ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ ដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធ ទី 20 ខែធ្នូឆ្នាំ 2023 វេលាម៉ោង 22 និង 50 នាទីលើផ្លូវជាតិលេខ ០6 ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 340-341ភូមិគោករុន ឃុំសរស្ដម្ភ ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចណ៍នេះរថយន្តមិនស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (ក្រោយពេលកើតហេតុបើរត់គេចពីកន្លែងកើតហេតុបាត់) បើកបរមានទិសដៅពីកើត ទៅលិច បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ 2019 ពាក់ផ្លាកលេខសៀមរាប1AF-9557 បើកបរដោយឈ្មោះ យឿន មេសា ភេទប្រុស អាយុ29ឆ្នាំនៅភូមិត្រគៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (មានពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពីកើតទៅលិច។
សមត្ថកិច្ចបន្តថាក្រោយពេលបុកហើយជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ បានដួលទៅលើទ្រូងផ្លូវ ក៏មានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកមិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បើបរទិសដៅពីលិចទៅកើត បានជាន់ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់តែម្ដង រួចបានបើរត់ចេញពីកន្លែងកើតហេតបាត់។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះយឿន មេសា ខូចខាតម៉ូតូ01គ្រឿងមធ្យម។ ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសស្ដម្ភ ចុះទៅវាស់វែង ស្រាវជ្រាវរករថយន្តបង្កគ្រោះថ្នាក់។ ឯប្រគល់សាកសព អោយក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុ : រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕


