្វើសកម្មភាពស្ទាក់ផ្លូវ កាប់ វាយ ទៅលើជនរងគ្រោះ ខណៈជិះម៉ូតូឌុបគ្នាទៅលេងបងប្អូន នៅស្រុកប្រាសាទបល្ល័ង្ក  ពេលមកដល់កន្លែងកើតហេតុខាងលើ  ត្រូវបានក្រុមជនសង្ស័យស្ទាក់ដេញកាប់បណ្ដាលឱ្យដួលម៉ូតូ នាំគ្នារត់ គេចខ្លួនអស់ ទើបក្រុមជនសង្ស័យ កាប់ ទៅលើម៉ូតូបណ្ដាលឱ្យខូចខាតម៉ូតូមួយគ្រឿង និងរបួសស្រាលម្នាក់។

លោកថា បន្ទាប់ពីទទួលបានព័ត៌មានក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកប្រាសាទសំបូរ បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួន ជនសង្ស័យចំនួន០៩នាក់÷ ១-ឈ្មោះ សេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ។ ២-ឈ្មោះ ខឿន ខួច  ភេទប្រុស អាយុ២០ឆ្នាំ។ ៣-ឈ្មោះ ឡី លាស់  ភេទប្រុស អាយុ២៣ ឆ្នាំ។ ៤-ឈ្មោះ ឃី សុខឃុន ភេទប្រុស អាយុ ២២ឆ្នាំ។៥-ឈ្មោះ ជឿង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ។ ៦-ឈ្មោះ ហូវ ហ៊ា ភេទប្រុស អាយុ២២ឆ្នាំ។ ៧-ឈ្មោះ ង៉ា ឃី  ភេទប្រុស អាយុ២០ឆ្នាំ។ ៨-ឈ្មោះ រ៉ែម សំរ៉េច ភេទប្រុស អាយុ២១ ឆ្នាំ។ ៩-ឈ្មោះ ឡុច ផល្លា ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យខាងលើនេះ រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុ។

ឯជនរងគ្រោះមានឈ្មោះ ១-ឈ្មោះ ផ..ន ស..ន ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល)។ ២-ឈ្មោះ ហ..ថ.. ភេទប្រុស អាយុ២១ឆ្នាំ។ ៣-ឈ្នោះ ឃ..ស..ក្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីនាង ឃុំតាំងក្រសៅ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។

កម្លាំងនគរបាល ដកហូតវត្ថុតាងមាន÷ ដាវចំនួន០១ ដំបងឈើចំនួន០២ដើម ម៉ូតូ០៣គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស(ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០២គ្រឿង ផ្លាកលេខ កំពង់ធំ 1I-5257 ផ្លាកលេខកំពង់ធំ 1Q-4704 និងម៉ាវ៉េវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម 1F-4287) កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៤

ខេត្តបន្ទាយមានជ័យ៖ក្មេងស្រីក្រមុំម្នាក់និងកុមារា២នាក់ បានស្លាប់យ៉ាងអណោចអាធម៌ ខណ:ពេល អ្នកទាំង៣នាក់ បាននាំគ្នាទៅលេងទឹកនៅរណ្តៅកាយអាចម៍ដីម៉ៃខូ១កន្លែង ក្រោយពី ទឹកលិច។

ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ១ល្ងាច ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤  សពបានរកឃើញ នៅវេលាម៉ោង៥ល្ងាចថ្ងៃ ស្ថិតនៅ៣០០ម៉ែត្រពីភូមិយាងឧត្តម ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក។

បើតាមអាអះអាង របស់ លោកទន់ ថុល មេឃុំណាំ តៅ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា មុនពេលកើតហេតុនោះជនរងគ្រោះ ទាំង៣នាក់ ត្រូវជាមីងនិងក្មួយ បាននាំគ្នាទៅដើរលេង ពេលទៅដល់កន្លែងរណ្តៅកាយអាចម៍ដីម៉ៃខូ១កន្លែង បាននាំគ្នា ចុះលេងទឹកដោយមិនដឹងថា ជារណ្តៅម៉ៃខូទឹកជ្រៅ ពេលហែលដល់ទឹកជ្រៅ ស្រាប់តែលង់ពេលនោះ មីងបានចុះទៅជួយ ក៏ត្រូវលង់ទឹកស្លាប់ទាំង៣នាក់ដោយគ្មានអ្នកជួយស្រង់បានឡើយ។

