Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។

អញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖

(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។

(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ។

(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២៣

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2023 បានចុះហត្ថលេខាលើសេចក្ដីជូនដំណឹងមួយ ដែលមានបីទំព័រ ដោយបញ្ជាក់ថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាត ឱ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។

ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី សម្រាប់នីតិវិធីក្នុងការផ្ដល់បណ្ណសម្គាល់ អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំ ចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គល ជាអ្នកសារព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២៣

ភ្នំពេញ៖នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកិច្ចប្រជុំពិភាក្សាការងារ ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីសភាពការណ៍នៃបទល្មើស វិធានការអនុវត្ត ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើ សត្វព្រៃ ។ល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ក្នុងករណីបទល្មើសនោះ មានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ចប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។

បន្ទាប់ពីកិច្ចពិភាក្សានិងមានការឯកភាពនូវគោលគំនិត គោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២៣

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានប្ដីគេនិងបក្សពួកតាមកាប់សម្លាប់ក្រោយបានលួចទាក់ទងប្រពន្ធគេ។

ជនរងគ្រោះដែលទាក់ទងប្រពន្ធគេ មានឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានគេកាប់ចំក្បាលពីក្រោយ១ កន្លែង​ បណ្តាលរងរបួសបែកហូរឈាម​ រហូតដល់ស្លាប់ ក្នុងពេលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងរបាយការណ៏របស់នគរបាលខេត្តបាត់ដំបង សៀមរាប ប៉ុស្តិ៍ ទទួលបានបង្ហាញថា ករណី  ឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៩នាទី​ នៅចំណុចក្រុមទី១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យ ទី១ ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

ទី២ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

ទី៣ ឈ្មោះ​ វី​ ខេត ហៅ​ វ៉ា ភេទប្រុស​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

ជនសង្ស័យត្រូវបានចាប់ខ្លួន នៅវេលាម៉ោង១៦ និង៣០នាទី​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចភូមិពុកឆ្មា​ ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាតដំបង។

របាយការណ៏បន្តថា ក្រោយពេលធ្វេីកំណត់ស្តាប់ចម្លេីយរួចរាល់​ ជនសង្ស័យទាំង ០៣នាក់​ បានឆ្លេីយសារភាពថា​៖ ពួកខ្លួនបានធ្វេីសកម្មភាព តាមរកជនរងគ្រោះ​ ឈ្មោះ​ ធឿម​ ចំរេីន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេីសកម្មភាព យកកាំបិតខ្វែង កាប់ទៅលេីជនរងគ្រោះ​ បណ្តាលអោយរងរបួស​ពិតប្រាកដមែន។

មូលហេតុ​ បណ្តាលអោយមានករណីហិង្សានេះ កេីតឡេីង​ គឺដោយសារតែជនសង្ស័យ ឈ្មោះ​ យឿម​ ម៉ែន​ បានផ្ទុះកំហឹង ជាមួយជនរងគ្រោះ ទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។

បច្ចុប្បន្នកម្លាំងននគរបាលស្រុកសង្កែកសាងសំណុំរឿង​បញ្ជូនជនសង្ស័យ បន្តតាមនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោក វរសេនីយ៍ទោ យុត តុងហូ អធិការដ្ឋាននគរបាលស្រុក សង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្រ្កាប​ តាម
បណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ខេត្តព្រះវិហារ៖មន្ទ្រីយោធាមួយរូបបាននរងរបួសធ្ងន់ធ្ងរ ដោយសារកសិករម្នាក់បានកាប់ប្រហារ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចផ្លូវគ្រួស ក្រហម ស្តិតក្នុងភូមិសុខសែនជ័យ ឃុំកន្តួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា ជនរងគ្រោះឈ្មោះ ឆាំង ឆៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរទាហានវរះ៣៨៣។

