លោកហ៊ុន ម៉ានិត បានថ្លែងប្រាប់ជាពលរដ្ឋថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស មានចេតនាបំផ្លាញសុខសន្តិភាព ដោយបានបំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម។
លោកហ៊ុន ម៉ានិត បន្តថា ម្យ៉ាងទៀតពួកជ្រុលនិយមនេះ បានប្រើប្រាស់យុទ្ធសាស្រ្ត “ចចក ពាក់ស្បែកចៀម” ដោយដើរតួរជាអ្នកស្នេហាជាតិ ធ្វើឱ្យយុវជន និងប្រជាជនជឿលើការឃោសនារបស់ពួកគេ។
លោកហ៊ុន ម៉ានិត ថ្លែងមានប្រសាសន៍ យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ម្សិលមិញ ក្នុងឱកាស តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមសម្ពោធអគារសិក្សា១ ខ្នង នៃវិទ្យាល័យល្វា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកហ៊ុន ម៉ានិត បានថ្លែងថា អគារសិក្សាមួយខ្នងនេះ នឹងចូលរួមចំណែកបន្ថែមទៀតជួយដល់ក្មួយៗសិស្សានុសិស្ស ទទួលបានការអប់រំកាន់តែល្អប្រសើរ មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់កូនក្មួយនៅមូលដ្ឋាន។ ទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស។
លោកបានបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតសំខាន់ទៅលើការលើកស្ទួយជីវភាពរបស់ប្រជាជន និងអភិវឌ្ឍដល់មូលដ្ឋានរបស់បងប្អូន ធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ក្នុងឱកាសនោះផងដែរ ខ្ញុំព្រះករុណាសូមបញ្ជាក់បន្ថែម ក៏ដូចជាការប្តេជ្ញាចិត្ត និងជំហរាជរដ្ឋាភិបាល ដរាបណារាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងមិនអនុញ្ញាត ឱ្យមានការឈ្លានពាន ឬ បាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត ទោះមកពីទិសណាក៏ដោយ។ យើងនៅតែប្តេជ្ញាចិត្ត ដើម្បីថែរក្សាសុខសន្តិភាព ដាច់ខាតទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌ពីក្រុមជ្រុលនិយមណាមួយឡើយ ទោះក្នុង និងក្រៅប្រទេសក្តី។
ខ្ញុំសូមអរគុណពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍប្រទេស និងថែរក្សាការពារសុខសន្តិភាព៕SRP