លោកទន់ ថុលបាននិយាយបន្តទៀត ថាជនទាំង៣មានឈ្មោះ១-.ឈ្មោះ បាន គិមអេង ភេទស្រី អាយុ១៩ឆ្នាំកើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៥ ឪពុកឈ្មោះមុំ សំអួន អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ ប៉ៃ សំអៀត អាយុ៤០ឆ្នាំ ២ ឈ្មោះ កិក រីណា ភេទប្រុស អាយុ៥ឆ្នាំកើតថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩  មានឪពុកឈ្មោះកិក យន់ អាយុ២៣ឆ្នាំកើតឆ្នាំ២០០១និងម្តាយឈ្មោះ ហាវ ស្រីអូន អាយុ១៩ឆ្នាំ និង៣ ឈ្មោះ ចយ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ កើតនៅទី១៧ ខែសីហា ឆ្នាំ២០២១ មានម្តាយឈ្មោះ ហាវ ស្រីអឿង អាយុ២៥ឆ្នាំ។

លោកទន់ ថុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីព័ត៍មានថាមនុស្ស៣នាក់លង់ទឹកស្លាប់ សមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រួសារសព ចុះរាវរកលុះដល់ម៉ោង ៥ ល្ងាចទើបរកឃើញសពទាំង ៣ ហើយបានដឹកយកមកលំដ្ឋានផ្ទះជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

លោកទន់ ថុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅស្រុកភ្នំស្រុកនេះក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារលង់ទឹកជាច្រើននាក់ ដូច្នេះខែវស្សាចូលមកដល់ក្រុមគ្រួសារមានកូនតូចៗគួរប្រុងប្រយ័ត្នចំពោះកូនចៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចបង្កើត ក្រុមលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ ដែលជាសេនាធិការសំរាប់ចុះ រៀបចំ អនុវត្តគោលការណ៍ សណ្ដាប់ធ្នាប់។

តាមសេចក្ដីសម្រេចបានបង្ហាញថា៖ ១.ត្រូវរៀបចំសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយសាធារណៈ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺត្រូវធ្វើយ៉ាងណា ឲ្យក្រុងសៀមរាបមានសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញ នៅក្នុងតំបន់ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ (ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ,យុទ្ធនាការសៀមរាបផ្ទះខ្ញុំ និងផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប)។

២.រៀបចំការដាក់តាំងលក់ដូរដែលគ្មានសណ្ដាប់ធ្នាប់ អោយមានរបៀបរៀបរយតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិកា ឬលេខាធិការដ្ឋានទៅលើទីតាំងមួយចំនួន។

៣.រៀបចំណែនាំម្ចាស់លំនៅដ្ឋាន ផ្សារឲ្យរៀបចំអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ឲ្យល្អប្រសើរ ណែនាំឲ្យចូលរួមសម្អាតបរិវេណ និងទីធ្លាមុខទីតាំងរបស់ខ្លួនជាប្រចាំ ករណីមិនអនុវត្តតាមការណែនាំក្រុមការងារអាចអនុវត្តវិធានរដ្ឋបាល។

៤.ការលក់ដូរនៅលើចំណីផ្លូវសាធារណៈត្រូវបានហាម លើកលែងទីតាំងមួយចំនួនដែលក្រុមការងារត្រួតពិនិត្យនឹងធ្វើការរៀបចំអនុញ្ញាតហើយត្រូវតែចុះឈ្មោះស្ដាប់ការណែនាំរបស់ក្រុមការងារ ងាយស្រួលក្រុមការងារធ្វើការគ្រប់គ្រង។

