Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តសៀមរាប

ប៊ុន វិចត្រ 8 December 2025 · Image
···

ពីធីបុណ្យសម្ពោធឆ្លងឈាបនដ្ឋាន និងសមិទ្ធផលនានា ក្នុងបរិវេណវត្តតាហង្សសរ៉ារាម

ខេត្តសៀមរាប៖ឈាបនដ្ឋានដែលជាសមិទ្ឋផលថ្មី ក្នុងបរិវេណវត្តតាហង្សសរ៉ារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមព្រះវត្តមាន ព្រះព្រហ្មវិមុត្តិ បណ្ឌិត ម៉ក ប៉ឹង អគ្គធម្មោ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការ វត្តព្រះអង្គទ្រង់ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តតាហង្សសរ៉ារាម និងឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិ និងលោកជំទាវ គាត សុថាវី និងលោក ថាន់ ហឹក អភិបាលរងស្រុកពួក តំណាងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក លោកស្រី គឹម សុគន្ធី មេឃុំព្រៃជ្រូក លោក ឡុក វួន មេឃុំស្រណាល ភូមិចំណុះជើងវត្តទាំង៦ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជជើងវត្តផងដែរ។

ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តមានថេរដីកាថា៖ សមិទ្ឋផលទាំងអស់នេះសាងសង់រយៈពេលមួយឆ្នាំ ដោយចំណាយថវិកាសរុបជិត៤ម៉ឺនដុល្លារអាមេរិកក្នុងនោះនៅខ្វះថ្លៃសម្ភារៈ និងថ្លៃជាងចំនួនជាង៣ពាន់ដុល្លារ បច្ច័យទាំងនេះបានពីការចូលរួមបរិច្ចាគរបស់ញាតិញោមជិតឆ្ងាយ និងបានពីការសន្សំ ប្រមូលពីកម្មវិធីបុណ្យនានាក្នុងវត្តនាពេលកន្លងមក។

លោក ថាន់ ហឹក អភិបាលរងស្រុកពួក បានសម្ដែងនូវការកោតសរសើរចំពោះ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ដែលបានដឹកនាំកសាងនូវឈាបនដ្ឋាន ព្រមទាំងសមិទ្ធផលនានា ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេចក្តីត្រូវការសម្រាប់មូលដ្ឋាននេះ។ ក្រៅពីសមិទ្ធផលខាងលើ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត ដែលបានកើតឡើង និងរីកចម្រើនជាលំដាប់ក្នុងអារាមនេះ។

អភិបាលរងស្រុកពួកបន្តថា៖ សមិទ្ឋផលទាំងនេះស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីដ៏ល្អប្រពៃ ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដែលផុសចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយបូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម និងការបណ្តុះព្រលឹងជាតិ។

សមិទ្ឋផលថ្មីៗនេះដែរ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា តួនាទីវត្តអារាមព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរពិតជាមានសារៈសំខាន់ណាស់ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគតផងដែរ។

ព្រះយសោធរញាណ ឡោម សុឈាត បានសម្តែងនូវបិតិសោមនស្សចំពោះហេដ្ឋារចនាសម្ព័ន្ឋថ្មីៗទាំងនេះ ថាពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង ជាពិសេសឈាបនដ្ឋាន ជាទីកន្លែងចុងក្រោយសម្រាប់បុគ្គលគ្រប់រូបបន្ទាប់ពីមរណកាលទៅ ដើម្បីក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យកុសលជូន ព្រោះសេចក្តីស្លាប់នេះពុំមាននរណាម្នាក់អាចគេចបានឡើយ នេះជាសច្ចភាពនៃជីវិតម្នាក់ៗ ហើយជាប្រការចាំបាច់ដែលវត្តអារាមត្រូវតែមានឈាបនដ្ឋានដើម្បីធ្វើឈាបនកិច្ច។

ឈ្លៀតឪកាសនោះ ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិថា ប្រទេសយើងមានការរីកចម្រើនសព្វបែបយ៉ាង និងមានភាពស៊ីវិល័យយ៉ាងសម្បូរបែប គ្រួសារខ្លះមានលទ្ឋភាពជួលរោងជួលមេរុដើម្បីបូជាសពសមាជិកគ្រួសារដែលទទួលមរណភាពក្តី តែក៏នៅមានគ្រួសារជាច្រើនត្រូវការវត្តអារាមសម្រាប់ធ្វើបុណ្យទាន និងទីកន្លែងដើម្បីធ្វើឈាបនកិច្ចដែរ។
ហេតុនេះសូមប្រជាពុទ្ឋបរិស័ទរក្សានូវសាមគ្គីធម៌ ជាពិសេស ការបណ្តុះគំនិតគិតរឿងគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្តគោរពស្រឡាញ់ សណ្តោសប្រណី និងការដឹងគុណអ្នកមានគុណទាំងឡាយដែលជាគុណធម៌របស់ពលរដ្ឋខ្មែរ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 8 December 2025 · Image
···

