អង្គរក្សម្នាក់បានស្លាប់និង 3 នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2023 វេលាម៉ោង21 និង 10 នាទី ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រវាងរថយន្ត និងគោយន្តកន្ត្រៃ ក្នុងដំណើរស្របទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិ 62ចន្លោះគីឡូម៉ែត្រ 216។
សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក់បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-4345 រថយន្តខូចខាតទាំងស្រុង។ អ្នកបើកបររថយន្តឈ្មោះ នៅ ប៊ុនធឿន ភេទប្រុសអាយុ ជាង40 ឆ្នាំមុខរបរអង្គរក្ស បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់ពេទ្យអគ្គស្រអែម។
ក្នុងរថយន្តមានអ្នករួមដំណើរ ចំនួន3នាក់៖ ទី1.ឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល 32 ឆ្នាំមុខរបរអង្គរក្សរងរបួសស្រាល។ ឯពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ16 មករាខេត្តព្រះវិហារ។ ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។ ដោយគោយន្តកន្ត្រៃត្រូវបានខូចខាតរ៉ឺម៉កខាងក្រោយទាំងស្រុង។
សមត្ថកិច្ចខេត្តព្រះវិហារបានបន្តថា វត្ថុតាង គោយន្តកន្ត្រៃ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម។ ចំណែករថយន្តត្រូវបានកម្លាំងអង្គរក្សយកទៅទុកនៅទីបញ្ជាការដ្ឋានអង្គរក្ស។ បើតាមសមត្ថកិច្ច តាមការសន្និដ្ឋានបឋមមូលហេតុ បណ្ដាលមកពីគោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លឺនិងគ្មានចំណាំងផ្លាត៕


