សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជន កម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់ថវិកាយ៉ាងគត់មត់បំផុត។ ជាក់ស្តែងមានសារព័ត៌មានក្រៅប្រទេស ដែលតែងសរសេរព័ត៌មានមិនពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និងគ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មានជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿងវាយប្រហាររាជរដ្ឋាភិបាល។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាបទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហកប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេស មកធ្វើគម្រោងព្រែកជីហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ចទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេចធិបតី បានធ្វើការបកស្រាយ គឺក្នុងគោលបំណងជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការគ្រប់កម្រិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មានប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ការបញ្ជាក់ធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ៕


