Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តសៀមរាប៖លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកជំទាវ ប៉ាន់ ត្រាប្រណី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅក្នុងភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្លែងក្នុងមតិស្វាគមន៍ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងថា កងពលធំអន្តរាគមន៍លេខ២ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ និងខឿនការពារជាតិរបស់ប្រជាជន ការពារ រឹងមាំអធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង រក្សាប្រក្រតីភាព កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកឧត្តមសេនីយ៍ឯក បានថ្លែង អំណរគុណដល់ អគរ និងប្រមុខរាជរដ្ឋាភិបាល ចំពោះការគិតគូរ យកចិត្តទុកដាក់ជួយទំនុកបម្រុង ឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពការងាររបស់កងពលធំអន្តរាគមន៍លេខ២ ក្នុងបុព្វហេតុខាងលើ ក៍ដូចជាការគាំទ្រដល់សកម្មភាពកសាង និងពង្រឹងអង្គភាពលើគ្រប់វិស័យ ជាពិសេសថ្លែងអំណរដល់ការចុះសួរសុខទុក្ខដោយផ្ទាល់នាឱកាសដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ ដើម្បីរឹតចំណងមេត្រីភាពរវាងអង្គភាពទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកគុណ ញឹម បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគរ និង កងពលធំអន្តរាគមន៍លេខ២ ក្នុងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីជាមួយគ្នា តាំងពីឆ្នាំ២០០៥ មក ដែលគិតមកដល់ពេលនេះមានរយៈពេលជិត ២០ឆ្នាំហើយ។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ អគរ តែងតែបានចងភ្ជាប់មនោសញ្ចេតនាឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ កងពលធំអន្តរាគមន៍លេខ២ ជាប្រចាំ និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយការងារជូនដល់បញ្ជាការដ្ឋាន ក៏ដូចជាថវិកាជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រ ផ្សារភ្ជាប់ជាមួយអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត។

ចាប់តាំងពីឆ្នាំ២០០៥ មក អគរ បានចូលរួមឧបត្ថម្ភដល់ការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ជាបន្តបន្ទាប់ដែលសមិទ្ធផលចម្បងៗ រួមមាន ការកសាងអគាររដ្ឋបាល ១ខ្នង, អគារបណ្ណាល័យ ១ខ្នង, ផ្លូវបេតុងចូលបញ្ជាការដ្ឋាន, បង្គោលអង់តែនវិទ្យុទាក់ទង និងវិទ្យុទាក់ទងមួយចំនួន, រោងរថយន្តដឹកជញ្ជូន, សួនច្បារក្នុងទីបញ្ជាការដ្ឋាន ព្រមទាំងការចូលរួមសាងសង់អគារ និងឧបត្ថម្ភសម្ភារប្រើប្រាស់ដទៃទៀត។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ២ រួមមាន៖ ម៉ាស៊ីនបូមទឹក ៤គ្រឿង, អង្ករ ១៦តោន, មីកញ្ចប់ ៤០កេសធំ, ត្រីខ ៤០កេសធំ, ស្ករស ១តោន, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៥០០កេស, ទឹកក្រូច ៥០០កេស, ស្រាបៀរ ៥០០កេស, ថវិកាជូនដល់បញ្ជាការដ្ឋានចំនួន ២០,០០០,០០០ រៀល, ថវិកាសម្រាប់សាងសង់អគារសាលប្រជុំវរសេនាតូចកាំភ្លើងធំ ចំនួន ២០,០០០ ដុល្លារ-អាម៉េរិក និងថវិកាជូនដល់នាយទាហាន, នាយទាហានរង និងពលទាហាន ៣០,០០០ រៀល ក្នុងម្នាក់។ សរុបជាថវិកាមានចំនួន ៣៨,៩៧២ ដុល្លារអាម៉េរិក និង ៧៦,៥៨០,០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា នៅថ្ងៃសៅរ៍នេះ បានអញ្ជើញសួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ នៅបរិវេណសាលារាជធានីភ្នំពេញ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកសេចក្តីស្រលាញ់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតដល់នាពេលឆាប់ៗខាងមុខនេះ និងជាការចូលរួមលើកកម្ពស់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គមកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្សត្រីចក្រយាន(ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៣៦ មកម្លេះ។ សមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំង ២៩៦ នាក់នេះ ទទួលបានប្រាក់ខែជាទៀងទាត់ ដោយក្នុងមួយខែពួកគាត់អាចបើកបានចំនួន ៣ដង ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការបង្កើតមូលនិធិនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តព្រះវិហារ៖ក្រុមមន្ត្រីថ្នាក់ក្រោម បានសម្រេចដាក់ពាក្យបណ្ដឹង ប្ដឹងទៅសម្ដេចអធិបតីហ៊ុន ម៉ាណែត ដោយសុំដក លោក ឡង់ សុបិន អភិបាលស្រុកឆែប ចេញពីមុខតំណែង។

