Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៤

ភ្នំពេញ៖ឯកឧត្តម មាស សុភ័ណ្ឌ ប្រធាន​ក្រុមអ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានផ្តល់បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមក្នុង​ពិធី​ចូល​កាន់​តំណែង​​របស់ ឯកឧត្តម Prabowo Subianto ​ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka  ជាអនុប្រធានាធិបតីថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាក្រកម្ពុជា នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់​ឯកឧត្តមប្រធានាធិបតី Joko Widodo  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញចូលរួម​ពិធីចូលកាន់តំណែង​របស់ ឯកឧត្តម Prabowo Subianto  ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka  ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។

ដំណើរអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជីញអមដំណើរសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសនេះរួមមាន៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ក្រសួងការពារជាតិ, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ, ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​បេសកកម្ម​ពិសេស, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  រួមនឹង ឯកឧត្តមរដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

ក្រៅពីចូលរួមកម្មវិធីខាងលើ សម្តេចបវរធិបតី ក៏នឹងទទួលជួប​ពិភាក្សា​ការងារជាមួយនឹង​ឥស្សរជនបរទេសមួយចំនួន​ផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ធ្វើមាតុភូមិនិវត្តន៍​មកដល់​ព្រះរាជាណាកម្ពុជា​វិញ នាល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៤

ខេត្តសៀមរាប៖អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើម ដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេន ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ទទួលចំនួនជាង ៤៧លានរៀល។

ការដង្ហែរនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
ស្ថិតវត្តព្រះព្រហ្មរ័ត្ន ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានប្រមូលបច្ច័យ សម្រាប់ធ្វើចង្ហាន់ព្រះសង្ឃ ជួសជុលលម្អ កុដិ សាលា ទីសេនាសនសង្ឃ និង រៀបចំបរិស្ថាន សួនច្បារ បរិវេណវត្តក្នុងទីអារាមក្រោមការចូលរួមពីម្ចាស់ត្រ័យ ដូនជីតាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករផងដែរ។

ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដិកាថា បច្ច័យ ដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ព្រះសង្ឃ បច័្ចយមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អ កុដិ សាលា ទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារ ស្ថិតនៅក្នុងវត្តព្រះព្រហ្មរ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២៤

ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានបញ្ជាក់ថាសម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ ​នៅក្នុងអាស៊ាន និងលើសកលលោក។ ឯកឧត្តម ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។

លោកបញ្ជាក់ដូច្នេះនៅថ្ងៃសុក្រ នេះ ក្នុងឧកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចតេជោ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ​ និងសមាជិកគណប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយទស្សនកិច្ចនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស រដ្ឋាភិបាលទាំងពីរ រវាងរណសិរ្សនៃប្រទេសទាំងពីរ និងរវាងប្រជាជន និងប្រជាជន។

សម្តេចតេជោ បានអបអរសាទរសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែល ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពីសប្តាហ៍កន្លងមក ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចតេជោ ក៏បានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផលជោគជ័យថ្មីមួយទៀតនៃទំនាក់ទំនងរវាងរណសិរ្យអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤-២០២៨។

ឯកឧត្តម Sinlavong Khoutphaythoune បានសម្តែងនូវការគោរពដឹងគុណ និងអរគុណសម្តេចតេជោ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ។

ឯកឧត្តម ក៏បានជម្រាបសម្តេច ពីជំនួបជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជាដ៏អស្ចារ្យរបស់សម្តេច ដែលអាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសដែលមានភាគីច្រើន មកជាប្រទេសដែលមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំងប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងខ្លាំងពីឯកឧត្តម ថងលូន ស៊ីសុលីត ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ ជូនសម្តេចតេជោ​ផងដែរ។ ឯកឧត្តមប្រធានរដ្ឋ បានផ្តាំគោរពអរគុណ ដែលគណៈប្រតិភូថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងចន្ទន៍កន្លងមក ហើយកាលពីម្សិលមិញនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចរដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) នៅទីក្រុងវៀងចន្ទន៍ផងដែរ។ នេះគឺជាការផ្តល់កិត្តិយសដ៏ធំធេង ពីសំណាក់មិត្តកម្ពុជា ដល់ប្រទេសឡាវ។

