ខេត្តកំពង់ចាម៖លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ រួមនឹងអភិបាលរងស្រុក មេបញ្ជាការកងកំលាំងទាំង៣ ការិយាល័យពាក់ព័ន្ធ មេឃុំ ក្រុមប្រឹក្សាឃុំ សូរសែន្យ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានបើកវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ភូមិតាសរ ឃុំស្រង៉ែ និងប្រជាពលរដ្ឋឃុំសូរសែន្យ ដែលមានដីស្រែ និងដីលំនៅដ្ឋាន តាមដងផ្លូវ ដែលត្រូវស្ថាបនាជាផ្លូវកៅស៊ូ។
ក្នុងវេទិកានោះដែរ លោកឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងមន្ត្រីបច្ចេកទេស បានជម្រាបជូនប្រជាពលរដ្ឋថា ផ្លូវនេះស្ថាបនាដោយចាក់កៅស៊ូ៦ម៉ែត្រ បូកនិងស្មាផ្លូវសងខាង ក្នុងម្ខាង១ម៉ែត្រ តែដោយសារដំណើរការគ្រឿងចក្រ ត្រូវកៀរកិនបង្ហាប់ ដូច្នេះតម្រូវបើកផ្លូវ១០ម៉ែត្រ ហើយក្រុមការងារក៏បោះបង្គោលក្រហមកំណត់១០ម៉ែត្រ តែត្រង់កន្លែងខ្លះដែលមានដីខ្ពស់ស្រាប់ជាក្រួសក្រហម គឺក្រុមឈូសឆាយឈូសតែ៩ម៉ែត្រទេ ព្រោះមិនតំរូវចាក់បាតដីស។ ដូច្នេះសូមប្រជាពលរដ្ឋ កុំយល់ច្រលំថា ហេតុអ្វីឃើញបង្គោលក្រហមដល់ តែមិនឈូសត្រង់ចំណុចខ្លះ។ ជាមួយគ្នានោះក្រុមការងារបន្តពិនិត្យទីតាំងលូទទឹងថ្នល់ផងដែរ៕SRP