នេះបើយោងតាម លិខិតបណ្ដឹងដោយបើកចំហ.របស់មន្ត្រីក្រោមឱវាទ ដែលបានគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងលិខិតនោះបានអះអាងថា«យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ។ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារ សោះឡើយ ។
ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់។

-មន្ត្រីក្រោមឱវាទបញ្ជាក់ថា៖សកម្មភាពរបស់លោក ឡង់ សុបិន កន្លងមកមានដូចជា៖ ពុំមានការប្រាស្រ័យទាក់ទងល្អជាមួយមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុក។
– ប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលស្រុកមិនត្រឹមត្រូវ កេងចំណេញ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ (ពិសេសកញ្ចប់លទ្ធកម្ម)។

មានអត្តចរិកឆេវឆាវ គ្រប់គ្រងកំហឹងពុំបាន បញ្ចេញសម្តីមិនល្អជាមួយមន្ត្រី និងក្រុមប្រឹក្សា។

សម្ដីគ្មានសុជីវធម៌ សីលធម៌ក្នុងភាពជាអ្នកដឹកនាំ ពុំខ្វល់ខ្វាយពីសាមគ្គីភាពផ្ទៃក្នុង។ មិនមានភក្ដីភាពជាអ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំតាមអារម្មណ៍របស់ខ្លួន។

ធ្វើការអត្តនោម័ត ពុំដែលស្តាប់យោបល់អ្នកណា ពិសេសគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក។
– គ្មានចំណេះដឹងផ្នែករដ្ឋបាល ដឹកនាំ គ្រប់គ្រង ។
– ពុំសូវនៅអង្គភាពដោយធ្វើការផ្ទេរសិទ្ធិជាញឹកញាប់ តែពេលនៅសាលាស្រុកតែងតែតាមដាន និង ដាក់អវត្តមានមន្ត្រីកំពុងធ្វើការ ដែលពុំទាន់ចុះហត្ថលេខា លើបញ្ជីវត្តមាន។

មិនចេះលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសុខទុក្ខររបស់មន្ត្រីក្រោមឱវាទ ចេះតែចាប់កំហុស។
រាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំប្រចាំខែ ។
គឺពុំមានរបៀបវារៈត្រឹមត្រូវ ច្បាស់លាស់ក្នុង កិច្ចប្រជុំ ហើយតែងតែស្តីបន្ទោសមន្ត្រី និងបណ្តេញមន្ត្រីចេញពីអង្គប្រជុំជារឿយៗ។

– មិនដែលចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក រយៈពេលជាងមួយឆ្នាំ ហើយគេចវេសមិនចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និង វេទិកាផ្សព្វផ្សាយ និងពិគ្រោះ
យោបល់របស់ក្រុមប្រឹក្សាខេត្ត។
ហើយមិនដែលចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកើត មានឡើងក្នុងស្រុកឡើយ។

– បង្កើតបក្សក្នុងបក្ស បង្កទំនាស់ផ្ទៃក្នុង បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់លើ ថ្នាក់ក្រោម។
– បង្កអោយមានទំនាស់ដីធ្លីជាញឹកញាប់ក្នុងភូមិសាស្ត្រស្រុកឆែប ហើយមិនចូលរួមដោះស្រាយ។

– បង្កើតចលនាដីធ្លី ដោយបានសហការជាមួយលោក ម៉ី សោភា (មន្ត្រីចូលនិវត្តន៍) និងក្រុមហ៊ុន ចំ ការអំពៅចិន ។
ដោយយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មិនវិនិយោគលើដំណាំ អំពៅ បែជាជួលដីឲ្យប្រជាពលរដ្ឋដាំដំឡូងមីវិញ (នៅឆ្នាំ២០២៣ ក្នុង១ហិកតាជួលក្នុងតំលៃ ៤៥០,០០០៛ ទៅ៦០០,០០០៛ ។