៥.ត្រូវរៀបចំចំណតសំរាប់យានយន្ដ និងម៉ូតូនៅតាមតំបន់មួយចំនួនចៀសវាងការចតគ្មានសណ្ដាប់ធ្នាប់ នៅតាមផ្សារ ឬកន្លែងកំសាន្តមួយចំនួន។

គណៈកម្មាធិការ និងលេខាធិការដ្ឋានសណ្ដាប់ធ្នាប់ក្រុងសៀមរាប សូមអំពាវនាវជូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យមានការចូលរួមស្ដាប់ការណែនាំរបស់ក្រុមការងារ ដែលចុះទៅអនុវត្ត ដើម្បីឲ្យក្រុងសៀមរាបយើងទទួលបានសណ្ដាប់ធ្នាប់ល្អ របៀបរៀបរយសាធារណៈ បរិស្ថាន អនាម័យល្អ និងជាពិសេសឲ្យសាកសមជាខេត្តទេសចរណ៍បេតិកភណ្ឌ វប្បធ៌ម ប្រវត្តិសាស្រ្ត និងកាន់តែទាក់ទាញភ្ញៀវទេសចរ វិនិយោគិនឲ្យមកបណ្តាក់ទុន និងពន្យាពេលស្នាក់ក្នុងក្រុងសៀមរាប យើងដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខេត្តសៀមរាបទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៤

ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់ ទៅលើជនសង្ស័យ ជាក្មេងទំនើងចំនួន 10 នាក់ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច។

សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី 2 ខែសីហាឆ្នាំ 2024 ម្សិលមិញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងចំនួន ០៦នាក់ និងបក្ខពួក។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៦ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងក្រុមក្មេងទំនើង ចំនួន ២ក្រុម ដោយក្រុមទី១ មានគ្នាចំនួន ៣នាក់ និងក្រុមទី២ មានគ្នាចំនួន ៧នាក់ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ និងបក្ខពួក៤នាក់ផ្សេងទៀត បានរត់គេចខ្លួន បានវាយគ្នាទៅវិញទៅមក មានគ្នាច្រើន បណ្តាលឱ្យរងរបួសចំនួន ២នាក់ បែកក្បាលដេរចំនួន ៥ផ្ទេរ និងបែកមាត់ចេញឈាម។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ៦នាក់ និងបក្ខពួក៤នាក់ទៀត ពីបទ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ (វាយគ្នាទៅវិញទៅមកមានគ្នាច្រើន) ប្រព្រឹត្តនៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច (ស្តុបឡាបប៉េ) ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៦៤៤ អយង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បញ្ជូន ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២៤

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឱ្យ រដ្ឋបាល ក្រុង ស្រុកត្រូវខិតខំបន្តការរុះរើស្លាកយីហោ ផ្សព្វផ្យាយស្រាបៀគ្រប់ប្រភេទ និងរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ តាមដងផ្លូវដែលបំពានលើ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង ជាដើម។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នេះ លោកសុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានជំរុញបន្ថែមទៀតឱ្យបន្តពង្រឹងវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាព ក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់។ បង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយបង្កើនការដាក់កម្លាំងតាមគោលដៅ និងបង្កើនកម្លាំងល្បាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារផ្សព្វផ្សាយវេទិកាសាធារណៈ និងចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស។

អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តបាត់ដំបង ត្រូវរួមសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ ពីអំពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតាមសហគមន៍នានា ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលដៅ ដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក្នុងនោះត្រូវតាមដានស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញៀន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ដោយ
ការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត លោកសុខ លូ បានធ្វើការក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការបង្រ្កាប និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅតាមសហគមន៍ក្នុងខេត្ត ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈការជួញដូរ ចែកចាយ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលត្រូវប្រយុទ្ធប្រឆាំងឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានបញ្ជាឱ្យត្រួតពិនិត្យ និងបោសសំអាត​គ្រឿងញៀន​តាម​ខារ៉ា​អូខេ ក្លឹបរាត្រី ដោយទុកពេលឱ្យ១សប្ដាហ៍ក្នុងការអនុវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page74 Page75 Page76 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×