ខេត្តបាត់ដំបង៖មានការលើកឡើងថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង នៅចំណុចភូមិអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រើអំណាចឲ្យកូនចៅរបស់ខ្លួនគាបយកលុយពីអាជីវករដឹកទំនិញ តាមតែអំពើចិត្តជាហេតុនាំឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំង។
ក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទ តាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានយកថយន្តជិត១០០គ្រឿង បិទផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យគយនិងរដ្ឋាករដូងបង្កឲ្យមានការកកស្ទះ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការដែលក្រុមអាជីវកលើកគ្នាតវ៉ាបែបនេះដោយសារតែទ្រាំពុំបានទៅនឹងអំពើគាបសង្កត់យកលុយពីក្រុមគយនិងរដ្ឋាករដូង ក្រោមមើលការខុសត្រូវរបស់លោកអ៊ុំ ចាន់រតនា ជាមេកើយ។ ក្រោយពីមានករណីបែបនេះគេឃើញលោក ភូ ភា អភិបាលរងអភិបាលរងខេត្តបាត់ដំបង ចុះមកជួយសម្របសម្រួល រកដំណោះស្រាយឲ្យក្រុមអាជីវករនិងលោក ប្រធានការិយាល័យគយនិងរដ្ឋាករដូង។
ប្រភពបានបន្តថាមូលហេតុដែលក្រុមឈ្មួញរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទតាមរថយន្តសាំយ៉ុង.រថយន្តកូរ៉េលើកគ្នាមកតវ៉ា គឺដោយសារតែខាងការិយាល័យគយនិងរដ្ឋាករដូងដែលមានលោកអ៊ុំ ចាន់រតនា ជាប្រធានគយ ប្រើអោយកូនចៅក្រោមឱវាទទារបង់ពន្ធពីក្រុមឈ្មួញយកថ្លៃកប់ពពក។
ក្រុមអាជីវករបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖សព្វថ្ងៃលោកអ៊ុំ ចាន់រតនា កំពុងប្រើអំណាចរបស់ខ្លួនគាបឲ្យពួកគាត់បង់លុយក្បាលឡាន ក្នុងមួយរថយន្តសាំយ៉ុង(២០ម៉ឺនរៀល)។ដោយឡែករថយន្តកូរ៉េប្រភេទ២តោនកន្លះ តម្រូវអោយបង់ប្រាក់ ១២០,០០០០ (មួយលានពីរសែនរៀល)ដោយពុំមានចេញវិក្កយបត្រអ្វីទាំងអស់។
ប្រភពពីក្រុមអាជីវករបានបន្តថាកាលពីដើមឡើយគឺបង់ជាធម្មតា គឺក្នុងមួយរថយន្តសាំយ៉ុងខាងការិយាល័យគយនិងរដ្ឋាករដូង តម្រូវអោយបង់ប្រាក់ក្បាលឡាន(៣ម៉ឺនរៀលទៅ៤ម៉ឺនរៀល) សម្រាប់រថយន្ត២តោនកន្លះ តម្រូវអោយបង់តែ(១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលប៉ុណ្ណោះ)ហើយករណីនេះពុំមានចេញវិក្កយបត្រ ឲ្យពួកគាត់នោះទេ។
សូមជម្រាបថាក្រោយពីលោក ភូ ភា ដឹកនាំក្រុមឈ្មួញទាំងនោះចូលទៅក្នុងការិយាល័យគយនិងរដ្ឋាករដូង ដើម្បីរកដំណោះស្រាយដោយសម្រេចទី១ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង សម្រេចអោយក្រុមឈ្មួញរកស៊ីដឹកផ្លែឈើ និងដឹកទំនិញគ្រប់ប្រភេទបង់ពន្ធលើក្បាលរថយន្តសាំយ៉ុងជាធម្មតាវិញក្នុងមួយគ្រឿង។ ចំពោះការស្នើសុំរបស់អាជីវករ ខាងគយនិងធ្វើពាក្យស្នើសុំទៅថ្នាក់លើសិន បើខាងថ្នាក់លើសម្រេចអោយបង់ពន្ធបែបណានឹងចាំនិយាយគ្នាពេលក្រោយបន្តទៀត។ ទោះជាយ៉ាងណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេជុំវិញការចោទប្រកាន់ពីអាជីវករខាងលើនេះ។
មានការលើកឡើងបន្ថែមថានៅច្រកដូងស្រុកកំរៀងមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ក្នុងនោះត្រូវបានគេទម្លាយថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងឃុបឃិតគ្នាជាមួយកូនចៅប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងទំនិញគ្រប់ប្រភេទចេញពីប្រទេសថៃ តាមតែអំពើចិត្តដោយពុំមានចេញ វិក្កយបត្រ ឲ្យក្រុមឈ្មួញទាំងនោះទេ អាចជាហេតុនាំឲ្យបាត់បង់ថវិកាចូលរដ្ឋ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ដោយថវិកាទាំងនោះបានធ្លាក់ចូលទៅហោប៉ៅ របស់បក្ខពួករបស់តែប៉ុណ្ណោះ។ ដូច្នេះជាសារមួយជូនដល់លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចបើកការស៊ើបអង្គេតទៅលើលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងនិងបក្ខពួក ដែលកំពុងល្បីល្បាញប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាហេតុការណ៍តវ៉ារបស់ក្រុមអាជីវករនេះបានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ៕SRP