លុះដល់ឆ្នាំ២០២៤លោក ម៉ី សោភា បានបង្កើនថ្លៃជួលដីរហូត ដល់ ៨០០,០០០៛ ទៅ១,០០០,០០០៛ ដើម្បីជួលឲ្យប្រជាជនក្រៅស្រុក)។ ដែលធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងស្រុកឆែប យ៉ាងធ្ងន់ធ្ងរបំផុត។
លោក ម៉ី សោភា ម្ចាស់សហគ្រាសអឹមសេវែន គឺបានរំលោភបំពានលើប្រជាពលរដ្ឋដែលបានជួលដី ហើយទាមទារ លុយពីប្រជាពលរដ្ឋមុនការកំណត់ជាប្រចាំ លើកខ្លួនជាស្ដេចក្រាញ់ប្រចាំតំបន់ ដោយមិនខ្លាចរអា ច្បាប់ឡើយ ព្រោះមានការសហការពីអភិបាលស្រុក។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានប្តឹងឲ្យកំលាំងកងរាជអាវុធហត្ថស្រុក ចាប់យកត្រាក់ទ័ររបស់ប្រជាពលរដ្ឋចំនួនមួយ គ្រឿង ម៉ាកគូបូតាពណ៌ក្រហមលេខ១០៥០ ។
ដែលកំពុងភ្ជួរដីរើសផលដំឡូងមីក្នុងដីចំការដែលបាន ជួល ពីខាងសហគ្រាសអឹមសេវែន។
ពេលចុះចាប់នោះ មានកំលាំងកងរាជអាវុធហត្ថស្រុកចំនួន០៣ នាក់ សន្តិសុខសហគ្រាសអឹមសេវែនចំនួន០៦នាក់ អ្នកបកប្រែចិនចំនួន០១នាក់ ដឹកនាំដោយ លោក ហុង ហាំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ។

បានចាប់យកត្រាក់ទ័រទៅ រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយ អន្តរាគមន៍តែលោក ឡង់ សុបិន មិនព្រមចុះហត្ថលេខា លើឯកសារសំណើរបស់ប្រជាពលរដ្ឋ ដោយ គ្មានភាពទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនឡើយ ក្នុងនាមជាថ្នាក់ដឹកនាំស្រុក។

ប្រភពដដែលបន្ថែមទៀតថាកន្លងមក(នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ) ធ្លាប់មានជនអាណាមិកបានបោះត្រាក់នៅមុខសាលាស្រុកឆែប និងនៅមុខសាលាខេត្តព្រះវិហារ រិះគន់ ២០២៣ អំពីអសម្ថភាពដឹកនាំរបស់លោក ឡង់ សុបិន។

បន្ទាប់មក គណៈចាត់តាំង នៃគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ ។
បានចុះមកសាកសួរក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ថាតើអត្ថន័យក្នុងត្រាក់នោះ ជាការពិតដែររឺទេ? ។ ប៉ុន្តែមកទល់ពេលនេះ យើងខ្ញុំពុំទាន់បានឃើញចំណាត់ការណាមួយចំពោះបុគ្គលនេះនៅឡើយ។

-ជាចុងក្រោយមន្ត្រីក្រោមឱវាទ ស្នើសុំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាដក ឬសម្រួលភារកិច្ច លោក ឡង់ សុបិន ចេញពីអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយក្ដីអនុគ្រោះ។

អង្គភាពផ្សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក លោក ឡង់ សុបិន អភិបាលស្រុកឆែប នៅឡើយទេ។ តែលោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍នេះថា ៖ ការដឹកនាំរបស់លោក គឺល្អប្រសើ។
ក្នុងនោះរូបលោក ក៏មិននឹកស្មានថា មានអ្នកមិនពេញចិត្ត នឹងលោកដែរ។ លោកបន្តថា ខ្ញុំតែងតែធ្វើការណែនាំដល់មន្ត្រីជំនាញ ឬការិយាល័យនានា ឱ្យអនុវត្តតួនាទីភារកិច្ច ល្អដើម្បីបម្រើពលរដ្ឋ។ចំពោះរឿង ជួលដីសប្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការអំពៅចិន លោកបានបដិសេធថា ខ្ញុំមិនពាក់ព័ន្ធនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៤

ខេត្តព្រះសីហនុ៖លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ មក ជាពិសេសក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។

បើតាមអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោកសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញ ខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំនិងធ្វើកិច្ចសន្យា។

ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ លោកស សុខា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ និងដោយមានការគាំទ្រពីគណៈកម្មការចំពោះកិច្ច ដែលបានបំពេញតួនាទីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងខេត្តបានយ៉ាងល្អ ក្នុងនោះក៏រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និងវាយតម្លៃជាវិជ្ជមាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ ដល់គណៈកម្មការចំពោះកិច្ច និយាយជារួម និងដោយឡែកគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៤

បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍នៅវេលាម៉ោង២៣.០០នាទី ថ្ងៃទី០៤ ខែមេសាឆ្នាំ២០២៤ នៅចំណុចផ្លូវព្រលានយន្តហោះ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិចាន់សជើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង ជិះម៉ូតូម៉ាក ហុងដាឌ្រីម  ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1P 2195 បើកបរដោយឈ្មោះស៊ត់ អ៊ូខុង ភេទប្រុស អាយុ២៦ ឆ្នាំ នៅភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច បានបុកបង្គោលភ្លើង(សូឡា) បណ្ដាលឲ្យស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៤

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចចេញអនុក្រឹត្យ ស្តីពី «ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៤

ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច​ ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ​ការធ្វេីប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន។

នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំ​ណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យ​បាន​នូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រ​ទេស​ដែលមានចំណូលខ្ពស់ ។ ឈរលើ​ស្មារតី​នៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជា​​​ចំណុចស្នូលនៃ​យុទ្ធសាស្រ្ត​បញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់​តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀត​ការងារកែទម្រង់ ពិសេសការកែ​ទម្រង់​​​រដ្ឋបាល​សាធារណៈ ការជំរុញការអនុវត្តគោលនយោ​បាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌ និងការ​កែទម្រង់តាមវិស័យ​អាទិ​ភាពគន្លឹះផ្សេងៗ​ទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំ និងសុខាភិបាល ។ ក្នុងន័យ​​នេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំង​ការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធ​សាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាង​ឆាប់រហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចទាំង​ក្នុងនិងក្រៅប្រទេស។

សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់អំពីកិច្ចការអាទិភាព និងគោលបំណង​ យុទ្ធសាស្ត្រមួយចំនួនដែលមានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ច​​កោណ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារកែទម្រង់ ការលើក​កម្ពស់អភិបាលកិច្ច និង​​​ការធ្វើទំនើបកម្មសា្ថប័នសាធារណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន (១) ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដោយផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថ​ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជនឱ្យកាន់តែប្រសើរ និងឆ្លើយតបក្នុងលទ្ធភាពខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយ​​​ផ្តោតលើការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈទាំងនៅកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដោយផ្តោតលើការលើក​​​កម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាល សាធារណៈ ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព (៤) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការ​ពង្រឹងគោលការណ៍នីតិ​​រដ្ឋដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿ​ទុកចិត្តពីសាធា​​រណជនមកលើរដ្ឋបាលសាធារណៈ។

នៅក្នុងពិធីដ៏មហោទ្បារិកនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច​ ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ​ការធ្វេីប្រតិកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន។ យ៉ាងណាមិញ នីតិវិធីនៃការតែងតាំងត្រូវអនុលោមតាមនីតិវិធី និងបទដ្ឋានជាធរមាន ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មលើការងារគ្រប់គ្រង និងអភិវឌ្ឍ​វិស័យមុខងារសាធារណៈ ព្រមទាំងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈប្រកប​ដោយ​ភាពបុរេសកម្ម សកម្ម ក្នុងការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈរបស់​រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជាពិសេស បានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ គួរជាទីមោទនៈ ក្នុងរយៈពេលជាង ៧ ខែកន្លងមកនេះ ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៤

កំពង់ចាម: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធករណីលេងតុងទីនតាមអនឡាញដែលជំពាក់កូនតុងទីនជាច្រើននាក់ រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ។

ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៤០ នាទី នៅចំណុច ខុនដូរ អិល បឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ជនសង្ស័យចំនួន០២នាក់÷
១.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។
២.ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។

តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។

បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៤

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបញ្ជូនខ្លួនមនុស្ស ៣នាក់ ក្នុងនោះមានអភិបាលរងស្រុកកំពង់លែងម្នាក់ ទៅកាន់តុលាការខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ដែលជាអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបចំនួន ៩ហិកតា។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់ថា មនុស្សទាំង៣នាក់៖ ទី១.ឈ្មោះ ពុំ សុផល អភិបាលរងស្រុកកំពង់លែង, ទី២.ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក និងទី៣.ឈ្មោះ ជួន តុំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយ មកធ្វើជាកម្មសិទ្ធិ ឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលពិតប្រាកដ។

