ខេត្តសៀមរាប៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំ ពិភាក្សាអំពីតម្លៃសេវា ប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
ការប្រជុំធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ក្រោមការដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំ ក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សា អំពីតម្លៃសេវាប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ ក្រោមការងារចង្អុលបង្ហាញ ដោយផ្ទាល់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតក្រុមការងារចំពោះកិច្ច ដោះស្រាយលើតម្លៃ សេវាប្រើប្រាស់ផ្លូវ ចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក្រុមការងារពីក្រសួង -ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះ អង្គប្រជុំបានសម្រេច នឹងចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលខាងមុខ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាព អាកាសយានដ្ឋាន រួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែក ជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះ ស្រាយសមស្រប ជូនប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ស្នើសុំ ឲ្យក្រុមហ៊ុន បញ្ឈប់ការគិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ការស្នើសុំធ្វើឡើង នៅក្នុងរដ្ឋបាលខេត្តសៀមរាប ក្រោយពី រដ្ឋបាលខេត្ត បានអនុញ្ញាត ឲ្យចូលជួបជាមួយក្រុមមន្ត្រីសាលាខេត្ត បន្ទាប់ពីបានប្រមូលផ្តុំ នៅមុខសាលាខេត្តសៀមរាប ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងគោលបំណងស្នើសុំ ឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃ សេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
គួរបញ្ជាក់ផងដែរថា រយ:ពេលប៉ុន្មានថ្ងៃមកនេះ មានការលើកឡើង ពីការធ្វើដំណើរ លើដងផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ថា បានយកលុយថ្លៃផ្លូវ ដែលករណីនេះឱ្យមានការប្រតិកម្មជាច្រើនពីមហាជន ជាងពិសេស ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ៕