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រាក់ សោភ័ណក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតកាណាដាប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគតផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ស្វាគមន៍យ៉ាងដូច្នេះ នៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃចន្ទព្រឹកព្រឹកមិញនេះ ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា​ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍​ និងវិស័យពាណិជ្ជកម្មតាមរយៈការវិនិយោគពីបណ្តាក្រុមហ៊ុននានារបស់ប្រទេសកាណាដា​ លើសក្តានុពុលដ៏សម្បូរបែបនៃធនធានវប្បធម៌ និងធម្មជាតិរបស់ខេត្តសៀមរាប៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 5 December 2025 · Image
···

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥ នេះ ដើម្បីធានាបាននូវការអភិរក្សធនធានជលផលនៅបឹងទន្លេសាប។

លោកក៏បានជំរុញយ៉ាងមុតមាំដល់មន្ទីរជំនាញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ដូចជាប្រភេទត្រីកម្រ និងដែលជិតផុតពូជ និងរក្សាបាននូវធនធានជលផល ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រើប្រាស់យូរអង្វែង។ ជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ជាកេរមរតកបន្តដល់កូនចៅជំនាន់ក្រោយៗ។

លោកមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាស
តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ខេត្តសៀមរាបនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កម្លាំងចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមជាមួយកងកម្លាំងយោធា ក្រុមអន្តរាគមន៍ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលសរុបចំនួន ៤១៨ ករណី។ ក្នុងចំណោមករណីទាំងនោះ ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែង ៣៨០ ករណី, ពិន័យអន្តរការណ៍ ១៦ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ២២ ករណី និងឧបករណ៍ឈ្នាងអូសលៀសខុសច្បាប់ ៣១ ករណី៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 4 December 2025 · Image
···

ខេត្តសៀមរាប៖ក្នុងមួយយប់ៗត្រូវបានគេរាយការណ៍ថាមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំងខេត្តសៀមរាបយកទៅលក់នៅប្រទេសវៀតណាមដោយសមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាបគ្មានអ្នកទប់ស្កាត់ឡើយ។

ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។

យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកតែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។

ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។

យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

បើតាមមន្រ្តីយោធា, ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។

សូមជម្រាបថា ក្រៅពីឈ្មួញមានឈ្មោះខាងលើដែលរងការបង្ក្រាបក៏មានឈ្មួញជាច្រើនទៀតដែលសម្រុកដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំង ក្នុងនោះត្រូវបានគេទម្លាយដឹងថាមានឈ្មួញឈ្មោះយាយ សុខ គឺជាថៅកែជើងខ្លាំងក្នុងការប្រមូលទិញលៀសនៅតំបន់ឃុំកំពង់ឃ្នាំង រាប់សិបឆ្នាំមកហើយ។ ករណីយាយ សុខ ប្រមូលទិញលៀយ៉ាងគគ្រឹកគគ្រេងនៅឃុំកំពង់ឃ្លាំងបានដោយរលូនបែបនេះសមត្ថកិច្ចជំនាញនៅតំបន់នោះហាក់មិនអើពើទប់ស្កាត់បង្ក្រាបនោះទេ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 2 December 2025 · Image
···

ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន

ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។

សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 1 December 2025 · Image
···

គ្រឹះស្ថានអង្គរ រកប្រាក់ចំណូលបានជាង ៤០លានដុល្លារ ពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានបង្ហាញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រដើរទស្សនារមណីយដ្ឋានអង្គរចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ថយចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

របាយការណ៍ដដែលក៏បានបង្ហាញថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាមេរិក ថយចុះជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ ផងដែរ៕

អត្ថបទ៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 30 November 2025 · Image
···

ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង
‎
‎ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារយុត្តិធម៌ ជាពិសេសការងារអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាព។
‎
‎ឯកឧត្តម កើត រិទ្ធ បានជំរុញដោយផ្ដោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។ ត្រូវពង្រឹងគុណភាពនៃការចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី។ ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម សាលដីកាឱ្យបានឆាប់រហ័ស ត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
‎
‎ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមមួយចំនួនទៀត ដោយក្នុងនោះ ត្រូវបន្តចូលរួមយ៉ាងសកម្ម និងស្វាហាប់ ក៏ដូចជាផ្ដល់កិច្ចសហការពេញលេញ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជាមួយគ្នានេះ ក៏សូមឱ្យមន្ត្រីទាំងអស់ ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន និងត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
‎
‎ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយបញ្ហា ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។
‎
‎សូមជម្រាបថា ឯកឧត្តម សៀង សុខ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ដែលត្រូវផ្លាស់ប្ដូរទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
‎
‎មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងអយ្យការអមសាលាដំបូងខេត្ត ដែលកន្លងមកមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យខេត្តសៀមរាប ទទួលបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរព្រមទាំងបានសម្រេចស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ៕SRP
‎
‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ អ៊ុន ណារាជ្យ
ដោយមន្ទីរព័ត៌មានខេត្តសៀមរាប

❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page404 Next →
© 2026 srpostnew.com. All Rights Reserved!