លោក សយ ច័ន្ទវិចិត្ត បន្ថែមថា ជនសង្ស័យខាងលើ បានប្រើប្រាស់ ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះ មិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណង ធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គ ដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេច បានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។

អង្គភាពបានធ្វើការស៊ើបអង្គេតប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុប១៥នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួន២ បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ និងបញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួល ឲ្យមានការឈួសឆាយកាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំណុតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល មាត្រា២៩ និយមន័យនៃអ្នកសមគំនិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៤

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅក្នុងភូមិ រកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ចំនួន៣.៤២៦ ក្បាលដី ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីធ្វើការកាន់កាប់អាស្រ័យផល និងបន្តមរតកទៅកូនចៅជំនាន់ក្រោយៗ។

ការប្រគល់នេះនៅព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤ នៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំងសង្កាត់ក្របីរៀល ក្រោមវត្តមានចូលរួមរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប អស់លោក លោកស្រីតំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងធនាគារ និងអង្គភាពហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណ ជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោក ប៊ូ ជុំសម្បត្តិ មានប្រសាស៍បញ្ជាក់ថា ការប្រគល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងសង្កាត់ក្របីរៀល នាពេលនេះគឺមានចំនួន៤ភូមិ គឺមានដូចជា ៖ ១/ភូមិរកា មានក្បាលដីសរុប១.០៧៥ដែលក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ២/ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧ ដែលក្នុងនោះក្បាលដីចំនួន ៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ៣/ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣ដែលក្នុងនោះក្បាលដី ចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទី៤/ភូមិខ្នារមានក្បាលដីសរុប ១.១១២ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូន បានផងដែរ។

លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធ ជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដី ជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយ តាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈាន ទៅដល់ការចេញ ប័ណ្ណ ជូនម្ចាស់ដី ជាបន្តទៀត។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការចុះវាស់វែងដីធ្លី ឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។

លោក សំកុល សុចិត្រា បន្តថាការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះគឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះ បាន ដើម្បីធានាសុវត្ថិភាពដល់ ប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិ ទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗ សុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿង ដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។ លោក សំកុល សុចិត្រា ក៏បានថ្លែងជំរុញដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះផងដែរ លោក អាង រ៉ាស៊ី ប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តសៀមរាប ក៏បានធ្វើការផ្សព្វផ្សាយ អំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលប័ណ្ណកម្មសិទ្ធ ដីទាំងអស់នាពេលនោះ ដោយបានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺទី១/ ពន្ធលើអចលនព្យ ទី២/ ពន្ធលើដីមិនបានប្រើប្រាស់ និងទី៣គឺ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ។

លោក អាង រ៉ាស៊ី បានមានប្រសាសន៍ឱ្យដឹងទៀតថា ចំណូលពន្ធគឺជា ចំណូលថវិការដ្ឋ ដ៍សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស។ ហើយថវិកាដែលបានពីការបង់ពន្ធនេះ គឺជាការចូលរួមរបស់បងប្អូន របស់ប្រជាពលរដ្ឋគ្រប់ៗ រូបក្នុងនាមជាប្រជាពលរដ្ឋ។

លោកបានថ្លែងអំណរគុណ នៅការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវអោយ ប្រជាពលរដ្ឋអញ្ជើញទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ។ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីទំនេរមិនប្រើប្រាស់ អញ្ជើញរួសរ៉ាន់ ទៅបង់ពន្ធនៅការិល័យនៃការបង់ពន្ធ នៃសាខាពន្ធដារ ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៤នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤ នេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៤

ខេត្តកំពង់ចាម៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បាន អញ្ជើញ បេីកយុទ្ធនាការ ជិះ កង់ទៅ តាម បណ្ដា ក្រុងស្រុកទាំង១០ដើម្បីធ្វើសកម្មភាពគៀងគរថវិកា សម្រាប់ ទ្រទ្រង់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

