អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍមរីកចម្រើនទៅមុខទៀត ជាពិសេសសូមនាំគ្នាទៅបោះឆ្នោត តំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ផងដែរ។
អភិបាលខេត្តកំពង់ចាម បានអះអាងថា បងប្អូនអាជីវករផ្សារធំជាង ៣០០តូប ទទួលបានដំបូលថ្មី ប្រមាណជា ៣០០០ម៉ែត្រការ៉េ ពីសម្តេចតេជោ ហ៊ុន សែន។
លោកថ្លែងបែបនេះក្នុងពេលប្រកាសជូនដំបូលផ្សារដល់អាជីវករផ្សារធំ ក្រុងកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីមើលឃើញនូវការលំបាក របស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់នោះ រដ្ឋបាលខេត្ត ក៏បានស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន ដេីម្បីរៀបចំការសាងសង់ដំបូលផ្សារផ្សារធំនេះ ក្នុងទំហំប្រមាណជាង ៣០០០មែត្រការ៉េ ដែលមានជាង ៣០០តូបលក់ដូរ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ទៀតថា ផ្សារទាំង៣ក្នុងក្រុងកំពង់ចាមនេះ គឺផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ត្រូវបានគ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើស ឡើងដោយបងប្អូនអាជីវករ អ្នកលក់ដូរ ក្នុងផ្សារនីមួយៗដោយផ្ទាល់នាពេលកន្លងមក។ គេសង្កេតឃើញថា ការគ្រប់គ្រងផ្សារ មានសណ្តាប់ធ្នាប់ និងអនាម័យ ហេីយការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន និងអភិវឌ្ឍន៍ ដោយចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវបានយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់គណៈអាជីវករ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បីយកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុងការកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ៕