ជនសង្ស័យឈ្មោះ ស៊ឹង សន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ បានកាប់ជនរងគ្រោះរបួសក្បាល ០១កាំបិត ស្មារឆ្វេង០២កាំបិត ដៃឆ្វេង០៣កាំបិតបណ្ដាលអោយដាច់ម្រាមដៃចំនួនបួនម្រាម។

សមត្ថកិច្ចបន្តថាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងកាំបិត) នេះ មូលហេតុ៖ ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាពី មុនមក។

បច្ចុប្បន្ន៖ ជនរងគ្រោះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។ចំណែកជនសង្ស័យត្រូវបាននគរបាលស្រុកជាំក្សាន្តឃាត់ខ្លួន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦។ ដំណើរការសាងសង់បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ ជើង ក្នុង ១ ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី ១។ គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ ហិកតា និងដីបម្រុង ១.០០០ ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4 F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី។

សម្តេចធិបតី បានរំឭកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព ហើយការជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ” សំដៅជំរុញការអភិវឌ្ឍតាមមូលដ្ឋានឱ្យបានជឿនលឿន និងកែលម្អជីវភាពប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយភាពក្រីក្រក្នុងចំណោមគ្រួសារងាយរងគ្រោះនៅតាមសហគមន៍ដាច់ស្រយាល។ ជាមួយគ្នានេះ, យើងក៏មិនអាចបំភ្លេចបានដែរនូវការចូលរួមចំណែក និងខិតខំជ្រោមជ្រែងរបស់ដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការសិក្សាយ៉ាងល្អិតល្អន់អំពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងមួយនេះជូនប្រមុខរាជរដ្ឋាភិបាល។

សម្តចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖ ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រង និងការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍, ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍, ការគ្រប់គ្រងបញ្ហាអនាម័យ, សន្តិសុខ និងសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍សំខាន់ៗ, ការកំណត់ថ្លៃសមរម្យ, ការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយភាពច្នៃប្រឌិត, និងការកាត់បន្ថយកម្រៃជើងសារ (Commissions) នៃកញ្ចប់ធ្វើដំណើរមកកម្ពុជា ជាដើម។ ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយ ចំនួន ដែលមានជាអាទិ៍៖ (១.) ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, (២.) ការពង្រីកវិសាលភាពបណ្ណព្រំដែន, (៣.) ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, (៤.) ការលើកទឹកចិត្តផ្នែកពន្ធដារ, (៥.) ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង (៦.) ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ”។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង អ៊ីប៉ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)” ។ លើសពីនេះ ឯកឧត្តម វ៉ាង អ៊ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ដូចគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង ៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី, លោកតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម។ ជាចុងក្រោយ សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ក្រុមអាជីវករបានលើកឡើងថា ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាក់មិនជាខានបើគ្មានដំណោះស្រាយជូនពួកគាត់។

ការលើកបែបនេះបន្ទាប់ពីពួកគាត់ផ្ទុះការតវ៉ា រឿងគយខេត្តតាកែវ គាបយកលុយពីអាជីវករ គ្មានការយោគយល់ និងមិនមានវិក្កយបត្រ បញ្ជាក់។

ក្រុមអាជីវករជាច្រើននាក់បានលើកគ្នាតវ៉ារឿងស្ថាប័នគយសាខាខេត្តតាកែវ និងគយចល័ត គាបយកលុយពីពួកគាត់ ដោយគ្មានការយោគយល់ និងគ្មានមិនមានវិក្កយបត្រ បញ្ជាក់លើទំនិញ។

ក្រុមអាជីវករជាច្រើននាក់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិះគន់ យ៉ាងខ្លាំងទៅលើ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវនិងលោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម។

ក្រុមអាជីវករក្នុងពេលផ្ទុះការតវ៉ាបានលើកឡើងថា ពួកគាត់បានរកស៊ីដឹកទំនិញ ”ឥវ៉ាន់ចាប់ហួយ” ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះ ជារៀងរាល់លើក ពេលដឹក”ឥវ៉ាម់ចាប់ហួយ” ចេញពីវៀតណាម ចូលមកខ្មែរ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ចាប់ពី ១លាន ៥សែន ទៅ៣លានរៀល ក្នុង១ជើង។