ឯកឧត្តមប្រធាន បានជម្រាបសម្តេចតេជោ ពីសមិទ្ធផលនៃទំនាក់ទំនងរវាងរណសិរ្សនៃប្រទេសទាំងពីរកន្លងមក ក៏ដូចជាភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។ ឯកឧត្តម បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានចំនួន៨ប្រការសំខាន់ៗ ដោយបញ្ជាក់ពីការសាមគ្គីភាពស្អិតល្មួត និងការប្តេជ្ញាចិត្តថែរក្សាពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ដែលបានកសាងតាំងពីយូរលង់មកហើយ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តមប្រធាន បានស្នើសុំអនុសាសន៍ ក៏ដូចជាសូមស្តាប់នូវបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោ និងឯកឧត្តម វង្ស វិហាន ជាមេដឹកនាំដែលមានភាពល្បីល្បាញចំពោះទស្សនៈវែងឆ្ងាយ ស៊ីជម្រៅ និងការដាក់ចេញយុទ្ធសាស្រ្ត និងយុទ្ធវិធីដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។ ឯកឧត្តម បានបន្តទៀតថា ឯកឧត្តមនឹងកត់ចំណាំរាល់អនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសបង្ហាញផ្លូវក្នុងការដឹកនាំរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជាពិសេស ក្នុងការរៀបចំផែនការទៅថ្ងៃអនាគត ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋឡាវ ដែលជាមិត្តភក្តិរបស់សម្តេច។

សម្តេចតេជោ បានសម្ដែងការរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរនេះ។ កម្ពុជា-ឡាវនឹងប្រារព្ធខួបទី ៧០ឆ្នាំនៃទំនាក់ទំនងនេះ នៅ​២ឆ្នាំទៀត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងជាងពាក់កណ្ដាលនៃទំនាក់ទំនងនេះ ពោលគឺចាប់ពីឆ្នាំ ១៩៧៩មក ។ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើង ក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។
សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ ​បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និង ស្តែងឡើងច្រើនរូបភាព,​ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបាន​ជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង​កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ ​សម្រាប់ប្រើប្រាស់ក្នុងប្រទេស និង​បញ្ជូន​ទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន។
សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹក តាមរយៈឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជូនឯកឧត្តម ថង លូនស៊ីសុលីត ប្រធានរដ្ឋឡាវ ផងដែរ។

ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឯកឧត្តមសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ។
ឯកឧត្តមប្រធាន ក៏បានអបអរសាទរប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាពិសេស ការអភិវឌ្ឍទីក្រុង ដែលមានបែបផែន និងការគ្រប់គ្រងយ៉ាងត្រឹមត្រូវទាំងរាជធានីភ្នំពេញ និងបណ្តាក្រុងធំៗផ្សេងទៀត ​ហើយ​ ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តទៅធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ នាពេលបន្ទាប់ទៀត។

ជាចុងក្រោយ សម្តេចតេជោ ​បានជូនពរឯកឧត្តមប្រធាន និងគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តព្រះសីហនុ និងសូមធ្វើដំណើរតាមផ្លូវល្បឿនលឿនរបស់កម្ពុជា ដែលនឹងប្រើរយៈពេលខ្លី ងាយស្រួល និងមានសុវត្ថិភាព ព្រមទាំងស្នាក់នៅកម្ពុជាដោយក្តីរីករាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២៤

ខេត្តសៀមរាប៖លោកណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៏ទេសចរណ៏សៀមរាប-អង្គរ (គ.អ.ទ.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តីបានជម្រាបជូនអង្គសិក្ខាសាលាថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសនៃពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា «នៅឆ្នាំ២០២៥ពេញ១ឆ្នាំ ទាំងរដូវកាលភ្ញៀវតិច (Low season) និងរដូវកាលភ្ញៀវច្រើន (HighSeason) ត្រូវរៀបចំផែនការធ្វើយ៉ាងណា ដើម្បីផ្គុំកម្លាំងទាញឱ្យបានច្រើន ហើយដាក់ទិសដៅខេត្តសៀមរាប ទាញភ្ញៀវមកសៀមរាប គឺទាញមកស្រុកខ្មែរទាំងមូល នេះជាអ្វីដែលយើងត្រូវធ្វើនិងដាក់ទិសដៅជាក់ស្តែងតែម្តង» និងស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ជូនលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. ក្នុងរៀបចំវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឱ្យបានឆាប់។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំនូវឯកសារសំខាន់ៗចំនួន២៖ ទី១. សេចក្តីព្រាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី «ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» និងទី២. «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។

សូមជម្រាបថា សិក្ខាសាលានេះ មានគោលបំណងពិគ្រោះយោបល់កម្រិតជំនាញជាមួយតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋានដោយផ្តោតសំខាន់លើការដាក់ចេញវិធានការ និងសកម្មភាពអាទិភាព សំដៅស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប និងកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ភ្នំពេញ៖ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ច បានឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនThanathorn International.co.,Ltd។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីការឆែកឆេរ សមត្ថកិច្ចចំរុះ បានរកឃើញនូវផលិតផល ធូបមូសម៉ាកRangerក្លែងក្លាយចំនួន ១.៤៥៨កេស ស្មើនិង ១៥.៥១៤គីឡូក្រាម  និងសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។

សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ច
បាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តប៉ៃលិន៖យ៉ាងហោចណាស់មនុស្សចំនួន៧នាក់ត្រូវបានចាប់ខ្លួន ករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក។

ការចាប់ខ្លួននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។

ជនសង្ស័យរួមមាន៖ *ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន

*ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន

*ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)

*ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន

*ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន

*ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ

*ទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់បន្ដ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់បន្ថែមថា ករណីនេះ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយា របស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោក វរសេនីយ៍ឯក ឆាន គីលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តបន្ទាយមានជ័យ៖កម្ពុជាបានបណ្ដេញជនជាតិថៃ១១នាក់ ស្រី ០៥នាក់ ចេញពីកម្ពុជាដោយហេតុពីបទលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់។

ការបណ្ដេញចេញពីកម្ពុជាធ្វើឡើងនៅពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រកាស ជូនដំណឹងស្តីពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក “ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤។ 

នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខា ថ្ងៃទី 17 ខែតុលា ឆ្នាំ 2024 នេះ ដោយលោកប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេច​ធិបតីហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃរាជ​រដ្ឋាភិបាល​ នៅថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ បានចេញ​អនុក្រឹត្យ​លុបឈ្មោះ​នាយទាហាន​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កងយោធពលខេមរភូមិន្ទ​ចំពោះ​ វរសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ អត្តលេខ​ ១៩៧៣៩២​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២៤

ខេត្តព្រះវិហារ៖បេន អ្នកការពារព្រៃឈើនៅខេត្តព្រះវិហារ នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡាន។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុបំភ្លឺមានស្នាមមេដៃ ដោយអះអាងថា ករណីនាំឲ្យដែលកើតឡើង ដោយសារ ឈ្មោះ កោះ សៀម កាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម ខណៈ លោក ប៉ាល់ ឆោម និងឈ្មោះ សុខ ឡូ ទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទូរស័ព្ទខលមកកាន់ បេន ដេវីស ដើម្បីសុំអោយលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។

សុំជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។

ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តព្រះវិហារ៖ពលរដ្ឋបានប្ដឹងក្រុមបេន បន្ទាប់ពីធ្វើសកម្មភាព សាហាវព្រៃផ្សៃបំផុត! នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡានដូចក្រុមចោលចាប់ជម្រិត។

ខេត្តព្រះវិហារ៖ហេតុការណ៍ដ៏ឃោរឃៅបែបនេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។ ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់ផងដែរ។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024។

ក្រុមជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១ បេន ដាវីត ភេទប្រុស
២ ប៉ាល ឆោម ភេទប្រុស
៣ សុខ

៤ ធាង សុធា ភេទប្រុស អាវុធហត្ថ
៥ សឿង សារុន ភេទប្រុស អាវុធហត្ថ
៦ ជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណ

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមលោក បេន នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។

លោកក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់បងប្អូន។ ម៉្យាងទៀតរាល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ដែលក្រសួងបានធ្វើរួចផ្តល់ឱ្យគឺត្រូវធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។  

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបក៏បានបន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាតឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌ ភាពតាមទីប្រជុំជន ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិដែលបានឆ្លងកាត់។  

លោក លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកមានប្រសាសន៍បែបនេះក្នុងឱកាស បើកកិច្ចប្រជុំសាមញ្ញលើក៥របស់ខ្លួននៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×