យុទ្ធនាការ ជិះកង់នេះបន្ទាប់ ពី មាន ការ ណែនាំ ដ៏ខ្ពង់ខ្ពស់ ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែល ព្រឹត្តិការណ៍ នេះ បាន ធ្វើ ឡើង រយៈពេល មួយ សប្ដាហ៍ ចាប់ ពី ថ្ងៃទី ១រហូត ដល់ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ក្នុងគោលបំណង បណ្តុះ ផ្នត់គំនិត ដល់ យុវជន ឱ្យ មាន ស្មារតីមនុស្សធម៌ ខ្មែរ ត្រូវ ជួយខ្មែរ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែលមានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមេសា នេះ ក្នុងគោលបំណងទទួលថវិកា ពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយកុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន ធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និងសប្បុរសជន សូមមេត្តាចូលរួមជួយបរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ និង ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា នោះ ផងដែរ។

គួរបញ្ជាក់ថាក្នុងយុទ្ធនាការនេះ ជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅ មុខសាលាខេត្ត ទៅកាន់” អក្សរខេត្តកំពង់ចាម” នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅ ដែលបានកំណត់ទុករួមមាន ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុន អាជីវកម្ម គ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៤

ខេត្តសៀមរាប៖ករណីវិវាទរវាង ក្រុមហ៊ុន បុរីសួស្ដី៣៣៣ ជាមួយអតិថិជន នៅមិនទាន់ដោះស្រាយចប់នៅឡើយ ដោយក្រុមហ៊ុនមួយនេះបានត្រឹមតែការសន្យាចោលប៉ុណ្ណោះ។

អាជ្ញាធរស្រុកប្រាសាទបាគងបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ប្រាប់ថា វេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ នេះ អតិថិជនដែលបានទិញផ្ទះ នៅក្នុងបុរីសួស្ដី៣៣៣ ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាន ប្រមូលផ្ដុំគ្នា នៅបុរីសួស្ដី៣៣៣។

អាជ្ញាធរបានបន្តថា អតិថិជន ដែលបានទិញផ្ទះនៅក្នុងបុរីសួស្ដី៣៣៣ លើកគ្នាមកជួបខាងបុរីសួស្ដី៣៣៣ គឺក្នុងគោលបំណងដើម្បីរកដំណោះស្រាយ រវាងម្ចាស់ក្រុមហ៊ុននិងអតិថិជន។

អាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកមិញនេះខាងបុរី៣៣៣ បានឲ្យអ្នកតំណាងបុរីសិរីសួស្ដី៣៣៣ ឈ្មោះ សៅសាវុធ ដើម្បីចូលរួមប្រជុំ ក្នុងការិយាល័យ។ នៅក្នុងជំនួបនេះ
ពុំមានការដោះស្រាយនោះឡើយ ដោយក្រុមហ៊ុន សិរីសួស្ដី៣៣៣ បានគ្រាន់តែសន្យាអោយអតិថិជនរង់ចាំដំស្រាយពេលក្រោយតែប៉ុណ្ណោះ។

បើតាមអាជ្ញាធរ បានបញ្ជាក់ទៀតថា ករណីនេះក្រុមអតិថិជនបានសុំណូមពរដូចខាងក្រោម៖ទី១សុំឲ្យខាងបុរីសិរីសួស្ដី៣៣៣ ជួយចេញប្លង់រឹងជូនដល់ពួកគាត់ឲ្យបានឆាប់។

ទី២ ខាងបុរីសួស្ដី៣៣៣ មានដីកាអមចេញពីក្រសួងរៀមចំដែនដីនគរូបនីយកម្មនិងសំណង់មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុយោដីខេត្តសៀមរាបលេខ ៩៩០ដនសស.សរ។

ជុំវិញករណីនេះ អង្គភាព ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីខាង បុរីសួស្ដី៣៣៣ នៅឡើយទេនៅរសៀលថ្ងៃអាទិត្យនេះ។

ទោះជាយ៉ាងណាអតិថិជនបានវល់ត្រឡប់ទៅផ្ទះវិញរាងៗខ្លួននៅព្រឹកមិញដដែល។ សូមរំលកថា កន្លងមកក៏មានអតិថិជនជាច្រើននាក់បានផ្ទុះការតវ៉ាជាមួយក្រុមហ៊ុន បុរីសួស្ដី៣៣៣ នោះដែរ ប៉ុន្តែរហូតដល់ បច្ចុប្បន្ននេះ អាជ្ញាធរជំនាញពាក់ព័ន្ធហាក់មិនមានដំណោះស្រាយជួយដល់ប្រជាពលរដ្ឋឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page85 Page86 Page87 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×