ក្រុមអាជីវករបានបន្តថា ក្រោយបង់ពន្ធ នៅព្រំដែនរួចហើយ ពេលចេញផុត ពីព្រំដែនប្រហែល ៧គីឡូម៉ែត្រ រាល់រថយន្តដឹក”ឥវ៉ាន់ចាប់ហួយ”ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ក្នុង១ជើង។ លុះមកដល់ក្រុងដូនកែវ ទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យ សាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យ គយចល័ត ដែលមានស្នាក់ការ នៅខាងកើត «រង្វង់មូលអូរចំបក់» ប្រមាណ ប្រហែល ១៥០ម៉ែត្រ ចំនួន៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។

ក្រុមអាជីវករបញ្ជាក់ថា៖ ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះ និងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង។

អាជីវករបញ្ជាក់ទៀតថា ក្រុមគយមិនត្រឹមតែ បណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្នៈ លោក ស៊ុន ឆាយ រួមនិងលោក ប៉ោ សួន បានសហការគ្នា ដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង។ ដោយតម្រូវឱ្យ ពួកគាត់ជាអាជីវករ បង់ពន្ធ នៅព្រំដែន ចំនួន ៦លាន ២សែន រៀល ជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារនោះទេ។

លើសជាងនេះទៅទៀត មន្ត្រីគយបាន កំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែនហើយបើលើសពី ៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ១គុណជា៤តែម្ដង។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារ ចំនួន០៣ ចំណុចដូចខាងក្រោម៖

ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។

២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។

៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”ឥវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោហនឹងផាកពិន័យក្នុង១គ្រឿង ចំនួន៥ពាន់ ដុល្លារទៀតផង។

ការបញ្ចេញប្រតិកម្ម ពីសំណាក់អាជីវក បែបនេះ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នៅមុខស្នាក់ការ គយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ករណីនេះ លោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ បានអោយដឹងថា ការឃាត់រថយន្តដឹកទំនិញទាំងនេះ យកមករក្សាទុកគឺចង់អោយបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវក ចូលខ្លួនមកបង់ពន្ធអាករជូនរដ្ឋ ខណៈដែលភាគច្រើន អាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ គឺមិនមានក្រដាស់បង់ពន្ធអាករទល់តែសោះ ដែលជាទំនិញរត់គេចពន្ធភាគច្រើនចូលតាមច្រករបៀង ព្រំដែនប្រទេសវៀតណាម តែម្តង ហើយក្នុងនោះក៏មានទំនិញហាមឃាត់ផងដែរ ដែលការដឹកជញ្ជូនទំនិញបែបនេះចាត់ជាទំនិញរត់គេចពន្ធ។

លោកបន្តថា សមត្ថកិច្ចគយនឹងបន្តប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប អោយតែនៅតែមានអ្នកដឹកទំនិញរត់គេចពន្ធ គឺនៅតែចាប់ ជាបន្តរបន្ទាប់ ហើយដូច្នេះ ដើម្បីកុំអោយសមត្ថកិច្ចគយ ចាប់ សូមបងប្អូនអាជីវករទាំងអស់ ត្រូវបង់ពន្ធអាករអោយស្របច្បាប់ទាំងអស់គ្នា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានធ្វើការបោសសំអាត ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលបង្កចលាចលក្នុងក្រុងសៀមរាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថាក្មេងទំនើងចំនួន ០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។

នគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយចូលរួមសហការពីម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍​ និងតម្រួតបទបញ្ជ បានចុះស្រាវជ្រាវ​ និងនាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុម បានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសម្តីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន។ ទោះជាយ៉ាងណាក្រុមក្មេងទំនេីងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើ​កិច្ចសន្យាអប់រំណែនាំនិងឲ្យត្រឡប់ផ្ទះវិញរៀងៗខ្លួន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ នៅ
ព្រឹកស្អែក ថ្ងៃព្រហស្បតិ៍ ៤កើត ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport”។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងនៅចំណុចតូបជួសជុលម៉ាស៊ីនខាងកើត អងតែនទូរស័ព្ទសែលខាត ចម្ងាយ ៥០ ម៉ែត្រ ស្ថិតនៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន) នេះជនរងគ្រោះ ឈ្មោះ លំ គិមឡាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការសន្និដ្ឋាន: ក្រោយពីពិនិត្យលើសាកសព កន្លែងកើតហេតុ របស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញរួចមក ជនរងគ្រោះ ពិតជាបានស្លាប់ដោយ ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន)ពិតប្រាកដមែន។

បើកតាមសមត្ថកិច្ច ករណីនេះមូលហេតុ ជនរងគ្រោះ
មានបញ្ហាគ្រួសារ( ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ) ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតែម្ដង។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរខេត្ត និង ជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីកា ថា៖ ការសម្រេចបិទវត្តពោធិលង្កា (ពោធិ៍លើ) ជាបណ្តោះ អាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា នេះ បន្ទាប់ពីកើត មានភាពមិនប្រក្រតី ក្នុងការគ្រប់គ្រង។ ព្រះអង្គបន្តថា បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត និង ក្រុង និង ធ្វើការរៀបចំវត្តនេះឡើងវិញ។

សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានសម្រេចបិទវត្តពោធិលង្កា (ពោធិ៍លើ) ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បាន សម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) ដូចខាង ក្រោម៖
១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពី ចៅអធិការ
២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពី គ្រូសូត្រស្ដាំ ៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ីន ពី គ្រូសូត្រឆ្វេង និង ទី៤.បញ្ចប់មុខតំណែង ភិក្ខុ សេង សុខុម
ពី វិន័យធរ។

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៣ ខែវិច្ឆិកា របស់សាលាអនុគណក្រុងសៀមរាប  បានឱ្យដឹងថា សាលា អនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា (ពោធិ៍លើ) ទាំងអស់ឱ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាម ណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឱ្យនិមន្ត ទៅ គង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។

យោងតាមេសចក្តីជូនដំណឹងដដែលបាន ឱ្យដឹងថា នៅក្នុងវត្តពោធិលង្កា(ពោធិ៍លើ)នេះ មានព្រះសង្ឃ គង់នៅសរុប ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១នាក់ ក្នុងនោះ សាលាអនុគណ បានតម្រូវឱ្យព្រះសង្ឃជាសមណសិស្សពុទ្ធិក វិទ្យា ល័យរាជបូណ៌ ចំនួន៣៨ អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ចំណែកព្រះសង្ឃ ចំនួន ១០២ អង្គទៀត រួមជាមួយតាជី យាយជី និង ក្មេង វត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុង. ខេត្តសៀមរាបដើម្បីបានវត្តស្នាក់នៅបន្ត។

លិខិតជូនដំណឹងដដែល បានបញ្ជាក់យ៉ាងច្បាស់ថា សាលាអនុគណក្រុង មិនអនុញ្ញាតឱ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូន ដំណឹងនេះ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួល ខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

សូមជម្រាបថាវត្តពោធិលង្កា (ពោធិ៍លើ) កន្លងមកមានរឿងអាស្រូវជាច្រើន ដោយមូលហេតុ ទី១/មិនគោរព ប្រតិបត្តិ តាមធម៌វិន័យ ព្រះពុទ្ធសាសនា និង ទី២/ចែកបក្សពួក ជាច្រើនក្រុម និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរ និងជាយូរឆ្នាំណាស់មកហើយទើបមន្ត្រីដឹកនាំ សម្រេចរំសាយ ដើម្បីរៀបចំគណៈគ្រប់គ្រងវត្តសារជាថ្មី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page115 Page116 Page117 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×